ព្រះសីហនុៈក្រោយពីការដាក់ឱ្យដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែលស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុរួចមក ស្ថានីយនេះ បានបំពាក់បច្ចេកវិទ្យាទំនើប Membrane Aerated Biofilm Reactor (MABR) ដែលបច្ចេកវិទ្យានេះ បាននិងកំពុងរួមចំណែកជួយប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងតាមរយៈការធ្វើឱ្យបរិស្ថានល្អ គ្មានការបំពុលបរិស្ថាន និងជីវចម្រុះក្នុងសមុទ្រ។ នេះបើតាមការអះអាងរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។
យោងតាមវីដេអូ របស់ក្រសួងបរិស្ថាន ដែលមានរយៈពេលជាង៣នាទី បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់កម្រិតស្តង់ដាពីប្រទេសអ៊ីស្រាអែល ដែលជាស្នាដៃបង្កើតឡើង ដោយក្រុមវិស្វករកូនខ្មែរសុទ្ធសាធ។
ជាក់ស្តែងដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ ដែលជាស្ថានីយប្រព្រឹត្តិកម្មទី២ គឺមានសមត្ថភាពក្នុងការប្រព្រឹត្តិកម្មទឹកកខ្វក់បានបរិមាណ ៧ ២០០ម៉ែត្រគុប ក្នុង១ថ្ងៃ និងត្រូវចែកចេញជា ៩ដំណាក់កាលសំខាន់ៗ។
ក្រសួងបានបន្តថា ស្ថានីយប្រព្រឹត្តិកម្មនេះដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តិកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដាខ្ពស់។
ជាងនេះទៀត ក្រោយពីបានប្រើប្រាស់នូវបច្ចេកវិទ្យា MABR ឃើញថា ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអគាររស់នៅរបស់ពលរដ្ឋ ត្រូវបានប្រមូលផ្តុំនឹងត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋម តាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ២មិលី្លម៉ែត្រ។
ក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា៖ «ទឹកកខ្វក់នេះត្រូវបានបូមឡើងចូលទៅក្នុងអាងទឹក ដែលអាចច្រោះសំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ៦មិលី្លម៉ែត្រ ហើយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំធំជាង ឬស្មើ១មិលី្លម៉ែត្រ»។
ក្នុងដំណាក់កាលអាងចម្រោះបឋមនេះ ភាគល្អិត និងសមាសធាតុសរីរាង្គដែលមានទំហំធំជាង ឬស្មើ ១មិលី្លម៉ែត្រត្រូវបានយកចេញ ហើយទឹកកខ្វក់នេះ បន្តហូរចូលអាងចម្រោះផ្សេងទៀតរហូតបានក្លាយជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្របានដោយសុវត្ថិភាពមិនប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះឡើយ។
តាមរយៈការដាក់ឱ្យដំណើរការប្រើប្រាស់បច្ចេកវិទ្យានេះដែរ គឺត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ពិសេសសន្សំសំចៃថាមពលប្រមាណ១៨ម៉ឺនដុល្លារ ក្នុង១ឆ្នាំផងដែរ។
បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់នេះ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដាបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR ។
ជាងនេះទៀត លោកថា កម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចក្លាយជា «ក្បាលម៉ាស៊ីនស្នូល» ថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក គួច ចំរើន បានបញ្ជាក់ថា ៖ «ហេតុនេះ បច្ចេកវិទ្យា MABR កំពុងរួមចំណែកឈានទៅជួយឱ្យសម្រេចគោលដៅខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីទាក់ទាញទេសចរមកកាន់ខេត្តព្រះសីហនុថែមទៀត»។
សូមបញ្ជាក់ថា បច្ចេកវិទ្យា MABR ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology។ គិតមកដល់បច្ចុប្បន្នស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ បានធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានប្រមាណជិត៦០ម៉ឺនម៉ែត្រគុប ខណៈទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវចម្រុះក្នុងសមុទ្រនោះទេ៕