ភ្នំពេញ: CMA CGM Group ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រឈានមុខគេទី៣ របស់ពិភពលោកមានមូលដ្ឋាននៅប្រទេសបារាំង គ្រោងនឹងចាប់ផ្តើមសេវាកម្ មYangon Cambodia Express Service ដែលតភ្ជាប់ដោយផ្ទាល់រវាងប្រទេសមីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ខណៈដែលអ្នកនៅក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា សេវាកម្មថ្មីនេះនឹងផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ក្រុមហ៊ុននាំចេញ និងនាំចូលក្នុងស្រុក។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា សេវាកម្មថ្មីនេះនឹងចាប់ផ្តើមដំណើរទេសចរណ៍ដំបូងរបស់ខ្លួននៅថ្ងៃទី ៣ ខែមករា ពីប្រទេសសិង្ហបុរីកំពង់ផែ Klang (ម៉ាឡេស៊ី) ទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា) កំពង់ផែ Port Klang ប្រទេសសិង្ហបុរីក្រុងព្រះសីហនុ (កម្ពុជា) ប្រទេសសិង្ហបុរី។ នេះបើយោងតាមក្រុមហ៊ុន។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្ននេះ កម្ពុជាមិនមានការដឹកជញ្ជូនតាមផ្លូវទឹកដោយផ្ទាល់ទៅអឺរ៉ុប ឬអាមេរិកនោះទេ។ ជាធម្មតាគេប្រើប្រាស់ការដឹកជញ្ជូននៅប្រទេសសិង្ហបុរី ថៃ ហុងកុង និងវៀតណាម។ លោកថា ការដាក់ឱ្យដំណើរការសេវាកម្មថ្មីពី ក្រុមហ៊ុននេះនឹងផ្តល់ជម្រើសផ្សេងទៀតសម្រាប់សេវាដឹកជញ្ជូនរបស់កម្ពុជា ដែលក្រុមហ៊ុននាំចេញក្នុងស្រុកអាចទទួលបានជម្រើសកាន់តែច្រើនបន្ថែមទៀត។
លោកថ្លែងថា៖ «បច្ចុប្បន្ន ប្រសិនបើយើងដឹកជញ្ជូនទំនិញទៅកាន់សហភាពអឺរ៉ុប ឬទៅកាន់អាមេរិក យើងមិនដឹកត្រង់នោះទេ ប៉ុន្តែត្រូវស្វែងរកចំណុចឆ្លងកាត់ដែលយើងភាគច្រើនប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរី ទីក្រុងហុងកុង វៀតណាម និង Lam Cha Bang នៅប្រទេសថៃ»។
លោកបានលើកឡើងថា៖ «ខ្ញុំក៏ទទួលបានព័ត៌មានអំពីក្រុមហ៊ុន CMA ដែរ។ ដូច្នេះការបើកផ្លូវថ្មីដោយក្រុមហ៊ុន CMA ដើម្បីភ្ជាប់កម្ពុជា មីយ៉ាន់ម៉ាម៉ាឡេស៊ី និងសិង្ហបុរី នេះជាផ្លូវ១ទៀតសម្រាប់ផ្តល់ជម្រើសកាន់តែច្រើនដល់ប្រទេសយើង ដែលយើងអាចជ្រើសរើសដឹកជញ្ជូនបាន។ ផ្លូវណាក៏ដោយ ឱ្យតែមានតម្លៃកាន់តែទាប និងលឿនជាង វានឹងជួយកាត់បន្ថយការចំណាយរបស់យើង។ ដូច្នេះការបើកច្រកផ្លូវថ្មីនេះជាមធ្យោបាយល្អក្នុងការជំរុញការនាំចេញ និងការនាំចូលរបស់ប្រទេសយើង»។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ១៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ កើនឡើងជាង ២២ ភាគរយពី ១៤,១៣៩ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចាប់ពីខែមករា ដល់ខែកញ្ញា ពាណិជ្ជកម្មទំនិញអន្តរជាតិរបស់កម្ពុជាសម្រេចបានចំនួន ជាង ៤១ ពាន់លានដុល្លារ កើនឡើង ១៨,០១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការនាំចូលមានចំនួន ២៣,៧៦៤ ពាន់លានដុល្លារអាមេរិកកើនឡើង ១៥,២៤ ភាគរយ។ ឱនភាពពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេលនេះបានកើនឡើង ០,៣៦ ភាគរយដល់ ៦,៥០៦ ពាន់លានដុល្លារ។ នេះបើយោងតាម GDCE៕