ភ្នំពេញៈ ក្រុមហ៊ុន Samaiden Group Berhad ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Management Venture Asia (Cambodia) Ltd. (MVA) បានចុះកិច្ចព្រមព្រៀងភាពជាដៃគូលើការអភិវឌ្ឍថាមពលស្អាត សម្រាប់ជាយុទ្ធសាស្ត្រពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាំង២ស្វែងរកសក្តានុពលវិនិយោគលើថាមពលស្អាត ដើម្បីចូលរួមចំណែកក្នុងផែនការអភិវឌ្ឍន៍ថាមពលរបស់ប្រទេសកម្ពុជា។
លោកស្រី Chow PuiHee នាយកគ្រប់គ្រងក្រុមហ៊ុនSamaiden បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនMVA នឹងអនុញ្ញាតឱ្យការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនចូលទៅក្នុងតំបន់បាន។
លោកស្រី Chow PuiHeeថ្លែងថា៖ «យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនMVA ដែលបានផ្តល់ឱ្យពួកគេនូវវត្តមានដ៏រឹងមាំរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ការពង្រីកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាផ្នែកមួយនៃផែនការរយៈពេល៥ឆ្នាំរបស់យើង ដោយសារតែការកើនឡើងចំនួនប្រជាជនក្នុងតំបន់ និងអត្ថប្រយោជន៍ភូមិសាស្ត្ររបស់ប្រទេសនេះ»។
លោកស្រីលើកឡើងថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូជាមួយក្រុមហ៊ុនMVA នឹងធានាថាផែនការពង្រីករបស់យើងនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្តោត។ យើងមានកិត្តិយសដែលមានក្រុមហ៊ុនMVA ជាដៃគូអាជីវកម្មរបស់យើងក្នុងការអភិវឌ្ឍថាមពលស្អាត នៅក្នុងប្រទេសមួយនេះ ដែលផ្តល់នូវបទពិសោធន៍ និងបណ្តាញដ៏ច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត»។
លោក Salah Essa នាយកក្រុមហ៊ុនMVA បានបញ្ជាក់ថា ភាពជាដៃគូនេះនឹងនាំមកនូវអ្នកជំនាញបន្ថែមទៀត សម្រាប់និរន្តរភាពនៃវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងទន្ទឹងរង់ចាំកិច្ចសហការនេះជាមួយក្រុមហ៊ុនSamaidenក្នុងអាជីវកម្មថាមពលកកើតឡើងវិញ និងនិរន្តរភាពក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា នឹងទាញយកបទពិសោធន៍ និងជំនាញក្នុងឧស្សាហកម្មរបស់ពួកគេ ដើម្បីធ្វើឱ្យការវិនិយោគរួមនេះទទួលបានជោគជ័យសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងស្របតាមគោលដៅប្រទេសឆ្ពោះទៅរកគោលនយោបាយ កាបូនសូន្យសុទ្ធត្រឹមឆ្នាំ២០៥០»។
MVA ដែលជាក្រុមហ៊ុនប្រឹក្សាធុរកិច្ច និងជាក្រុមហ៊ុនបង្កើតគម្រោងថាមពលស្អាត ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានចូលរួមជាចម្បងក្នុងការសម្រួលដល់ការវិនិយោគរួម និងនាំយកផលិតផលនានាទៅកាន់ទីផ្សារ និងស្រាវជ្រាវទីផ្សារទូទាំងអាស៊ី។
ក្រុមហ៊ុននេះ បានបញ្ចប់ដោយជោគជ័យក្នុងការអភិវឌ្ឍគម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ២០មេហ្គាវ៉ាត់នៅក្រុងបាវិត ដែលគម្រោងនេះត្រូវបានផ្តល់កិច្ចសន្យាទិញថាមពលដោយអគ្គិសនីកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៩៕