ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្តែង​ការ​សាទរ​ចំពោះ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ​មាន​ច្រើន​ខ្លាំង ដោយ​ដាយ​ត្រី​ ​១ អាច​ចាប់បាន​ត្រី​រហូតដល់​ទៅជិត​ ៣​ តោន​ក្នុង​រយៈពេល​មិន​ដល់​ ១​ ម៉ោង​ផង​។ លោក​បញ្ជាក់ថា​លទ្ធផល​នេះ​កើត​មានបាន ដោយសារ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បទល្មើស​ក្នុង​បឹង​ទន្លេសាប កាលពី​រដូវ​ត្រី​ពង​កន្លងមក​។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ឌិ​ត ទីណា លើកឡើង​បែបនេះ បន្ទាប់ពី​បាន​ចុះទៅពិនិត្យ​សកម្មភាព​ធ្វើ​នេសាទ​ដាយ​ត្រី និង​ការធ្វើ​ប្រហុក ផ្អក​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​ពៅ ឃុំ​កោះ​​ចិន ស្រុក​ពញាឮ និង​ភូមិ​សង្វារ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ត្រី​ធម្មជាតិ​របស់​យើង​នៅមាន​លទ្ធភាព​កកើត និង​រីក​ធំធាត់​ឡើង​កាន់តែច្រើន បើ​យើង​នៅតែ​បន្ត​រក្សាបាន​នូវ​ជម្រក​ត្រី​ពង​តាម​ព្រៃ​លិច​ទឹក​ទាំងឡាយ និង​បែងចែក​ឱ្យមាន​រដូវ​នេសាទ​សមល្មម​ផ្តល់​ពេលវេលា​ឱ្យ​មច្ឆជាតិ ទាំង​ឡាយ អាច​រីកលូតលាស់​បន្ត​ពូជពង្ស​។ តុល្យភាព រវាង​ការអភិរក្ស និង​ផលិតកម្ម ជា​គន្លឹះ​នៃ​និរន្តរភាព​»​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​ ៣១ ខែធ្នូ រដ្ឋមន្ត្រី​កសិកម្ម បាន​បង្ហោះ​សារ​សំណូមពរ​ឱ្យ​អ្នកនេសាទ​ទាំងអស់​បន្ត​គោរព​ច្បាប់​ស្តីពី ជលផល​ដើម្បី​រក្សា​ធនធាន​នេះ​ឱ្យបាន​យូរ​អង្វែង និង​បាន​ណែនាំ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ហើយ​អ្នក​ប្រព្រឹត្តល្មើស នឹង​ប្រឈម​នឹង​ទោសទណ្ឌ​យ៉ាង​តឹងតែង​។

​លោក​ឌិ​ត ទីណា បាន​ណែនាំ​មន្ត្រី​ជល​ផល អំពី​យុទ្ធសាស្ត្រ​នៃ​កា​រព​ង្រឺ​ង​ច្បាប់ ដោយ​មិន​ផ្អែក​តែ​លើ​បទល្មើស​ជាក់ស្តែង​នោះឡើយ​។ សំខាន់​ឱ្យតែ​មាន​ភ័ស្តុតាង នឹង​កំណត់​អត្តសញ្ញាណ នៃ​ជនល្មើស​បាន ការឃាត់ខ្លួន​អាចធ្វើ​ឡើង​គ្រប់ពេល​។​

​លោក​ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកណ្តាល ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ខែមករា​ថា ក្នុង​គ្រា​ចុះទៅពិនិត្យ​សកម្មភាព​ធ្វើ​នេសាទ​ដាយ​ត្រី និង​ការធ្វើ​ប្រហុក ផ្អក របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពញាឮ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ និង​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ធ្វើយ៉ាងណា​ត្រូវ​រួម​សហការគ្នា​បង្ក្រាប​បទ​ល្មើស​ជលផល ទាំង​នៅ​រដូវ​បិទ​នេសាទ ក៏ដូចជា​រដូវ​បើក​នេសាទ​ផងដែរ​។

​លោក​ថា ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​នៅជាប់​ព្រំប្រទល់​ខេត្តកណ្តាល មករក​ត្រី​ធ្វើ​​ប្រហុក ផ្អក ស្របទៅតាម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​តាំងពី​ដូនតា​មក​។ លោក​បញ្ជាក់ថា រដ្ឋមន្ត្រី​កសិកម្ម លោក​ឌិ​ត ទីណា បានផ្តល់​អនុសាសន៍​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ប្រហុក ផ្អក យក​ត្រី​ពី​ការនេសាទ​ដោយ​ដាយ​ត្រី ធ្វើការ​ប្រកួតប្រជែង​គ្នា ហើយ​លោក​នឹង​ផ្តល់​ជា​រង្វាន់​ទៀតផង​។

​លោក​ហេង សុភា​រិ​ទ្ធ បញ្ជាក់ថា លទ្ធផល ត្រី​បានល្អ​ប្រសើរ​នេះ​ក៏​ដោយសារតែ​ការ​ដាក់ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផងដែរ ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​កម្ពុជា ដែលនាំឱ្យ​ត្រី​សម្បូរ​នៅ​ឆ្នាំនេះ​។ លោក​បន្តថា មួយវិញទៀត ផល​ត្រី​បាន​ច្រើន​នេះ ក៏បាន​មកពី​កត្តា​ធម្មជាតិ ក៏​អំណោយផល មាន​ភ្លៀង​តាំងពី​ដើមឆ្នាំ​បានល្អ ហើយ​ទឹកទន្លេ​មេគង្គ​ឡើង​ល្មម​គ្រប់គ្រាន់​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ប្រជា​នេសាទ​ដាយ​ត្រី​ឆ្នាំនេះ​គាត់​សប្បាយ ដោយ​មួយៗ គឺមាន​ទឹកមុខ​រីករាយ​។ នេះ​គឺ​ដោយសារ​ការដឹកនាំ ល្អ​របស់​សម្តេច​[​ហ៊ុន សែន​] លោក​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​ស្បៀងអាហារ​ប្រជា​ពលរដ្ឋ គឺ​បាន​ជំរុញ​លើកទឹកចិត្ត កិច្ចការ​ផ្នែក​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​»​។

​លោក​អះអាងថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជាប្រចាំ ដោយ​មិន​គិតថា ជា​រដូវ​បិទ ឬ​បើក​នេសាទ​នោះទេ​។ សំខាន់​នៅពេល​ទទួលបាន​ព័ត៌មាន​ថា មាន​បទល្មើស​នេសាទ ប្រើ​ឧបករណ៍​ខុសច្បាប់​ស្តីពី​ជលផល គឺ​កម្លាំង​ជំនាញ​នឹង​ចុះបង្ក្រាប​កម្ទេចចោល ឬ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​តែម្តង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​លទ្ធផល​សរុប ដែល​បង្ក្រាបបាន​ក្នុង​ឆ្នាំ​ ២០២២​ នោះទេ​។

​លោក​សុភា​រិ​ទ្ធ ថ្លែងថា​៖ «​ឱ្យ​តែមាន​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ស្តីពី​ជលផល​ហ្នឹង គឺ ពួក​ខ្ញុំ នឹង​ដកហូត កម្ទេច ឬក៏​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ស្តីពី​ជលផល ហើយ​ជំរុញ​ការផ្សព្វផ្សាយ​ដើម្បីឱ្យ​គាត់​យល់ថា នេះ​គឺជា ផល​អាក្រក់ សម្រាប់​គាត់​ទៅ​ថ្ងៃក្រោយ​។​

អ៊ីចឹង​បើ​ប្រព្រឹត្ត​ល្មើសច្បាប់​ជលផល​ដូច​គាត់ អង្គុយ​លើ​មែក​ឈើ ហើយ​យក​រណា​រអារ​មែកឈើ​ហ្នឹង​អ៊ីចឹង​»​ លោក​ឈុន ណាំ​តុង ប្រធាន​អង្គភាព​នេសាទ​រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ឱ្យដឹងថា ឆ្នាំនេះ​ត្រី​សម្បូរ​ជាង​ឆ្នាំមុន និង​បានធ្វើឱ្យ​តម្លៃ​ត្រី​ក៏​ធូរ​ថ្លៃ​ផងដែរ ដោយ​ក្នុងនោះ​ត្រី​ ១ ​គីឡូ បើ​ទិញ​នៅ​កន្លែង​ដាយ​ត្រី​ផ្ទាល់ ១ ០០០-១ ២០០​ រៀល​ហើយ​អ្នកទិញ​ក៏​យកទៅ​ជ្រើស​រើស​លក់​បន្ត​ដោយ​ញែក​ត្រី​ធំ និង​តូច​ដាក់លក់​តម្លៃ​ផ្សេងគ្នា ដើម្បី​ទទួលបាន​ផលចំណេញ​។​

​លោក​បាន​ប្រាប់ថា​៖ «​មាន​ប្រជាពលរដ្ឋ​យើង​ច្រើន​បាន​នាំគ្នា​មក​ទិញ​ត្រី ដើម្បី​យកទៅ​ធ្វើ​ត្រី​ប្រហុក​ដោយ​ភាគច្រើន ពួកគាត់​មក​ទិញ​ពេលព្រឹក ហើយ ត្រឡប់​ទៅវិញ​ពេល​ថ្ងៃ ដោយ​មិន​សម្រាក​ធ្វើ​ប្រហុក​នៅ​កន្លែង​ដួស ឬ​ទិញ​ត្រី​នោះទេ​»​។​

​ពលរដ្ឋ​រស់នៅ​ខេត្តតាកែវ ដែល​និយម​ធ្វើ​ប្រហុក​សម្រាប់​លក់ អ្នកស្រី​លឹម ធីតា ឱ្យដឹងថា រៀងរាល់​រដូវ​ធ្វើ​ប្រហុក រូបគាត់ និង​អ្នកភូមិ តែង​មក​ទិញ​ត្រី​នៅ​គីឡូម៉ែត្រ​លេខ​ ៩ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ អ្នកស្រី​បន្ថែមថា ដោយសារ​ឆ្នាំនេះ​ត្រី​សម្បូរ អ្នកស្រី នឹងធ្វើ​ប្រហុក​ឱ្យបាន​ ១​ តោន សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។

​អ្នកស្រី​លឹម ធីតា និយាយថា​៖ «​ត្រី​នៅទីនេះ​ធម្មជាតិ​ល្អៗ ថ្ងៃ​​ដំបូង​ខ្ញុំ​ទិញ​ ១​ គីឡូ ៣​ ពាន់​រៀល ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ចុះថ្លៃ​បន្តិច​សល់ ​២ ៨០០​ រៀល​។ ឆ្នាំនេះ​សម្បូរ​ត្រី​ជាង​ឆ្នាំមុន ហើយ​ល្អៗ​»​។

ចំណែក អ្នកស្រី ឡុង សុខ​នី អាយុ​៥៨​ឆ្នាំ បាន​ប្រាប់​ដែរ​ថា គាត់​សប្បាយចិត្ត​នៅពេល​ឃើញ​ត្រី​ឆ្នាំនេះ​សម្បូរ ហើយ​តម្លៃ​សមរម្យ ពោលគឺ​មិន​ថ្លៃ​ពេក ក៏​មិន​ថោក​ពេក​ដែរ​។

​អ្នកស្រី​បន្ថែមថា​៖ «​ក្នុង​ ១ ​ឆ្នាំៗ ខ្ញុំ​ធ្វើ​ប្រហុក​ប្រមាណ ៤០០ ទៅ ៥០០ ​គីឡូ សម្រាប់​លក់​ផង ទុក​ហូប និង​ចែក​បងប្អូន​ផងដែរ​។ និយាយ​ទៅ ឱ្យតែ​ដល់​រដូវ​ត្រី​សម្បូរ ខាង​ដា​យខ​ល​ទៅ​ពួកយើង ដោយ​សារ​យើង​ធ្លាប់ធ្វើ​រាល់​ឆ្នាំ​»​។

​អ្នកស្រី​បន្តថា សម្រាប់​ឆ្នាំនេះ​ត្រី​ធ្វើ​ប្រហុក​មានតម្លៃ​ចន្លោះ ពី ២ ៥០០ ដល់ ៣ ០០០​ រៀល ហើយ​អ្នកស្រី ក៏បាន​បញ្ជាក់ថា តម្លៃប្រែប្រួល​ទៅតាម​ថ្ងៃ​។​

​រដ្ឋបាល​ជលផល បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ដោយ បាន​បញ្ជាក់ថា ក្នុង​រដូវ​នេសាទ ឆ្នាំ​ ២០២២-២០២៣ រដូវ​ធ្វើ​​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី នឹង​ចាប់ផ្តើម​សម្បូរ​ច្រើន ចាប់​ពីថ្ងៃ​ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២៣៕

​រាយការណ៍​បន្ថែម​ដោយ នាង សុគន្ធា​

វីដេអូ៖