ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសថៃ បានកើនឡើងយ៉ាងខ្ពស់នៅក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ ដោយសម្រេចបានជាង ៧៥៦ លានដុល្លារកើនឡើង ៣៥,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រជាជាតិអាស៊ានទាំង ២ និងការលើកកម្ពស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានកើនដល់ជាង ៤,២៩ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងឆ្នាំ ២០២២ កើនជាង ១៨,៣ ភាគរយពីចំនួនជាង ៣,៦ ពាន់លានដុល្លារក្នុងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញពីកម្ពុជាសម្រេចបានជាង ៧៥៦ លានដុល្លារ កើនឡើងពី ៥៥៨,៦ លានដុល្លារ ស្មើនឹង ៣៥,៤ ភាគរយ ខណៈការនាំចូលបានកើនជិត ៣,៥៤ ពាន់លានដុល្លារ ពីចំនួនជិត ៣ ពាន់លានដុល្លារ ស្មើ ១៥,២ ភាគរយ។
លោក សរ សារិន អនុប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានឱ្យដឹងថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង ២ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរទំនិញប្រទេសជិតខាងទាំង ២ បូករួមនឹងកំណើនតម្រូវការដោយសារការបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ១៩ ដែលអនុញ្ញាតឱ្យភ្ញៀវ-ទេសចរអាចទៅទស្សនាប្រទេសមួយនេះបានកាន់តែងាយស្រួល។
លោកលើកឡើងថា៖ «ប្រទេសយើងទាំង ២ មានទំនាក់ទំនងជិតស្និទ្ធទាក់ទងនឹងសេដ្ឋកិច្ច និងការទូត ដែលជាកត្តាសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម។ ដូចយើងឃើញហើយថា បន្ទាប់ពីកូវីដ ១៩ ធូរស្រាល លំហូរទេសចរបរទេសកំពុងត្រឡប់មកប្រទេសយើងទាំង ២ វិញ ដូច្នេះមានកំណើនតម្រូវការ ហើយសកម្មភាពអាជីវកម្មក៏ស្ទុះងើបឡើងវិញផងដែរ»។
លោកបន្តថា ចាប់តាំងពីការបង្កើត CBC រយៈពេលជាង ២ ឆ្នាំមក ស្ថាប័នលោកកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយផលិតផល និងសក្តានុពលរបស់កម្ពុជាដល់ពាណិជ្ជករ និងវិនិយោគិនថៃ។
លោកបញ្ជាក់ថា៖ «យើងបានធ្វើការជាមួយសហគមន៍ធុរកិច្ចថៃជាច្រើនក្នុងគោលបំណងផ្សព្វផ្សាយពីផលិតផលរបស់យើងទៅកាន់ទីផ្សារថៃ ពីព្រោះយើងចង់ជំរុញការនាំចេញរបស់យើង ជាជាងការនាំចូល»។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ្ឌ កាលពីពេលថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាំងពីស្ថានភាពការរីករាលដាលជំងឺកូវីដ ១៩ ធូរស្រាល ហើយប្រទេសទាំង ២ បានបើកឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយ គឺសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានសម្ទុះខ្លាំងគួរឱ្យកត់សម្គាល់។
លោកថ្លែងថា៖ «ខ្ញុំបានអនុវត្តចាប់តាំងពីប្រទេសយើងបានបើកឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន ពាណិជ្ជកម្មរវាងប្រទេសទាំង២មានសម្ទុះខ្លាំង។ យើងបានលើកកម្ពស់ការទូតសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងគោលបំណងជំរុញទំនិញរបស់យើងចូលទៅក្នុងទីផ្សារថៃ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុធ ចានអូចា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំមុន បានកំណត់គោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យកើនឡើងដល់ ១៥ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំនេះ។
នាយករដ្ឋមន្ត្រីប្រទេសទាំង ២ បានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីទោះបីជាមានការប្រឈមដោយជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀតក៏ដោយ៕