ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអូស្ត្រាលី ក្នុងទឹកប្រាក់ជាង ៣៤៦ លានដុល្លារ នៅរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើងជិតទ្វេដងបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈទំហំពាណិជ្ជកម្មសរុបមានទឹកប្រាក់ជាង ៤៧៨ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យ បានឱ្យដឹងថា រយៈពេល ១១ ខែ ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៤៧៨,៤០៤ លានដុល្លារ កើន ៦៩,៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមាន ២៨១,៩៤៣ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី មាន ៣៤៦,០៣៤ លានដុល្លារ កើន ៩៧,៦ ភាគរយ និងទំនិញនាំពីអូស្ត្រាលី មាន ១៣២,៣៧ លានដុល្លារ កើនឡើង ២៣,៩ ភាគរយ។
ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៣៩,៤២១ លានដុល្លារ ធ្លាក់ចុះ ៧,១៣ភាគរយធៀបខែវិច្ឆិកា ឆ្នាំ ២០២១ ដែលមានចំនួន ៤២,៤៤៨ លានដុល្លារ។ ការនាំចេញរបស់កម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ មាន ៣៣,៩២៩ លានដុល្លារ កើនឡើង ៣៩,៧៨ ភាគរយ និងការនាំទំនិញពីអូស្ត្រាលី មាន ៥,៤៩១ លានដុល្លារធ្លាក់ចុះ ៦៩,៧៩ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជា-អូស្រា្តលី មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាច្រើន ជាពិសេសផ្នែកកសិកម្មដោយទំនាក់ទំនងនេះគឺមិនមែនមានតែលើការនាំចេញ-នាំចូលកសិផលប៉ុណ្ណោះទេ ប៉ុន្តែកន្លងមករដ្ឋាភិបាលអូស្ត្រាលី ក៏បានផ្តល់ជំនួយថវិកា និងបច្ចេកទេសសម្រាប់លើកកម្ពស់ផលិតភាពកសិកម្មនៅកម្ពុជាផងដែរ។ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំង ២ នឹងកាន់តែរីកធំថែមទៀត ព្រោះក្រៅពីមានកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ ប្រទេសទាំង ២ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកលើកឡើងថា៖ «នៅពេលប្រទេសទាំង ២ មានទំនាក់ទំនងល្អជាមួយគ្នា (នយោបាយ និងការទូត) ការធ្វើពាណិជ្ជកម្ម និងការបណ្តាក់ទុនផ្ទាល់ (FDI) ក៏នឹងកើនតាមនោះដែរ»។
លោកបន្តថា ក្រៅពីការនាំចេញ-នាំចូលទំនិញជាមួយគ្នា បច្ចុប្បន្នក៏មានវិនិយោគិនអូស្ត្រាលីកំពុងបណ្តាក់ទុននៅកម្ពុជាដែរ ពិសេសវិស័យធនធានរ៉ែ។
ផលិតផលកម្ពុជាដែលនាំទៅប្រទេសអូស្ត្រាលី មានភាគច្រើនជាផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម, ចំណែកទំនិញអូស្ត្រាលីនាំមកកម្ពុជា រួមមាន ផលិតផលអេឡិចត្រូនិក យានយន្ត និងផលិតផលអាហារ (សាច់គោ, ទឹកដោះគោ និងផ្លែឈើ)។ នេះបើតាមលោក លឹម ហេង។
កាលពីចុងសប្តាហ៍មុននៅក្នុងជំនួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាដែលនឹងត្រូវចប់អាណត្តិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា-អូស្ត្រាលី បានបង្កើននូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នាទាំងផ្នែកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្ម ដោយកន្លងមករដ្ឋាភិបាលអូស្ត្រាលីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរួមមានការឧបត្ថម្ភវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ផងដែរ។
លោកបាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D) ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ»។
យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២ ០២១ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៣២៤ លានដុលា្លរ កើនឡើង ៥២ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕