ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ការស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍នឹងតម្រូវឱ្យបង់ប្រាក់ជាធម្មតាវិញ ដោយពុំមានការលើកលែងកម្រៃទៀតឡើយ។ ការប្រកាសពីការយកកម្រៃនេះធ្វើឡើងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២ខែមករា ឆ្នាំ២០២៣ និងយោងតាមប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ ដែលបានផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ទោះជាយ៉ាងណាអ្នកជំនាញស្នើដល់រាជរដ្ឋាភិបាលគួរតែពិចារណាពន្យារពេលយកកម្រៃ១ឆ្នាំទៀតដើម្បីឱ្យម្ចាស់អាជីវកម្មមានលទ្ធភាពគ្រប់គ្រាន់។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកថ្លែងថា លោកមិនជំទាស់ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការយកកម្រៃចំពោះការស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលគួរតែពិចារណាម្តងទៀតដោយពិនិត្យទៅមើលតថភាពជាក់ស្តែងលើវិស័យទេសចរណ៍របស់កម្ពុជានាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងកម្រិតណា។
លោកបន្តថា លោកនៅតែមិនមើលឃើញច្បាស់ពីវិស័យទេសចរណ៍កម្ពុជាដោយប្រៀបប្រដូចទៅនឹងកូនក្មេងចេះដើរ និងអង្គុយដូច្នោះដែរ។ យ៉ាងណាលោកក៏ទទួលស្គាល់ដែរថា មានក្រុមហ៊ុនខ្លះក៏បាននាំភ្ញៀវពីប្រទេសថៃវៀតណាមនិងអឺរ៉ុបខ្លះដែរ ប៉ុន្តែឱ្យមានលក្ខណៈទ្រង់ទ្រាយធំ មិនមាននោះទេ។
លោកថ្លែងថា៖«ខ្ញុំឃើញថា វាមិនទាន់អាចរស់បានទេ ហើយចំនួនភ្ញៀវទេសចរ២លាននាក់ដែលរាជរដ្ឋាភិបាលបានប្រកាស នៅក្នុងឆ្នាំ២០២២ទៀតសោត ក្រៅពីអ្នកវិនិយោគ អ្នកចេញ-ចូលធម្មតា ដូចជាមិនទាន់មានអ្វីប្លែកទេ។អ៊ីចឹងទេ អ្នកមាននៅក្នុងកញ្ចប់ធួរដូចមុនកាលកូវីដ វានៅឆ្ងាយមែនទេ។ ដូច្នេះ វិស័យឯកជននៅតែត្រូវការរដ្ឋាភិបាលយោគយល់ និងអាចពន្យារពេល១ឆ្នាំទៀតទៅលើបន្តអាជ្ញាប័ណ្ណហ្នឹង»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បាន ចេញប្រកាសអន្តរក្រសួង ស្ដីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ, ផ្ទះសំណាក់,ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ,ខេត្តសៀមរាប,ខេត្តព្រះសីហនុ,ខេត្តកែប,ខេត្តកំពត,ក្រុងបាវិតនិងក្រុងប៉ោយប៉ែតសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ។
ទោះជាយ៉ាងណា ករណីមានបំណុលសល់មុនវិបត្តិនៃជំងឺកូវីដ១៩ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តដទៃទៀតត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ២០២១។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
សេចក្តីប្រកាសអន្តរក្រសួងនេះក៏បន្តលើកលែងការបង់ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀតសម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានេះក៏បានលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលស្ថិតក្នុងសុពលភាព។ សុពលភាពនៃការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕