ភ្នំពេញៈ ប្រទេស​កម្ពុជា ​នឹងធ្វើ​ទំនើបកម្ម​ផ្លូវដែក​ទៅជា​ល្បឿន​លឿន​នៅ​ឆ្នាំ​ ​២០២៣ ក្នុង​គោលបំណង​ជំរុញ​ការ​ដឹកជញ្ជូន​ទាំង​ទំនិញ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​ដែក ជា​ពិសេស​គឺ​ការតភ្ជាប់​ជាមួយ​ប្រទេសជិតខាង ជាពិសេស​គឺ​ការដោះដូរ​ទំនិញ​ឆ្លងដែន និង​វិស័យ​ទេសចរណ៍​។​

​ការលើកឡើង​នៃ​ផែនការ​នេះ ត្រូវបាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍​កាល​ពីស​ប្តា​ហ៍​មុន​ថា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​រកស៊ី​នៅ​ប្រទេស​យើង​បាន​គឺ​យើង​ត្រូវមាន​ប្រព័ន្ធ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​និង​ឡូ​ជី​ស្ទិ​កមាន​តម្លៃថោក​។ បើសិនជា​គ្មានទេ គឺ​យើង​មិនអាច​មានការ​រីកចម្រើន​សេដ្ឋកិច្ច​យើង​បានទេ ប្រទេស​នីមួយៗ​គេ​ខិតខំ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ខ្លាំងណាស់​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​។

​លោក​ថា ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​មក​ភ្នំពេញ មក​ក្រុងព្រះសីហនុ ក៏​កំពុង​សិក្សា​ជិត​ចប់​ហើយ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយទៀត ពី​ប៉ោយប៉ែត​-​សៀមរាប​-​កំពង់ធំ​-​កំពង់ឆ្នាំង​-​ភ្នំពេញ​និង​បាវិត​-​ម៉ុក​បៃ ត​ភ្ជាប់​ក្រុង​ហូជីមិញ​របស់​វៀតណាម​ក៏​កំពុង​សិក្សា​។

​លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​យើង​គឺមាន​ការរីកចម្រើន​ហើយ ប៉ុន្តែ​យើង​បន្ត​លើកកម្ពស់​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​វិនិយោគ​កាន់តែច្រើន​មកកាន់​ប្រទេស​កម្ពុជា​យើង​។ ខ្ញុំ​យល់ឃើញថា សម្រាប់​អាណត្តិ​ក្រោយ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប៉ោយប៉ែត​-​ភ្នំពេញ​-​ក្រុង​ព្រះ​ស​ហី​នុ នឹងធ្វើ ប៉ុន្តែ​សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប៉ោយ​ប៉ែត​-​សៀមរាប​-​កំពង់ធំ​-​កំពង់ឆ្នាំង​-​ភ្នំពេញ និង​បាវិត អាច​យូរ​បន្តិច​ដោយសារ​យើង​ត្រូវ​រង់ចាំ​វៀតណាម​ដែរ បើសិនជា​យើង​ធ្វើ​ត្រឹម​បាវិត គឺ​អត់​បានការ​អី​ទេ ព្រោះ​យើង​ត្រូវ​ត​ភ្ជាប់​ទៅ​ហូជីមិញ​ទើបបាន​ជោគជ័យ​»​។

​កាលពី​ថ្ងៃទី ២៣ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក៏បាន​លើកឡើង​អំពី​ការធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​ផងដែរ​ដើម្បី​ត​ភ្ជាប់​ទាំង​ក្នុងស្រុក និង​ប្រទេសជិតខាង​។ សម្រាប់​ផ្លូវ​-​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​ត្រូវធ្វើ​ទំនើបកម្ម​នៅ​ផ្លូវ​ដែលមាន​ស្រាប់​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​យើង​កំពុងធ្វើការ​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដោយ​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ត​ភ្ជាប់​ទៅ​ព្រំដែន​ថៃ​»​។

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្ដុភារ​កម្ម​កម្ពុជា បាន​ថ្លែង​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការធ្វើ​ទំនើបកម្ម​ផ្លូវដែក​ជា​ជម្រើស​មួយ​ដ៏​សំខាន់​នៅក្នុង​ការ​សម្រួល​ដល់​ការដឹកជញ្ជូន​ទាំង​ទំនិញ និង​ទេសចរ ជាពិសេស​គឺ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​មាន​តម្លៃថោក និង​មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​សាធារណៈ​ទៀតផង​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​នៅពេលដែល​ប្រទេស​កម្ពុជា​បានធ្វើ​ទំនើបកម្ម​ផ្លូវដែក យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងសំខាន់​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​យើង ដោយសារតែ​វា​បាន​ជួយ​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​មានការ​ធ្លាក់ចុះ​ក្នុងការ​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​វិស័យ​ផលិតកម្ម​របស់​យើង​ផងដែរ​»​។

​បើ​យោងតាម​លោក ច​ន្ធី នៅពេលដែល​ផ្លូវដែក​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ល្បឿន​លឿន គឺ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការតភ្ជាប់​ទៅកាន់​ប្រទេសជិតខាង ក្នុងការ​ជំរុញ​ការដឹកជញ្ជូន​ទាំង​ទំនិញ និង​ទេសចរណ៍​ផងដែរ​។

​លោក​ថា​៖ «​ដូច្នេះ​នៅពេលដែល​យើង​មាន​ផ្លូវ​រថ​ភ្លឿ​ង​ល្បឿន​លឿន វា​មិន​ត្រឹមតែ​លើកកម្ពស់​ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេសជិតខាង​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏បាន​ទាក់ទាញ​លំហូរ​វិនិយោគ និង​ទេសចរណ៍​ផងដែរ​»៕

វីដេអូ៖