ភ្នំពេញៈ ក្រុមហ៊ុនឆាយណា ជីនវ័រយាន អ៊ីមផត អិចផត ខេមបូឌា ដែលជាក្រុមហ៊ុនទទួលទិញមៀនប៉ៃលិនពីកសិករ សម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឲ្យដឹងថា គុណភាព និងរូបរាងមៀនប៉ៃលិន របស់កសិករនិងម្ចាស់ចម្ការនៅក្នុងខេត្តប៉ៃលិន គឺល្អជាង មៀនប៉ៃលិន ដែលដាំដុះនៅខេត្តដទៃទៀត។
លោក សារ ចំរើន តំណាង ក្រុមហ៊ុនឆាយណា ជីនវ័រយាន នេះ បានប្រាប់ថា គុណភាពមៀនប៉ៃលិនរបស់ម្ចាស់ចម្ការចំនួន៤៧ នៅក្នុងខេត្តប៉ៃលិន មានគុណភាពល្អជាងមៀនប៉ៃលិននៅខេត្តដទៃ ទាំងរូបរាង និងរសជាតិ ដែលការលើកសរសើរនេះ គឺបានមកពីប្រជាជនចិន ដែលទិញបរិភោគ បន្ទាប់មៀននេះ បាននាំចេញជាបន្តបន្ទាប់កាលពីដើមខែតុលាកន្លងទៅ។
លោក ចំរើនបានបន្ថែមថាក្រុមហ៊ុនបានបន្តលើកទឹកដល់ម្ចាស់ចម្ការទាំងអស់ ខិតខំប្រឹងប្រែង ដាំមៀនប៉ៃលិនឲ្យបានល្អ ធ្វើយ៉ាងណាគោរពទៅតាមលក្ខខណ្ឌភូតគាមអនាម័យ ដែលអគ្គរដ្ឋបាលគយចិនបានកំណត់ ទើបការនាំចេញមិនមានបញ្ហា និងទទួលបានការបញ្ជាទិញកាន់តែច្រើន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖«ក្រុមហ៊ុនបានប្រមូលទិញមៀនប៉ៃលិនជារៀងរាល់ថ្ងៃពីម្ចាស់ចម្ការ ដែលមិនត្រឹមតែក្នុងខេត្តប៉ៃលិននោះ រួមទាំងខេត្តបាត់ដំបង បន្ទាយមានជ័យជាដើម។ ក្រុមហ៊ុនចិនមើលឃើញថា មៀនប៉ៃលិន ដែលដាំដុះក្នុងខេត្តប៉ៃលិន ដាំដុះបានស្អាតល្អជាងគេ ធ្វើឲ្យខាងប្រទេសចិនគេពេញចិត្តណាស់»។
តែយ៉ាងណាមិញ បច្ចុប្បន្ន អ្នកដាំដុះមៀនប៉ៃលិន កំពុងជួបបញ្ហាប្រឈមនឹងការខ្វះខាតទឹក ក្នុងការស្រោចស្រពដំណាំ ដែលការនាំឲ្យទិន្នផលមៀនធ្លាក់ខ្លះដែរ។
ទន្ទឹមនឹងនេះ ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ឱ្យដឹងថា ការដាំដុះមៀនប៉ៃលិន កំពុងតែជួបបញ្ហាប្រឈមខ្លះទាក់ទងនឹងកង្វះខាតប្រព័ន្ធធារាសាស្ត្រ ស្រោច ស្រព និងមានកសិករមួយចំនួនធំ មិនទាន់អនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម ឱ្យអនុវត្តការដាំដុះតាម GAP នៅឡើយ។
លោកបានគូសបញ្ជាក់ថា៖«យើងមានការព្រួយបារម្ភខ្លះដែរ ព្រោះមកទល់នឹងបច្ចុប្បន្ននេះ កសិករដាំដុះមៀនប៉ៃលិន មិនទាន់បានទៅចុះបញ្ជី ដើម្បីរៀនសូត្រពីការអនុវត្តកសិកម្មល្អបានច្រើននៅឡើយទេ។ម្យ៉ាងវិញទៀត បញ្ហាទឹកក៏អាចធ្វើឲ្យគុណភាពផ្លែមៀនអន់ថយបានដែរ ដែលបញ្ហានេះ យើងកំពុងពិភាក្សាជាមួយមន្ទីរកសិកម្ម»។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានក្រុមហ៊ុនចំនួន ៧ និងកសិដ្ឋានចំនួន៦៤ ដែលទទួលបានការអនុញ្ញាត ក្នុងការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន នារដូវប្រមូលផល កាលពីខែដើមខែតុលា ឆ្នាំ២០២២កន្លងទៅ។
បើតាមតំណាង ក្រុមហ៊ុនឆាយណា ជីនវ័រយាន គិតមកដល់ពេលនេះ ការនាំចេញផ្លែមៀនស្រស់តាមរយៈក្រុមហ៊ុននេះ បានចំនួនប្រមាណជាង២០០០តោនហើយ ដោយក្នុង១ថ្ងៃក្រុមហ៊ុនអាចនាំចេញបាន១ទៅ២កុងតឺន័រ ដោយ១កុងតឺន័រស្មើនឹងជិត២៥តោន។
លោក ចំរើន អះអាងថា ក្រុមហ៊ុនមិនមានផែនការកំណត់ទិញផ្លែមៀនស្រស់នៅក្នុងឆ្នាំ២០២៣នេះទេ ដោយក្រុមហ៊ុនប្រមូលទិញពីកសិករ ទៅតាមចំនួនដែលកសិករប្រមូលផលបាន ដែលមិនមានការកំណត់បរិមាណឡើយ។
ផ្លែមៀនស្រស់ បានក្លាយជាផលិតផលកសិផលទី៣ របស់កម្ពុជាដែលអាចនាំទៅលក់នៅទីផ្សារចិនជាផ្លូវការកាលពីដើមខែតុលា ឆ្នាំ២០២២ បន្ទាប់ពីផ្លែស្វាយ និងចេក ហើយកាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅថ្មីៗនេះមៀនប៉ៃលិនរបស់កម្ពុជា ទើបតែបានសម្ពោធដាក់លក់លើទីផ្សារអនឡាញរបស់ Alibaba Group នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ដែលការលក់ជាផ្លូវការលើទីផ្សារអនឡាញ Alibaba Group របស់ចិននេះ ត្រូវបានសាទរយ៉ាងខ្លាំងពីភាគីចិននិងកម្ពុជា។
យោងតាមទិន្នន័យ ពីក្រសួងកសិកម្ម បានបង្ហាញ បច្ចុប្បន្នការដាំមៀនប៉ៃលិនកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
ក្នុងនោះខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប្រមាណជា៥០០០ហិកតា ខេត្តបាត់ដំបង មានផ្ទៃដីដាំដុះមៀនមានប្រមាណ ជិត៧០០០ហិកតា និងបន្ទាយមានជ័យជិត២០០០ហិកតា។មៀនប៉ៃលិននេះផ្តល់ផលជាមធ្យមពី ៧៣០ តោនក្នុង ១ ហិកតាអាស្រ័យលើការថែទាំ៕