ភ្នំពេញៈ ប្រទេសកម្ពុជា រកចំណូលបានជាង ៣ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ទីផ្សារក្នុងតំបន់ដូចជាទីផ្សារចិន និងកូរ៉េខាងត្បូងដែលបានបើកទីផ្សារកាន់តែធំដល់កសិផលកម្ពុជាដោយរួចពន្ធនាំចូល តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទើបចូលជាធរមាន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ចេញផ្សាយកាលពីថ្ងៃទី ២០ ធ្នូ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ រយៈពេល ១០ ខែ ឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ៣ ០៦៩ ៩៧២៣៤៩ ដុល្លារអាមេរិក។ សម្រាប់ការនាំចេញទាំងនោះរួមមានការនាំចេញអង្ករមានបរិមាណចំនួន ៥០៩ ២៤៩ តោនកើនឡើង ១០.៦៧% មានទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ ដុល្លារ; ការនាំចេញស្រូវមានបរិមាណ ២ ៤៤០ ១១២ តោន ថយចុះ ៨,២៧% មានទឹកប្រាក់ ៤៩២៩០២ ៦២៤ ដុល្លារ។
ចំណែកការនាំចេញកសិផលក្រៅពីស្រូវអង្ករមានបរិមាណ ៤ ៦៦៩ ៩៧៤ តោនកើនឡើង ១០,៦៣% មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែធ្នូថា លោកសង្កេតឃើញថា ការដាំដុះបានបន្តរក្សាបានកំណើនជារៀងរាល់ឆ្នាំ ដែលជាការបើកលទ្ធភាពឱ្យកម្ពុជាធ្វើការនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស បានកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ផងនោះបានបើកទីផ្សារកាន់តែទូលាយសម្រាប់ការនាំចេញកសិផលរបស់កម្ពុជា។
លោកបានថ្លែងថា៖ «ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺយើងទទួលបានការរួចពន្ធច្រើនសម្រាប់ផលិតផលកសិកម្មរបស់យើង ហេតុដូច្នេះហើយ យើងបានកំពុងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនក្នុងការជំរុញការដាំដុះ និងការនាំចេញ។ លើសពីនេះទៅ ទៀតខ្ញុំសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់យើងក៏ផលិតតម្រូវទៅតាមទីផ្សារនាំចេញផងដែរ ដូចជា ស្រូវ អង្ករ ពោត ស្វាយ ផ្លែចេក គឺកាន់តែមានគុណភាពល្អសម្រាប់ការនាំចេញ»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានធ្វើការអភិវឌ្ឍវិស័យផលិតកម្មកែច្នៃ និងបានពង្រឹងនូវគុណភាពកសិផលរបស់ខ្លួនបានច្រើនដើម្បីតម្រូវទៅតាមទីផ្សារនាំចេញ។
លោកបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថាវិស័យកែច្នៃរបស់យើង ក៏បានកំពុងទាក់ទាញវិនិយោគិនច្រើនផងដែរ ដែលបានចូលរួមចំណែកក្នុងការផ្តល់សក្តានុពលក្នុងការបង្កើតការងារដល់កសិករ និងផ្តល់ចំណូលដល់ពួកគាត់ផងដែរ»។
ជាមួយនឹងកំណើននៅក្នុងវិស័យកសិកម្មនេះ លោក លឹម ហេង បានលើកឡើងនូវទស្សនទានមួយចំនួនដើម្បីរក្សានិរន្តរភាព និងកំណើនវិស័យកសិកម្មក្នុងស្រុកបាន ចាំបាច់ត្រូវបង្កើនទីផ្សារនាំចេញ រួមមានជំរុញ និងបង្កើនការនាំចេញលើផលិតផលកសិកម្ម ឱ្យអស់លទ្ធភាព, បែបបទនៃការនាំចេញ-នាំចូលនៅច្រកចេញចូលតែមួយ, ការបែងចែកក្នុងការគ្រប់គ្រងការផលិត និងការនាំចេញរវាងស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់,ស្នើសុំលើកលែងពន្ធអាករនានា និងថ្លៃសេវាផ្សេងៗ, ពន្ធកាត់ទុកផ្សេងៗ និងពន្ធអាករបន្ថែម ១០ ភាគរយ; ថ្លៃសេវាលើឯកសារសាធារណៈ និងការផ្តល់សេវាសាធារណៈត្រូវតែផ្តល់នៅច្រកចេញចូលតែមួយនៅតាម ឃុំ សង្កាត់ និងការផ្ដល់តាមរយៈអនឡាញជាដើម៕