បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺជា​បរិស្ថាន​សម្រាប់​ឱ្យ​ក្រុមហ៊ុន​សាកល្បង​នូវ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ជាមួយនឹង​អតិថិជន​ពិតប្រាកដ ប៉ុន្តែ​ក្នុង​ទំហំ និង​រយៈពេល​កំណត់​មួយ មុននឹង​ធ្វើការ​ដាក់ចេញ និង​ការជំរុញ​ការប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ​។

​ក្រុមហ៊ុន​ដែលមាន​បំណង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​តាមបែប​នវានុវត្តន៍​ក្នុងការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម ឬ​អាច​នឹង​ស្ថិតក្រោម​និយតកម្ម​របស់ ន​.​ម​.​ក​. អាចដាក់​ពាក្យស្នើសុំ​ចូល​រួម​ក្នុង​បរិ​ស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ពិសោធ​ផលិតផល និង​សេវា​-​កម្ម​ហិរញ្ញវត្ថុ​ដែលមាន​នវានុវត្តន៍​នៅក្នុង​បរិស្ថាន​ផលិតកម្ម ប៉ុន្តែ​ស្ថិត ក្រោម​ការគ្រប់គ្រង​ជាក់លាក់ និង​ក្នុង​រយៈពេល​កំណត់​មួយ​។​

​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​បរិស្ថាន​សាកល្បង​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​មូល​ប​ត្រ បុគ្គល​ដាក់ពាក្យ​ស្នើសុំ​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​គោលដៅ​, គោល​ការណ៍ និង​លក្ខណវិនិច្ឆ័យ ដែល​បានកំណត់​ក្នុង​គោលការណ៍​ណែនាំ​លេខ ០០១/២២ ន​.​ម​.​ក​./​គ​.​ណ​.​ន​ចុះ​ថ្ងៃទី​​ ១១ ខែមេសា ឆ្នាំ ​២០២២ ស្ដីពី​បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​មូល​ប​ត្រ​។​

​បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​គោលដៅ​ជួយ​ជំរុញ​ពិសោធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ជាក់លាក់ និង​ក្នុង​រយៈពេល​កំណត់​មួយ ដើម្បី​៖

​ក​.​បង្កើន​នូវ​ប្រសិទ្ធភាព​

​ខ​.​គ្រប់គ្រង​ហានិភ័យ​ឱ្យ​កាន់តែល្អប្រសើរ

​គ​.​បង្កើត​កាលានុវត្តភាព​ថ្មី​

​ឃ​.​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ​។​

​បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​គោលការណ៍​ដូច​ខាង ក្រោម​៖

​ក​.​មិនមាន​ភាពស្រដៀងគ្នា​ទៅនឹង​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល មាន​ស្រាប់​នៅក្នុង​វិស័យ​មូល​ប​ត្រ​

​ខ​.​មាន​នវានុវត្តន៍​ដែល​បង្កើតជា​តម្លៃបន្ថែម​ដល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់​នៅក្នុង​វិស័យ​មូល​ប​ត្រ​

​គ​.​ផ្តល់​អត្ថប្រយោជន៍​ដែល​អាច​កំណត់​បាន​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ដល់​អតិថិជន ឬ​វិស័យ​មូល​ប​ត្រ​

​ឃ​.​មាន​លម្ហ (Space) និង​រយៈ​ពេល​សម្រាប់​ពិសោធ​ជាក់លាក់​

​ង​.​អាច​គ្រប់គ្រង​បាន​នូវ​ហានិភ័យ និង​ផលវិបាក​ដែល​កើតចេញពី​ការ​បរាជ័យ​នៃ​ការ​តេស្ត​សាកល្បង​

​ច​.​ត្រូវបំពេញ​កាតព្វកិច្ច​តាមច្បាប់ ដោយ​រួមបញ្ចូល​ទាំង​ការធ្វើ​តេស្ត​សាកល្បង​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ស្នើឡើង​នៅក្នុង​បរិស្ថាន ពិសោធន៍ និង​យល់ដឹង​អំពី​លក្ខខណ្ឌ​តម្រូវ​បទ​ប្បញ្ញត្តិ​។​

​ដើម្បី​លើកទឹកចិត្ត​ដល់​នវានុវត្តន៍ ន​.​ម​.​ក​. នឹង​ពិចារណា​បន្ធូរបន្ថយ ឬ​លើកលែង​លក្ខខណ្ឌ​តម្រូវ បទ​ប្បញ្ញត្តិ​ដែល​អាច ក្នុង​ទម្រង់​ជាការ​លើកលែង​លក្ខណៈ​ទូលំទូលាយ ឬ​ជា​ការលើក​លែង​ជាក់លាក់​ណាមួយ​តាម​ករណី​ជាក់ស្តែង​នីមួយៗ សម្រាប់​រយៈពេល​នៃ​ការសាកល្បង ដោយ​អាស្រ័យ​លើ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលជា​កម្មវត្ថុ​នៃ​ការសាកល្បង បុគ្គល​ដាក់ពាក្យ​ស្នើសុំ និង​សំណើ​របស់​បុគ្គល​ដាក់ពាក្យ​ស្នើសុំ​។

បន្ទាប់​ពី​ការសាកល្បង​ទទួលបាន​ជោគជ័យ និង​ចាក​ចេញពី​បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បុគ្គល​បរិស្ថាន​សាកល្បង ត្រូវគោរព​តាម​លក្ខខណ្ឌ​តម្រូវ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ឱ្យបាន​ពេញលេញ​៕

យោង​៖ គោលការណ៍​ណែនាំ​លេខ ០០១/២២ ន​.​ម​.​ក​./​គ​.​ណ​.​ន​. ចុះ​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ​ ២០២២ ស្ដីពី​បរិស្ថាន​សាកល្បង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​មូល​ប​ត្រ​។​

រៀបចំ​ដោយ​៖​ ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​

នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ

​អ៊ីមែល​៖ intermediaries@serc.gov.kh

​ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១