ភ្នំពេញៈ ក្រុមហ៊ុន Royal Railway PLC ដែលជាបុត្រសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនពហុវិស័យ Royal Group បានបោះផ្សាយមូលបត្របំណុលជុំទី២ របស់ខ្លួនក្នុងតម្លៃ ២៤ លានដុល្លារនៅលើផ្សារហ៊ុនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើនជាបន្តបន្ទាប់នៃបណ្តាញផ្លូវដែកនៅកម្ពុជា។
ការចុះបញ្ជីទី២ ជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូ ក្រោមការធានាដោយក្រុមហ៊ុន Guarant Co ដែលជាផ្នែកមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន ដើម្បីគាំទ្រការផ្តល់ចំណាត់ថ្នាក់ឥណទានខ្ពស់សម្រាប់វិនិយោគិន។ ការចុះបញ្ជីទី១ របស់ក្រុមហ៊ុនគឺនៅថ្ងៃទី ៣០ ខែតុលា ដោយប្រមូលមូលនិធិបាន ១០ លានដុល្លារ។
លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group បានឱ្យដឹងថា ទឹកប្រាក់ចំនួន ២៤ លានដុល្លារដែលបានចុះបញ្ជីមូលបត្របំណុលនេះខ្លួននឹងអភិវឌ្ឍជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដើម្បីគាំទ្រដល់ការកើនឡើងនូវតម្រូវការដឹកជញ្ជូនរបស់កម្ពុជាតាមរយៈការបង្កើនសមត្ថភាពការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងការចំណាយទាប។
លោកបញ្ជាក់ថា៖ «មូលបត្របំណុលនេះ គឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំសម្រាប់ការរីកចម្រើនផ្លូវដែក បន្ថែមសេវាកម្មថ្មី»។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារហ៊ុនកម្ពុជា (CSX) បានឱ្យដឹងថា ជាមួយនឹងការចុះបញ្ជីជាលើកទី២ របស់ Royal Railway គឺឆ្លុះបញ្ចាំងពីការទុកចិត្តរបស់ក្រុមហ៊ុនឯកជន ក្នុងការប្រមូលមូលនិធិពីទីផ្សារមូលធនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។
លោកថ្លែងថា៖ «យើងអបអរសាទរចំពោះ Royal Railway ដែលបានសម្រេចចិត្តប្រមូលមូលនិធិបន្ថែមពីទីផ្សារមូលធនដើម្បីជាប្រភពមូលនិធិសម្រាប់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។ យើងឃើញថា ឥឡូវនេះមានក្រុមហ៊ុនធំៗជាច្រើនកំពុងតម្រង់ជួរសម្រាប់ការចុះបញ្ជីនៅផ្សារហ៊ុននៅឆ្នាំក្រោយនោះគឺជាសញ្ញាល្អ សម្រាប់ការអភិវឌ្ឍទីផ្សារមូលធនយើង»។
លោក ស៊ូ សុជាតិ និយតករមូលបត្រកម្ពុជា (SERC) បានឱ្យដឹងថា នេះជាការចុះបញ្ជីមូលបត្របំណុលទី ២ ដែលចុះបញ្ជីដោយ Royal Railway លើទីផ្សារមូលបត្រកម្ពុជា ដែលប្រាក់ចំណូលនឹងត្រូវប្រើប្រាស់ដើម្បីបន្តការអភិវឌ្ឍ និងពង្រីកទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «មូលបត្របំណុលនេះគឺជាមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធមុនដំបូងគេដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា។ វាមានលក្ខណពិសេសជាច្រើនដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរដើម្បីដឹកនាំការផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតតាមរយៈទីផ្សារមូលធនក្នុងស្រុកក្នុងប្រទេស។ មូលបត្របំណុលក៏កំណត់ផងដែរនូវគោលដៅមួយដែលបានផ្តល់ការវាយតម្លៃ Kh-AAA ដោយទីភ្នាក់ងារវាយតម្លៃដែលបានបង្កើតឡើងថ្មីនៃ Rating Agency (Cambodia) Plc (ខេមបូឌា) ភីអិលស៊ី។
យោងតាមក្រុមហ៊ុន វិនិយោគិនមូលបត្របំណុលរួមមាន Prudential (Cambodia), Life Assurance Plc និង Manulife (Cambodia) Plc ហើយបណ្ណបំណុលត្រូវបានវាយតម្លៃ Kh-AAA Rate Agency of (Cambodia) Plc ដោយទីភ្នាក់ងារវាយតម្លៃ (ខេមបូឌា) ភីអិលស៊ី។
មូលបត្របំណុលទី២ នេះក៏សម្រេចបាននូវមូលបត្របំណុលដំបូងគេមួយចំនួននៅប្រទេសកម្ពុជាផងដែរទាក់ទងនឹងការក្លាយជាមូលបត្របំណុលរយៈពេល ១០ ឆ្នាំដំបូងក្នុងទីផ្សារ ដែលជាគន្លឹះសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដើម្បីផ្គូផ្គងបំណុលពួកគេ។
ក្រុមហ៊ុន Royal Railway PLC គឺជាសមាជិកមួយ ដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Royal Group។ វាគឺជាប្រតិបត្តិករផ្លូវដែករបស់ជាតិតែមួយនៅកម្ពុជា។ Royal Railways ផ្តល់សេវាកម្មប្រកួតប្រជែងរួមមានការដឹកជញ្ជូនកុងតឺន័រ ប្រេងឥន្ធនៈ រថយន្តថ្មី ថ្ម និងស៊ីម៉ងត៍។ ក្រុមហ៊ុនក៏ផ្តល់សេវារត់ការគយ និងឃ្លាំងផ្ទុកទំនិញផងដែរ។ ការដឹកជញ្ជូនតាមផ្លូវដែកបានជាង ៨៣៥ ០០០ តោនសម្រាប់រយៈពេល ១១ ខែនៃឆ្នាំ ២០២២។ រថភ្លើងដឹកអ្នកដំណើរប្រតិបត្តិការ ៧ ថ្ងៃក្នុង ១ សប្តាហ៍ទៅកាន់ខេត្តព្រះសីហនុ និងបាត់ដំបងដឹកអ្នកដំណើរបានជាង ៨ ០០០ នាក់ ក្នុង ១ ខែ៕