ភ្នំពេញៈ ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយប្រសិទ្ធភាព និងបើកប្រទេសឡើងវិញឆាប់រហ័ស បានជួយឱ្យកម្ពុជាអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,៩ លាននាក់ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កើនជាង ១០០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍។
ទិន្នន័យក្រសួងទេសចរណ៍ដែលទើបផ្សព្វផ្សាយចុងសប្តាហ៍មុន បង្ហាញថា ចាប់ពីខែមករាវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១ ៩១៤ ០៥៥ នាក់ កើនឡើង ១ ០៧១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១៦៣ ៣៦៦ នាក់។ ក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំ ២០២០ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិ ១ ២៨៦ ០៧៤ នាក់ ខណៈឆ្នាំ ២០១៩ ដែលជាពេលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតនោះ គឺរយៈពេល ១១ ខែមានភ្ញៀវរហូតដល់ ៥ ៨៩៨ ១៣០ នាក់។
បើតាមទិន្នន័យខាងលើ ភ្ញៀវជនជាតិថៃ មានចំនួនច្រើនជាងគេ គឺ ៧២០ ២០៣ នាក់ កើន ៨៦៨,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ស្មើនឹង ៣៧,៦ ភាគរយ នៃចំនួនភ្ញៀវសរុប, វៀតណាម ៤០១ ១៩៣ នាក់កើន ២ ៨៤៣,៥ ភាគរយ, ចិន ៩០ ៦៤៨ នាក់ កើនឡើង ១១៣,៨ ភាគរយ, អាមេរិក ៧៦ ៦៧០ នាក់ កើនឡើង ១៦៥១,៧ ភាគរយ,ឡាវ ៧៤ ៣២៧ នាក់ កើន ៣៣ ៨៣៩ ភាគរយ, ឥណ្ឌូនេស៊ី ៦៨ ១៦៧ នាក់ កើន ១ ០២២,៣ ភាគរយ និងប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី និងអង់គ្លេស ជាដើម។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកកម្ពុជាកើនឡើងវិញជាបន្តបន្ទាប់ ពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ចំនួននេះត្រូវរំពឹងថា នឹងកើនថែមទៀតក្នុងឆ្នាំ ២០២៣ នេះ ខណៈបច្ចុប្បន្នចំនួនក្រុមហ៊ុន/ទីភ្នាក់ងារទេសចរណ៍ និងភ្ញៀវអន្តរជាតិ ដែលបានស្វែងរកព័ត៌មានទាក់ទងនឹងសេវាកម្មទេសចរណ៍កម្ពុជា ដូចជា ជើងហោះហើរ, តំបន់ទេសចរណ៍, កន្លែងស្នាក់នៅ, ម្ហូបអាហារ និងសេវាកម្មមគ្គុទ្ទេសក៍កំពុងកើនឡើងជាលំដាប់។ លោកស្រីបន្តថា ភ្ញៀវចិននឹងមានកំណើនខ្ពស់ក្នុងឆ្នាំ ២០២៣ នេះ។
លោកស្រីប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមករាថា៖ «ដោយសារតែមុនវិបត្តិកូវីដ ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវជនជាតិចិនច្រើន ដូច្នេះការបើកទូលាយឡើងវិញរបស់ប្រទេសចិន នឹងជួយឱ្យកម្ពុជាស្រូបទាញទេសចរចិនបានច្រើនក្នុងឆ្នាំ ២០២៣ នេះ»។
លោកស្រីបន្តថា៖ «នៅពេលនេះក្រុមហ៊ុន/ទីភ្នាក់ងារដែលធ្លាប់មានអតិថិជនជាជនជាតិចិន គឺចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បាននិយាយថា ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្ត និងធ្វើធុរកិច្ចនៅកម្ពុជា បានហក់ឡើងច្រើននៅចុងឆ្នាំ ២០២២ ធៀបទៅនឹងឆ្នាំមុន។ ទោះយ៉ាងណា ចំនួននេះគឺនៅមានគម្លាតឆ្ងាយបើធៀបនឹងអំឡុងឆ្នាំ ២០១៩ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ជាង ៦ លាននាក់។
លោកថ្លែងថា៖ «កំណើននៅពេលនេះជាសញ្ញាល្អសម្រាប់អ្នកក្នុងវិស័យទេសចរណ៍ ប៉ុន្តែភាពផុយស្រួយគឺនៅតែមានច្រើន ព្រោះភាពមិនចុះសម្រុងគ្នារវាងប្រទេសធំៗ។ ភ្ញៀវក្នុងតំបន់នឹងនៅបន្តជាអាទិភាពនៅក្នុងដំណាក់កាលនេះ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ធ្លាប់លើកឡើងថា តាមការព្យាករក្នុងឆ្នាំ ២០២២ កម្ពុជាអាចទទួលបានភ្ញៀវអន្តរជាតិចន្លោះពី ១,៥-២ លាននាក់។
ទោះជាយ៉ាងណា លោកស្រី ស៊ីលីន បាននិយាយថា តាមការព្យាករចុងក្រោយរបស់ក្រសួងទេសចរណ៍ គឺនៅក្នុងឆ្នាំ ២០២២ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២,២ លាននាក់។
ក្រសួងទេសចរណ៍ឱ្យដឹងថា កាលពីឆ្នាំ ២០២១ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុប ១៩៦ ៤៩៥ នាក់ ថយចុះ ៨៥ ភាគរយធៀបឆ្នាំ ២០២០ ដោយរកចំណូលបាន ១៨៤ លានដុល្លារ ថយ ៨២ ភាគរយ៕