ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលចុះបញ្ជីនៅផ្សារហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលពីអាជីវកម្មរបស់ខ្លួន សម្រេចបានជាង ៣៧ លានដុល្លារ សម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំនេះ កើនឡើង ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកបង្កឡើងដោយជំងឺកូវីដ១៩ ដែលអូសបន្លាយពេលវេលាយូរនិងវិបត្តិនៅប្រទេសអ៊ុយក្រែន។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុមិនទាន់ធ្វើសវនកម្ម ធ្វើឡើងដោយសហគ្រាសរដ្ឋដែលបានចុះបញ្ជីជាសាធារណៈផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ១២ ខែធ្នូ ប្រតិបត្តិការកំពង់ផែមានទឹកប្រាក់ជាង ២៩ លានដុល្លារ (កើនឡើង ២០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) បន្ទាប់មកគឺចំណូលពីអាជ្ញាធរផែ បានកើនឡើងជាង ៣,៧៨ លានដុល្លារ កើនឡើង ១៧ ភាគរយ និងចំណូលពីសេវាកម្មផ្សេងទៀតមានចំនួន ២៧២ ៦៣២ ដុល្លារ ធ្លាក់ចុះ ១១ ភាគរយ ខណៈពេលដែលចំណូលពីប្រភពផ្សេងទៀតមា នជាង ៣,៨ លានដុល្លារកើនឡើង ៥៥ ភាគរយ។
PPAP បានឱ្យដឹងថា ចំនួននាវាផ្ទុកទំនិញដែលបានចូលចតនៅកំពង់ផែរបស់ខ្លួនក្នុងអំឡុងខែមករា ដល់ ខែវិច្ឆិកា បានកើនឡើង ៥៤,៧៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៣,២៧១ ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈ ឧស្ម័ន និងទំនិញបានកើនឡើង ៣,៥៨ ភាគរយ ដល់ជាង ៣,៦ លានតោន និងបរិមាណកុងតឺន័រឆ្លងកាត់បានកើនឡើង ២១,៤០ ភាគរយដល់ ៣៨៣,២៦១ TEUs (២០ ហ្វីតសមមូល) នាវាដឹកអ្នកដំណើរមានចំនួន៧៨កើនឡើង ៧៨ ភាគរយ និងអ្នកដំណើរចំនួន ៥ ០៧៥ នាក់កើនឡើង ៥ ០៧៥ ភាគរយ។
TEU គឺជាឯកតានៃសមត្ថភាពដឹកទំនិញដែលមិនជាក់លាក់ប្រើក្នុងឧស្សាហកម្មដឹកជញ្ជូនប្រហែលស្មើនឹងកុងតឺន័រមានវិមាត្រខាងក្នុងប្រវែងប្រហែល ២០ ហ្វីត ទទឹង ៨ ហ្វីត និងកម្ពស់ ៨,៥ ហ្វីត ឬបរិមាណប្រហែល ៣៨,៥ម៉ែត្រគុប។
លោក ហ៊ី បាវី បានឱ្យដឹងថា ជាមួយនឹងភាពប្រសើរឡើងនៃការរីករាលដាលជំងឺកូវីដ១៩ និងការបន្ធូរបន្ថយការរឹតបន្តឹងពីប្រទេសជាច្រើនជុំវិញពិភពលោក និងក្នុងតំបន់បានរួមចំណែកដល់កំណើនសកម្មភាពសេដ្ឋកិច្ច ដែលបណ្ដាលឱ្យសកម្មភាពអាជីវកម្មជាមួយកំពង់ផែនេះមានភាពប្រសើរឡើង។
លោកថ្លែងថា៖ «យើងមើលឃើញថាសកម្មភាពសេដ្ឋកិច្ចកំពុងមានភាពប្រសើរឡើងចាប់តាំងពីប្រទេសភាគច្រើនបានបើកព្រំដែនពីជំងឺកូវីដ១៩។ ការណ៍នេះរួមចំណែកដល់កំណើនដំណើរការអាជីវកម្មរបស់កំពង់ផែក្នុងអំឡុងពេលនេះ។
កាលពីឆ្នាំមុន PPAP បានកត់ត្រាបរិមាណកុងតឺន័រឆ្លងកាត់កើនឡើង ២០ ភាគរយ មានចំនួន ៣៤ ៨៨៩៨TEUs ធៀបនឹងឆ្នាំ២០២០ ខណៈដែលប្រាក់ចំណេញក្នុងឆ្នាំ២០២១មានចំនួន១២,៧ លានដុល្លារ កើនឡើង២៩ ភាគរយធៀបនឹងឆ្នាំ២០២០៕