ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១០ គិតជាប្រាក់ជិត ៥០ លានដុល្លារនៅក្នុងខែធ្នូគិតត្រឹមដើមសប្តាហ៍ទី ៤ ដែលភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវេចខ្ចប់។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលចុះផ្សាយត្រឹមថ្ងៃទី ២៦ ខែធ្នូ ខ្លួនបានអនុម័តគម្រោងវិនិយោគចំនួន ១០ ក្នុងខែធ្នូ គិតត្រឹមដើមសប្តាហ៍ទី ៤ ដែលមានទុនវិនិយោគ ៤៨,៧ លានដុល្លារ និងបង្កើតការងារបាន ៨ ៦៨៥ កន្លែង។ គម្រោងវិនិយោគទាំងនោះគឺមានទីតាំងភាគច្រើននៅខេត្តព្រះសីហនុ កណ្តាល តាកែវ ភ្នំពេញ និងខេត្តកំពង់ចាម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែធ្នូ ថា ភាពអំណោយផលនៃម៉ាក្រូសេដ្ឋកិច្ច ការបន្តពង្រីកទីផ្សារនាំចេញ និងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ជាកត្តាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញលំហូរវិនិយោគជាច្រើនឱ្យចូលមកប្រទេសកម្ពុជា។
លោកនិយាយថា៖ «យើងទាំងអស់គ្នាដឹងហើយថា ប្រទេសយើងមានភាពអំណោយផលខ្លាំងសម្រាប់ការវិនិយោគដោយសារតែយើងមានច្បាប់វិនិយោគបើកទូលាយ និងផ្តល់ភាពអនុគ្រោះដល់វិនិយោគិន។ លើសពីនេះយើងក៏សង្កេតឃើញនូវការហូរចូលការវិនិយោគក្នុងវិស័យផ្សេងក្រៅពីរោងចក្រដូចជាផ្នែកផលិតគ្រឿងបង្គុំដែលផ្គត់ផ្គង់ទៅកាន់រោងចក្រធំៗនៅលើពិភពលោក ដែលនេះគឺជាជំនាញមួយថ្មីទៀតដែលប្រជាពលរដ្ឋយើងទទួលបាន»។
លោកបញ្ជាក់ថា៖ «យើងត្រូវតែដឹងថារាល់ការវិនិយោគទាំងអស់នេះគឺវិនិយោគិនបានសម្លឹងមើលពីភាពអំណោយផលរបស់ប្រទេសយើងនាពេលអនាគតពេលស្ថានភាពកូវីដ ១៩ ធូរស្បើយ និងបញ្ហាសង្គ្រាមអ៊ុយក្រែនអាចនឹងត្រូវឆាប់បានដោះស្រាយរួចរាល់»។
កាលពីថ្ងៃទី ៧ ខែធ្នូ ធនាគារពិភពលោក (WB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ សម្រាប់ប្រទេសកម្ពុជា ដែលចេញផ្សាយក្នុងខែកញ្ញានៅត្រឹម ៤,៨ ភាគរយ ដោយបង្ហាញពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចក្រោយការរីករាលដាលកូវីដ ១៩។ ប៉ុន្តែធនាគារនេះក៏បានព្រមានថា ឧបសគ្គជាសកលដែលរំពឹងទុកនៅក្នុងរយៈពេលជាច្រើនខែខាងមុខអាចធ្វើឱ្យខូចដល់ចក្ខុវិស័យរបស់ខ្លួន។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះ លោកស្រី Mariam Sherman នាយិការបស់ WB ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានផ្តល់អនុសាសន៍ដល់កម្ពុជាត្រូវចាត់វិធានការនានា ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយរបស់ខ្លួនក៏ដូចជាការពង្រឹងជំហរសារពើពន្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងវិបត្តិតម្រូវការខាងក្រៅដែលអាចកើតមាន។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវព្យាករថានឹងកើនឡើងដល់ ៥,២ ភាគរយនៅឆ្នាំក្រោយ ដោយសារការកើនឡើងនៃការជួលគាំទ្រនៃការប្រើប្រាស់ក្នុងស្រុក និងនៅពេលអតិផរណាធ្លាក់ចុះ៕