
លោក គុណ ញឹម នៅក្នុងវេទិកាគយកម្ពុជាលើកទី២ កាលពីថ្ងៃទី ២២ ធ្នូ។ រូបថត GDCE
ភ្នំពេញលោក គុណ ញឹម នាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានថ្លែងថា ការយល់ដឹងច្បាស់អំពីនីតិវិធីគយ និងបទប្បញ្ញត្តិនានា គឺជាកត្តាដ៏សំខាន់មួយសម្រាប់វិស័យឯកជន ដើម្បីលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាព។
ថ្លែងនៅក្នុងវេទិកាគយកម្ពុជាលើកទី២ ដែលត្រូវបានរៀបចំឡើងដោយ(អគរ) និងសភាពាណិជ្ជកម្មកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ លោក គុណ ញឹម បានលើកឡើងថា វិស័យឯកជនបានដើរតួនាទី និងជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះ ការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិគយនានា គឺជារឿងចាំបាច់ក្នុងដំណើការអាជីវកម្មរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «វេទិកានេះជាផ្នែកមួយនៃការខិតខំបញ្ជ្រាបការយល់ដឹងដល់សាធារណជន ពិសេសធុរជនពាក់ព័ន្ធ ស្ដីពីច្បាប់ បទប្បញ្ញត្តិ ការងារបច្ចេកទេសគយ និងនីតិវិធីគយសំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាពក៏ដូចជាកែលម្អវប្បធម៌សារពើពន្ធនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន»។
ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក គិត ម៉េង បានគូសបញ្ជាក់ដែរថា វេទិកាគយលើកទី២ គឺជាផ្នែកមួយនៃការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ក្នុងការជួយដោះស្រាយនូវបញ្ហានានាពីវិស័យឯកជន ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្មនានាទាំងក្នុងស្រុក និងអន្តរជាតិ។
លោកបានមានប្រសាសន៍ថា៖ «ក្រោមយន្តការនេះ បរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាត្រូវបានលើកកម្ពស់ និងកែលម្អកាន់តែល្អប្រសើរជាលំដាប់ដោយ(អគរ)បានដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងឆ្លើយតបបានទាន់ពេលវេលានូវរាល់សំណូមពរចាំបាច់របស់វិស័យឯកជនពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសក្នុងបរិការណ៍ខ្សែចង្វាក់ផ្គត់ផ្គង់សកលមានភាពរអាក់រអួលដោយសារវិបត្តិផ្សេងៗកន្លងមក»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការយល់ដឹងច្បាស់ពីនីតិវិធី និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងបញ្ហាគយគឺជាអ្វីដែលវិស័យឯកជនត្រូវយកចិត្តទុកដាក់ដើម្បីស្វែងយល់អំពីការទទួលបាននូវការអនុគ្រោះនានា ដូចជា ការសម្រួលពាណិជ្ជកម្ម ឬការទទួលបានអត្ថប្រយោជន៍ពន្ធនាំចេញ ឬនាំចូលលើមុខទំនិញមួយចំនួន។
លោកបានថ្លែងថា៖ «ជាការពិតណាស់ ធុរជន និងវិនិយោគិនទាំងក្នុងស្រុក និងបរទេសត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់នូវបែបបទគតិយុត្តគយទាំងឡាយដែលកម្ពុជាមាន និងជាពិសេសការអនុគ្រោះពន្ធគយមួយចំនួនដែលស្ថិតក្រោមការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូដែលវាជាអត្ថប្រយោជន៍សំខាន់សម្រាប់ពួកគេក្នុងការជំរុញអាជីវកម្មរបស់ខ្លួន»។
យោងតាម(អគរ)វេទិកានេះ តែងតែបានផ្តល់នូវព័ត៌មាននានាដល់វិស័យឯកជនពាក់ព័ន្ធនឹងការងារគយមួយចំនួន រួមមាន ការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់,ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន,ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត និងធុរជនល្អបំផុត,ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលគយ,ការងារបច្ចេកទេសគយ និងសវនកម្មគយជាដើម៕