ភ្នំពេញៈ ក្រុមហ៊ុនប្រមាណជាង ៨០០ ដែលមានដើមទុនប្រមាណ ១៨៦ លានដុល្លារបានទទួលជោគជ័យលើការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៅតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ដែលហៅថា «Single Portal»នៅក្នុងរយៈពេល ៤ សប្តាហ៍ ដែលធ្វើឱ្យចំនួនក្រុមហ៊ុនទទួលជោគជ័យលើការចុះបញ្ជីតាមប្រព័ន្ធមួយនេះកើនដល់ ២០ ៥៧៤ក្រុមហ៊ុន។
រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការថ្នាលចុះបញ្ជីអាជីវកម្មអនឡាញ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីក្រុមហ៊ុនដែលជាផ្នែកមួយនៃកំណែទម្រង់ក្នុងគោលបំណងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិឱ្យកាន់តែប្រសើរ។ នៅក្នុងដំណាក់កាលដំបូងមានក្រសួង-ស្ថាប័នរដ្ឋ ៦ ដែលត្រូវបានភ្ជាប់ទៅ Single Portal គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងការងារ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅលើគេហទំព័ររបស់ Online Business Registration Service ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុនដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ហៅថា «Single Portal» មានចំនួនសរុប ២០ ៥៧៤ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុប ៥ ៧៦៩ លានដុល្លារ។ ចំនួននេះបើធៀប ៤ សប្តាហ៍មុន (ថ្ងៃទី ២៨ ខែវិច្ឆិកា) គឺកើនឡើងចំនួន ៨២១ ក្រុមហ៊ុន និងទុនវិនិយោគកើន ១៨៦ លានដុល្លារ ដែលស្មើនឹង ៣,៣៣ ភាគរយ។
ក្នុងចំណោមដើមទុនចុះបញ្ជីទាំង ៥ ៧៦៩ លានដុល្លារ គឺការសាងសង់អគារមាន ១៧ ភាគរយ ស្មើនឹងប្រាក់ប្រមាណ ៩៧៤ លានដុល្លារ, សកម្មភាពក្នុងវិស័យអចលនទ្រព្យ (ប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) ១២ ភាគរយ ស្មើ ៧១៧ លានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៥ ភាគរយ ស្មើនឹងចំនួន ២៩៦ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៥ ភាគរយ ស្មើ ២៨១ លានដុល្លារ, ការលក់ដុំឯកទេសផ្សេងៗ ៥ ភាគរយ ស្មើ ២៦១ លានដុល្លារ និងផ្នែកផ្សេងៗ ៥៦ ភាគរយ ដែលស្មើនឹង ៣,២៤ ពាន់លានដុល្លារ។
យោងតាម Online Business Registration Service គិតនៅត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ចំនួនក្រុមហ៊ុនដែលបានស្នើសុំនាមករណ៍បម្រុងទុកដោយជោគជ័យមានចំនួនសរុប ១២ ៩០០ ក្រុមហ៊ុន និងមិនទទួលជោគជ័យ ២ ក្រុមហ៊ុន ខណៈកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួននាមករណ៍បម្រុងទុកទទួលជោគជ័យមានចំនួន ១២ ៥៨៣ និងមិនទទួលជោគជ័យចំនួន ២។
Online Business Registration Service ឱ្យដឹងទៀតថា ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីខាងលើ គឺមាន ៣៨ ភាគរយមានម្ចាស់ជាស្ត្រី។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនសេដ្ឋកិច្ច ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងលក្ខខណ្ឌផ្លូវច្បាប់ដែលតម្រូវឱ្យគ្រប់អាជីវកម្មត្រូវចុះបញ្ជីអាជីវកម្មបានជំរុញឱ្យចំនួនក្រុមហ៊ុនចុះបញ្ជីកើនឡើងជាបន្តបន្ទាប់។
ការចុះបញ្ជីអាជីវកម្មនឹងអាចផ្តល់ផលវិជ្ជមានច្រើនសម្រាប់អាជ្ញាធរ និងម្ចាស់អាជីវកម្មផ្ទាល់ ព្រោះតាមរយៈទិន្នន័យចុះបញ្ជីគឺអាចជួយឱ្យរដ្ឋាភិបាលងាយស្រួលនៅក្នុងការកំណត់គោលនយោបាយដើម្បីជួយគាំពារ និងការពារដល់ប្រភេទអាជីវកម្មណាមួយនៅពេលមានបញ្ហា។
លោកបានបន្តថា ការចុះបញ្ជីនេះ ក៏នឹងជួយផ្តល់នូវទំនុកចិត្តទៅដល់អតិថិជន និងធ្វើឱ្យការប្រកួតប្រជែងលើទីផ្សារកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងមុនផងដែរ។
លោកថ្លែងថា៖ «នៅពេលគ្រប់អាជីវកម្មស្ថិតក្រោមច្បាប់ វានឹងធ្វើឱ្យភាពអសកម្ម ឬការបោកប្រាស់ផ្សេងៗត្រូវបានកាត់បន្ថយ ជាពិសេសវានឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែមានតម្លាភាព»។
លោកបន្ថែមថា នៅពេលការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ចំនួននៃការបណ្តាក់ទុនវិនិយោគផ្ទាល់ទាំងក្នុងស្រុក និងបរទេស នឹងកើនឡើង។
ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉រ បានប្រាប់ថា ចំនួនក្រុមហ៊ុនដែលមកចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានកើនឡើងជាលំដាប់ ដែលនេះបង្ហាញថា ម្ចាស់អាជីវកម្មនៅកម្ពុជា ពិសេសអាជីវកម្មតាមអនឡាញបានយល់ដឹងកាន់តែច្រើនពីកាតព្វកិច្ចដែលម្ចាស់អាជីវកម្មត្រូវធ្វើ។ ការចុះបញ្ជីនឹងជួយឱ្យការទិញលក់មិនត្រឹមត្រូវ ត្រូវកាត់បន្ថយបានយ៉ាងច្រើន។
លោកថ្លែងថា៖ «ចំនួនក្រុមហ៊ុនចុះបញ្ជីនឹងបន្តកើនឡើងលឿនបន្ថែមទៀត ដែលទាំងនេះគឺជាវឌ្ឍនភាពក្នុងការធ្វើឱ្យការប្រកួតប្រជែងកាន់តែមានភាពយុត្តិធម៌»។
ទោះបីយ៉ាងណា លោកលើកឡើងថា ការកើនឡើងដ៏ច្រើននៃចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្ម ក៏ដោយសារតែច្បាប់ប្រទេសបានកំណត់ផងដែរ។
បន្ទាប់ពី «Single Portal» ដំណាក់កាលទី ១ ដំណើរការបានមួយរយៈ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋាភិបាលបានដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃថ្នាលចុះបញ្ជីអាជីវកម្មអនឡាញដោយបានដាក់បញ្ចូលទីភ្នាក់ងារថ្មីចំនួន ៤ ដូចជា អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ, និយតករអាជីវកម្មអចលនទ្រព្យ និងហាងបញ្ចាំ, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕