ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជានឹងមិនរើសអើង ហើយបើកទ្វារទទួលស្វាគមន៍ភ្ញៀវចិនជាមួយក្តីរំពឹងថានឹងអាចទទួលបានទេសចរចិនប្រមាណ ២ លាននាក់ក្នុងឆ្នាំ ២០២៣ នេះ ខណៈប្រទេសមួយចំនួនលើពិភពលោកកំពុងស្ទាក់ស្ទើរ ឬបានដាក់ចេញវិធានការទាក់ទងនឹងការធ្វើដំណើររបស់ជនជាតិចិនដោយបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ ឡើងវិញនៅក្នុងប្រទេសចិន។
ថ្លែងពីខេត្តក្រចេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ លោក ហ៊ុន សែន បានឱ្យដឹងថា ចិនដែលជាប្រទេសធំ និងមានប្រជាជនច្រើនជាងគេនៅលើពិភពលោកបានប្រកាសបើកប្រទេសវិញហើយជាមួយនឹងចរន្តនៃការធ្វើដំណើរទៅក្រៅប្រទេសរាប់សិប ឬដល់រយលាននាក់ក្នុង ១ ឆ្នាំៗ ដូច្នេះនេះជាឱកាសសម្រាប់ប្រទេសកម្ពុជាក្នុងការទាក់ទាញទេសចរចិនឱ្យធ្វើដំណើរមកកម្ពុជា ខណៈមុនវិបត្តិជំងឺកូវីដ ១៩ (ឆ្នាំ២០១៩) កម្ពុជាទទួលបានភ្ញៀវចិនរហូតដល់ជាង ២,២ លាននាក់។
លោកបន្តថា បើទេសចរចិនមកកម្ពុជាច្រើន វានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់កាន់តែខ្លាំង ខណៈវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ ម(លើកលែងវិស័យទេសចរណ៍) បានបង្ហាញពីកំណើនបន្តបន្ទាប់រួចហើយ បើទោះបីសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិមួយចំនួន ពិសេសការកើនឡើងតម្លៃប្រេង។
លោកបញ្ជាក់ថា ទេសចរចិននឹងរួមចំណែកច្រើននៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងដំណាក់កាលនេះ ក៏ដូចជានៅពេលអនាគត។
លោកថ្លែងថា៖ «ក្នុងប៉ុន្មានថ្ងៃមកនេះយើងក៏បានឃើញការឃោសនាអកុសលពីបញ្ហាការឆ្លងរាលដាលកូវីដ ១៩ នៅក្នុងប្រទេសចិន ដែលជាការបំភ័យ ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយប្រទេសចិន ក៏សូមតឹងតែងចុះ ព្រោះនោះវានឹងផ្តល់ផលចំណេញឱ្យកម្ពុជា។ ឧបមាថាគេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះគេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិនត្រូវធ្វើនេះត្រូវធ្វើនោះក្នុងពេលដែលកម្ពុជាអត់មានតម្រូវឱ្យប្រជាជនចិនត្រូវធ្វើអ្វីទេ គឺមកទេសចរណ៍ធម្មតា ដូច្នេះអ្នកណាចង់ធ្វើអីវាជាសិទ្ធិរបស់ប្រទេសនោះ ប៉ុន្តែកម្ពុជាសូមអញ្ជើញប្រជាជនចិន អ្នកទេសចរចិនមកកម្ពុជា»។
លោកបានបន្តថា សម្រាប់ឆ្នាំ ២០២២ កម្ពុជាមានទេសចរបរទេសប្រមាណ ២,២ លាននាក់ ដូច្នេះបើក្នុងឆ្នាំ ២០២៣ នេះកម្ពុជាអាចទទួលបានទេសចរបរទេសក្នុងរង្វង់ ៤-៥ លាននាក់នោះ វានឹងធ្វើឱ្យគ្រប់សកម្មភាពសេដ្ឋកិច្ចទាំងអស់មានដំណើរការល្អឡើងវិញជាមិនខាន។
ទោះបីយ៉ាងណា លោក ហ៊ុន សែន ក៏បានជំរុញឱ្យប្រជាជនកម្ពុជាទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។
លោក ទៀ គីឡេង អតីតប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែមករាថា ក្នុងនាមអ្នកនៅក្នុងវិស័យទេសចរណ៍លោករីករាយខ្លាំងចំពោះព័ត៌មានដែលថារដ្ឋាភិបាលចិននឹងបើកឱ្យប្រជាជនខ្លួនអាចធ្វើដំណើរទៅក្រៅប្រទេសបានឡើងវិញ ហើយរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសទទួលភ្ញៀវទេសចរចិន ដោយមិនមានការកំណត់លក្ខខណ្ឌផ្សេងៗផងដែរ។ មុនពេលមានវត្តមានកូវីដ ១៩ ទេសចរចិនបានបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់អ្នកនៅក្នុងវិស័យទេសចរណ៍ ហើយតាមរយៈចំនួនដ៏ច្រើននៃទេសចរចិន កេរ្តិ៍ឈ្មោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រកម្ពុជា (ក្រុមប្រាសាទបុរាណ) ក៏ត្រូវបានផ្សព្វផ្សាយបន្តគ្នាយ៉ាងទូលំទូលាយផងដែរ។
លោកប្រាប់ថា៖ «ទោះពេលនេះមានព័ត៌មានថាប្រទេសចិនកំពុងមានការរីករាលដាលជំងឺកូវីដឡើងវិញ ប៉ុន្តែយើងនៅតែរីករាយចំពោះការចូលមកដល់របស់ពួកគេ ខណៈអ្នកនៅក្នុងសមាគមរបស់យើងបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ បាន ១០០ ភាគរយហើយ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងថា ការប្រកាសរបស់រដ្ឋាភិបាល គឺពិតជាមានសារៈសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យចូលមកកម្ពុជាបានកាន់តែច្រើន។ កម្ពុជាមិនបានដាក់របាំងសម្រាប់ជនជាតិចិនដូចប្រទេសមួយចំនួនឡើយ។ លោកបន្តថា ទេសចរចិនគឺជាប្រភពសំខាន់សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ថា៖ «ភ្ញៀវទេសចរចិនអាចចាត់ទុកថាជាភ្ញៀវយុទ្ធសាស្ត្រ ព្រោះចំនួនភ្ញៀវចិនគឺមានភាពលើសលប់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងប្រទេសជាច្រើនទៀតលើពិភពលោក»។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១ ៩១៤ ០៥៥ នាក់ កើនឡើង ១ ០៧១,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានចំនួន ១៦៣ ៣៦៦ នាក់។
ក្នុងនោះភ្ញៀវជនជាតិចិន ៩០ ៦៤៨ នាក់ កើនឡើង ១១៣,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតជាង ៦,៦ លាននាក់ គឺភ្ញៀវចិន មានចំនួន ២ ៣៦១ ៨៤៩ នាក់៕
វីដេអូ៖