
កម្ពុជាបាននាំចេញផ្លែចេកស្រស់ជាផ្លូវការជាង ៣២ម៉ឺនតោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ធ្លាក់ចុះជិត ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញផ្លែចេកស្រស់ជាផ្លូវការជាង ៣២ម៉ឺនតោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២ ធ្លាក់ចុះជិត ១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះការនាំទៅប្រទេសចិនបានគ្របដណ្តប់ជិត ៩០ភាគរយ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ការនាំចេញចេកស្រស់ទៅលក់នៅទីផ្សារអន្តរជាតិ មានបរិមាណសរុប ៣២៥ ៨៥៩,៧២តោន ធ្លាក់ចុះ ១១,៧៩ភាគរយ ពីចំនួន ៣៦៩ ៤៣១,០៦តោន កាលពីរយៈពេលដូចគ្នាឆ្នាំ២០២១។ ទីផ្សារប្រទេសចំនួន ៣ ដែលទទួលទិញចេកពីកម្ពុជា រួមមាន ប្រទេសចិន ចំនួន ២៩៣ ០៦០,៣៩តោន ធ្លាក់ចុះ ៩,៣៣ភាគរយ, វៀតណាម ៣២ ៧៩៩,២៣តោន ថយចុះ ២៧,៣៩ភាគរយ និងប្រទេសជប៉ុន ០,១តោន ធ្លាក់ចុះ ៩៩,៩៨ភាគរយ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលមានកសិដ្ឋានដាំចេកក្នុងខេត្តកំពត និងជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញចេកស្រស់បានធ្លាក់ចុះក្នុងរយៈពេលខាងលើ គឺដោយសារតែការនាំចេកពីកម្ពុជាទៅទីផ្សារអន្តរជាតិផ្តោតខ្លាំងលើទីផ្សារប្រទេសចិន ខណៈការដាក់ចេញនូវវិធានការប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩របស់រដ្ឋាភិបាលចិន បានបង្កើតជាឧបសគ្គដល់ចរាចរណ៍មនុស្ស និងទំនិញ ដោយទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងតឹងតែងបំផុតទាក់ទងនឹងបទដ្ឋានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យ។ លោកបន្តថា ផលប៉ះពាល់នេះក៏កំពុងបន្តរហូតមកដល់ពេលនេះផងដែរ។
លោកនិយាយថា៖«មូលហេតុចម្បងដែលការនាំចេញចេកធ្លាក់ចុះ គឺការរឹតបន្តឹងនៅទីផ្សារប្រទេសចិន ហើយសូម្បីតែការនាំចេញផ្លែស្វាយស្រស់ក៏ជួបបញ្ហាដែរ»។
ទោះយ៉ាងណា លោក ហ៊ុន ឡាក់ នៅតែមានសុទិដ្ឋិនិយមថា ទីផ្សារនាំចេញចេកកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ នៅពេលដែលទីផ្សារប្រទេសចិនបើកទូលាយដូចមុន។
ចេកស្រស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសចិនជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៩ ដោយវាគឺជាផ្លែឈើដំបូងគេរបស់កម្ពុជាដែលត្រូវបាននាំចេញទៅប្រទេសចិនជាផ្លូវការ។
យោងតាមក្រសួងកសិកម្ម ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកស្រស់ សរុប ៤២៣ ១៦៨,៩៧តោន កើនឡើងជាង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះការនាំចេញទៅប្រទេសចិន មានជាង ៣៧៦ ៩៦១តោន, វៀតណាម ៤៥ ១៩៣តោន, ជប៉ុន ៥៣៣,៥២ តោន និងសិង្ហបុរី ៤៨០,៤៨ តោន។
បើតាមក្រសួងកសិកម្ម ក្នុងរយៈពេល ១០ខែឆ្នាំ២០២២ កម្ពុជាទទួលបានប្រាក់ជាង ២ ១៤១,៦៦លានដុល្លារពីការនាំចេញកសិផលក្រៅពី ស្រូវ អង្ករ ដែលផលិតផលទាំងនោះ មានដូចជា ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែក ចេកស្រស់ ស្វាយស្រស់ ដូងប្រេង ម្រេច ថ្នាំជក់ និងបន្លែចម្រុះ ជាដើម៕