ភ្នំពេញៈ ក្រុមហ៊ុនផលិតគ្រឿងអលង្ការអន្តរជាតិដ៏ល្បីមួយបានប្រកាសជ្រើសរើសយកកម្ពុជាធ្វើជាគោលដៅសម្រាប់បង្កើតរោងចក្រផលិតគ្រឿងអលង្ការរបស់ខ្លួនដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ដោយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅដើមឆ្នាំ២០២៤ ខាងមុខ។
ព័ត៌មាននេះត្រូវបានបង្ហាញកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ក្នុងឱកាសជំនួបរវាងលោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយនឹងប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយដែលសម្រេចជ្រើសរើសយកកម្ពុជាជាគោលដៅវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗលើពិភពលោក។
CDC បានឱ្យដឹងថា៖ «ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយសារសម្លឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
បើតាម CDC ក្រុមហ៊ុននេះបានមកសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជាតាំងពីដើមឆ្នាំ ២០១៩ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ ២០២៤ ខាងមុខ។ ទោះជាយ៉ាងណាក្រុមហ៊ុនរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះទេ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣ ខែមករា ថា កត្តាស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, កម្លាំងពលកម្មជំនាញសម្បូរបែប និងមានតម្លៃសមរម្យ, ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រដែលមិនទទួលរងការគំរាមកំហែងពីគ្រោះធម្មជាតិ បានធ្វើឱ្យអ្នកវិនិយោគក្នុងស្រុក និងបរទេស កាន់តែច្រើនសម្រេចចិត្តបញ្ចេញទុនវិនិយោគនៅកម្ពុជា។
វត្តមានក្រុមហ៊ុនផលិតគ្រឿងអលង្ការដ៏ល្បីដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំក្រោយនឹងក្លាយជាកម្លាំងស្រូបបន្ថែមទៀតចំពោះក្រុមហ៊ុនធំៗឱ្យចូលមកវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាក៏មានវត្តមានរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗរួចជាស្រេចហើយ ដូចជា Toyota, Ford, និង Coca-Cola ជាដើម។
លោកបញ្ជាក់ថា៖ «ជាការពិតកម្ពុជាពេលនេះកំពុងទាក់ទាញបានក្រុមហ៊ុនធំៗលំដាប់ពិភពលោកកាន់តែច្រើនឱ្យចូលមកវិនិយោគដោយផ្ទាល់។ វត្តមានរបស់ក្រុមហ៊ុនលំដាប់យក្សទាំងអស់នេះកំពុងឆក់ទាញក្រុមហ៊ុនធំៗកាន់តែច្រើនទៀតឱ្យចូលមកវិនិយោគនៅកម្ពុជា»។
បើតាមលោក លឹម ហេង បច្ចុប្បន្នកម្ពុជាបាននាំចូលគ្រឿងអលង្ការដូចជា មាស ត្បូង ពេជ្រ ជាច្រើនពីក្រៅប្រទេសមកបំពេញតម្រូវការក្នុងស្រុក។បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៤ កំពុងវិនិយោគទៅលើការចម្រាញ់រ៉ែមាសនៅកម្ពុជា ដោយគិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនទាំង ៤ ចម្រាញ់រ៉ែមាសបានប្រមាណ ៤,៨ តោន។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ បានលើកឡើងថា ចាប់តាំងពីកម្ពុជាបើកដំណើរការអាជីវកម្មរ៉ែមាស នាខែមិថុនា ឆ្នាំ២ ០២១ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនទាំង ៤ ចម្រាញ់រ៉ែមាសបានចំនួន ៤ ៨២៥ គីឡូក្រាម នៅលើទីតាំង ៤ កន្លែងផ្សេងគ្នា (ខេត្តចំនួន ៣ គឺខេត្តព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី)។
លោកបន្ថែមថា ក្នុងចំណោមរ៉ែមាសដែលផលិតបាននោះ គឺក្រុមហ៊ុន Xing Yuan Kanng Yeak នៅខេត្តក្រចេះ ចម្រាញ់រ៉ែមាស បាន ២២ គីឡូក្រាម ដែលជាមាសទឹក ១០ និងលក់ក្នុងប្រទេសកម្ពុជា, ក្រុមហ៊ុន Xinshan Industrial Cambodia នៅខេត្តព្រះវិហារ ចម្រាញ់ បានចំនួន ៤៥ គីឡូក្រាម ក្រុមហ៊ុន Delcom Kampuchea នៅខេត្តព្រះវិហារ ចម្រាញ់បាន ១៦០ គីឡូក្រាម និងក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាស បាន ៤ ៥៩៨ គីឡូក្រាម។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែវិច្ឆិកាថា បច្ចុប្បន្នរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនតែ ៤ ខាងលើប៉ុណ្ណេះ។ លោកបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង ៤ គឺមានតែ Renaissance មួយប៉ុណ្ណោះដែលចម្រាញ់ ៩០ ភាគរយដើម្បីដឹកចេញទៅក្រៅប្រទេសបន្សុទ្ធឱ្យទៅជា ៩៩,៩៩ ភាគរយ ឬខ្មែរហៅថា មាសទឹក ១០។ ក្រៅពីនោះគឺជាក្រុមហ៊ុនដែលចម្រាញ់មាសសុទ្ធ គឺ ៩៩,៩៩ នៅក្នុងស្រុក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយថា កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ (ខេត្តមណ្ឌលគិរី) នឹងផ្តល់ផលប្រយោជន៍ចំណូលដុលជាមធ្យម ១៨៥ លានដុល្លារក្នុង ១ ឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗមានជាមធ្យម ៤០ លានដុល្លារ ក្នុង ១ ឆ្នាំ៕