ភ្នំពេញៈ គយនិងផ្នែកឯកជន ពិភាក្សាគ្នាពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងពន្ធគយនៅចំពោះមុខបញ្ហាសេដ្ឋកិច្ចសកល។នេះបើតាមលទ្ធផលជំនួបរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ នេះ ដែលបានប្រជុំគ្នាតាមយន្តការភាពជាដៃគូគយ-ផ្នែកឯកជនលើកទី៩ (9th CPPM Meeting) ។
វេទិកានេះដឹកនាំដោយលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាសហប្រធាន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងមានការចូលរួមដោយថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
អគ្គនាយកដ្ឋានគយឱ្យដឹងថា៖«កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងដោះស្រាយនូវបញ្ហា និងសំណូមពរនានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ ការធ្វើទំនើបកម្មនិងសាមញ្ញកម្ម នៃការងារបច្ចេកទេសគយ និងប្រតិបត្តិការគយផ្សេងៗ សំដៅធានាបាននូវការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាពនិងកាតព្វកិច្ចនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន»។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់រួមគ្នារកដំណោះស្រាយ នូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងស្ថាបនាគ្នា ឲ្យកាន់តែល្អប្រសើរទៅវិញទៅមក។លោកអះអាងថា អង្គភាពពាណិជ្ជកម្មនានាបានរងផលប៉ះពាល់ដោយសារបញ្ហាមួយចំនួនជាពិសេសក្នុងពេលដែលមានភាពរអាក់រអួលនៃខ្សែចង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មអន្តរជាតិ ការឡើងថ្លៃប្រេងឥន្ធនៈ និងកំណើនខ្ពស់នៃអតិផរណាជាសកល បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការបន្តអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន។
លោកបានថ្លែងដោយ អរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានដោះស្រាយបញ្ហាចំពោះមុខ និងសំណូមពរចាំបាច់នានា ក្នុងការផ្តល់ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀតនាពេលកន្លងទៅ។
អគ្គនាយកគយលោក គុណ ញឹម បានថ្លែងដោយ សម្ដែងនូវសេចក្ដីសោមនស្សរីករាយស្វាគមន៍ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ និងបានលើកឡើងពីសារៈសំខាន់ និងសមិទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់របស់យន្តការ ពិភាក្សាគ្នានេះ។ លោកថា ស្ថាប័នគយនឹងទទួលយកសំណូមពរនានា ដើម្បីបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃការងើបនិងស្តារឡើងវិញនូវការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិជំងឺកូវីដ១៩។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញចំណាត់ការមួយចំនួនដើម្បីជួយដល់ផ្នែកឯកជនដែលរួមមាន ការកាត់បន្ថយកម្រៃបំពេញបែបបទគយ (Customs Processing Fee) ការសម្រួលលើការដឹកជញ្ជូនឆ្លងកាត់ និងការអនុវត្តនីតិវិធីគយ នៅមាត់ច្រកព្រំដែន និងការធ្វើសាមញ្ញកម្មនីតិវិធីគយក្នុងការស្នើសុំជាធុរជនល្អបំផុត (Best Trader) ឬប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) ជាដើម។
ក្នុងវេទិការនោះ សហប្រធានទាំង២ឯកភាពគ្នាលើកទឹកចិត្ត ឲ្យក្រុមការងារជំនាញទាំង៤ រួមមាន ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ ក្រុមការងារគយ-ឧស្សាហកម្ម បម្រើការនាំចេញវិស័យមិនមែនកាត់ដេរ ក្រុមការងារគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក និងក្រុមការងារគយ-សហគ្រាសធុនតូចនិងមធ្យម បន្តលើកឡើង និងសហការដោះស្រាយបញ្ហា ដែលអាចនឹងកើតឡើងជាយថាហេតុនាពេលខាងមុខ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕