ភ្នំពេញៈ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានទឹកប្រាក់សរុបជាង ៨,៥ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កើនជាង ១/៥ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលក្នុងនោះការនាំទំនិញពីកម្ពុជានាំទៅអាមេរិក គ្របដណ្តប់រហូតជាង ៩៦ ភាគរយនៃចំនួនទឹកប្រាក់នាំចេញ-នាំចូលសរុប។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាមេរិក មានតម្លៃសរុប ៨ ៥១០,៤១៣ លានដុល្លារកើនឡើង ២១,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៦ ៩៨៧,៩៩១លានដុល្លារ។
ផ្អែកតាមទិន្នន័យខាងលើ គឺការនាំទំនិញពីកម្ពុជាទៅអាមេរិក រយៈពេល ១១ ខែ ឆ្នាំ ២០២២ មានទឹកប្រាក់ ៨២១៧,៦១៤ លានដុល្លារ កើន ២៣ ភាគរយពីចំនួន ៦ ៦៨០,៤៩៤ លានដុល្លារ ចំណែកទំនិញនាំពីអាមេរិកមកកម្ពុជា មាន ២៩២,៧៩៨ លានដុល្លារធ្លាក់ចុះ ៤,៨ភាគរយ ពីចំនួន ៣០៧,៤៩៧ លានដុល្លារ។
បើតាមតួលេខនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពប្រមាណ ៧ ៩២៤,៨១៦ លានដុល្លារ។ អាមេរិកគឺជាទីផ្សារទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេដោយមានចំណែកទីផ្សារ ៤០,២ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា និងឈរនៅលេខ ១១ ជាប្រទេសនាំទំនិញមកកម្ពុជា ដែលមានចំណែកទីផ្សារត្រឹម ១,១ ភាគរយ។
ដោយឡែកបើគិតពីចំនួនទឹកប្រាក់ធ្វើពាណិជ្ជកម្មទ្វេភាគីក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ គឺមានចំនួន ៦២០,១៧៨ លានដុល្លារ ធ្លាក់ចុះ ២,២៨ភាគរយ។ ការនាំចេញពីកម្ពុជា មាន ៦០៥,២៤៦ លានដុល្លារ ធ្លាក់ចុះ ០,៩ភាគរយ និងនាំចូល ២០,២៤១ លានដុល្លារ ធ្លាក់ចុះ ៣១,២ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ថា មូលហេតុដែលធ្វើឱ្យការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកកើនឡើងគឺរួមមាន ការបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP និងការលើកលែងពន្ធ ១០០ភាគរយពីការនាំចេញផលិតផលបន្ទះសូឡា និងផលិតផលអគ្គិសនីមួយចំនួន, ច្បាប់វិនិយោគកម្ពុជាមានលក្ខណៈអំណោយផល, ផលិតផលកម្ពុជាមានភាពចម្រុះ និងគុណភាពកម្រិតស្តង់ដា, និងមានក្រុមហ៊ុនបញ្ជាទិញច្រើន។
លោកបន្តថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកពេលនេះមិនទាន់រឹងមាំ ប៉ុន្តែលោកជឿថា ទីផ្សារទំនិញកម្ពុជាទៅអាមេរិកនឹងនៅបន្តសញ្ញាវិជ្ជមានថែមទៀត។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជានឹងកើនថែមទៀត ព្រោះកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំង ២ កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ»។
យោងតាមលោក លឹម ហេង ការធ្វើដំណើរមកប្រទេសកម្ពុជារបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក៏បានរួមចំណែកយ៉ាងច្រើនក្នុងការបើកឱកាស ក៏ដូចជាផ្តល់ទំនុកចិត្តសម្រាប់វិនិយោគិនអាមេរិកឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាដែរ។
ភាគច្រើននៃផលិតផលកម្ពុជានាំទៅអាមេរិក ជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជាមានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ។ នេះបើតាមលោក លឹម ហេង។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការនាំទំនិញពីកម្ពុជាទៅអាមេរិក នៅតែបង្ហាញសញ្ញាវិជ្ជមានទោះបីឆ្នាំ ២០២២ កន្លងមកកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អក៏ដោយ។ កិច្ចសន្ទនាល្អៗរវាងថ្នាក់ដឹកនាំប្រទេសទាំង ២ ជាពិសេសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកមកកម្ពុជា គឺជាព័ត៌មានល្អសម្រាប់អ្នកវិនិយោគ ឬក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា។ លោកបានបញ្ជាក់ថា បរិមាណទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក នឹងរីកធំថែមទៀត ហើយអាចនឹងមានលក្ខណៈចម្រុះកាន់តែច្រើនផងដែរ។
លោកអះអាងថា៖ «បើមើលទៅលើទិដ្ឋភាពទូទៅ គឺភាពវិជ្ជមាននេះនឹងបន្តមានទៀត ហើយនឹងមិនមែនសុទ្ធតែជាផលិតផលវាយនភណ្ឌឡើយ»។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា កំណើនការនាំចេញរបស់កម្ពុជាក្នុងរយៈពេលជិត ១ ឆ្នាំ ២០២២ កន្លងមកក៏ដោយសារតែកម្ពុជាទទួលបានភាពចំណេញពីទីផ្សារប្រទេសមួយចំនួនដែលជួបវិបត្តិបណ្តាលមកពីការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ មិនបានល្អ និងប្រទេសមួយចំនួនដែលមានបញ្ហាអសន្តិសុខផងដែរ។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ៧ ៨២៦,៤៩ លានដុល្លារ កើន ៤០,៤ ភាគរយធៀបនឹងឆ្នាំ ២០២០។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕