
គណៈប្រតិភូខេត្តព្រះសីហនុបានចុះទៅពិនិត្យរោងចក្រផលិតសម្បករថយន្តនាពេលថ្មីៗនេះ។ រូប សហការី
ភ្នំពេញៈ ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតសម្បកកង់រថយន្តដំបូងគេខាងមុខ បន្ទាប់ពីក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី មានមូលដ្ឋាននៅប្រទេសចិនដែលបានវិនិយោគទឹកប្រាក់ជិត ៣០០ លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែ ឧសភា។ នេះបើយោងតាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំ ពាក្យសាលាខេត្តព្រះសីហនុបានថ្លែងមកកាន់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រុមហ៊ុន នេះបានបណ្តាក់ទុនវិនិយោគប្រមាណ ៣០០ លានដុល្លារ បង្កើតរោងចក្រផលិតសម្បកកង់រថយន្ត» នៅលើផ្ទៃដី ២៨ ហិកតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកថា រោងចក្រផលិតសម្បកកង់រថយន្តនេះ បានចាប់ផ្ដើមសាងសង់តាំងពីដើមឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់នៅក្នុងខែ ៥ ២០២៣ និងចាប់ផ្ដើមផលិតកង់ឡានបាន ដោយក្នុងរយៈពេល ១ ឆ្នាំអាចផលិតប្រភេទកង់ឡានធុនតូច ៥ លានកង់ និងកង់ឡានប្រភេទធុនធំ ៩០ ម៉ឺនកង់ក្នុង ១ ឆ្នាំ ហើយប្រើប្រាស់កម្លាំងកម្មករប្រហែលជា ១ ៦០០ នាក់ ដែលភាគច្រើនជាកម្មករក្នុងស្រុក។
លោក ភារម្យបានថ្លែងថា៖ «បន្ទាប់ពីការសាងសង់រោងចក្រផលិតសម្បកកង់នេះត្រូវបានបញ្ចប់ ពួកគេនឹងចាប់ផ្តើមផលិតតែម្តង»។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា ចំពោះវត្ថុធាតុដើមគឺក្រុមហ៊ុននាំចូលពីបរទេស តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូខេត្តនាពេលថ្មីៗនេះ លោកអភិបាលខេត្តបានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យសិក្សាអំពីការប្រើប្រាស់វត្ថុធាតុដើមជាជរ័កៅស៊ូនៅក្នុងស្រុក ដែលជរ័កៅស៊ូដែលយើងផលិតបានក្នុងស្រុក គឺនាំចេញទៅក្រៅប្រទេស ដូច្នេះបើសិនជាក្រុមហ៊ុនព្រមទទួលទិញ ហើយជរ័កៅស៊ូកម្ពុជាត្រូវស្តង់ដានោះកម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន ដូចជាការបង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ចនានា និងការដាំកៅស៊ូកាន់តែកើនឡើង។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា រោងចក្រផលិតសម្បកកង់រថយន្តនេះគឺជាក្រុមហ៊ុនខ្នាតធំមួយដែលមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុនេះគឺជាសញ្ញាវិជ្ជមានដែលជាការសម្រេចចិត្តមួយត្រឹមត្រូវ និងផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋយើងផងនិងក៏នឹងផ្តល់ឱកាសដល់បងប្អូនដែលដាំកៅស៊ូអាចនឹងទទួលផលផងដែរបើសិនជាក្រុមហ៊ុនអាចបញ្ជាទិញបាន។ ដូច្នេះយើងទុកលទ្ធភាពដល់ក្រុមហ៊ុនក្នុងការពិភាក្សាជាមួយសមាគមកៅស៊ូយើងថាតើធ្វើយ៉ាងណាផលិតឱ្យត្រូវតាមស្តង់ដាដែលក្រុមហ៊ុនចង់បាន»។
លោក ម៉ែន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនសុភ័ក្ត្រនីកាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកក៏បានទទួលដំណឹងអំពីផែនការបើកដំណើរការរបស់រោងចក្រផលិតសម្បកកង់រថយន្តនេះដែរ ដែលលោកគ្រោងនឹងធ្វើការណាត់ជួបពិភាក្សាក្នុងការចរចាទិញជ័រកៅស៊ូក្នុងស្រុកដើម្បីផ្គត់ផ្គង់ទៅរោងចក្រ។
លោកបានថ្លែងថា៖ «ជាការពិត ណាស់យើងជាប្រទេសផលិតកៅស៊ូ ហើយកៅស៊ូធម្មជាតិយើងត្រូវបាននាំចេញ ១០០ ភាគរយទៅក្រៅប្រទេស ដូច្នេះខ្ញុំនឹងធ្វើការជួបពិភាក្សាជាមួយរោងចក្រផលិតសម្បកកង់រថយន្តនេះ ដើម្បីសិក្សាលម្អិតថាតើគេត្រូវការកៅស៊ូស្តង់ដាប្រភេទណា និងតម្លៃយ៉ាងដូចម្តេច? ខ្ញុំយល់ឃើញថា វាជារឿងមួយល្អដែលក្រុមហ៊ុនគួរពិចារណាក្នុងការផ្គត់ផ្គង់ពីក្នុងស្រុកជាជាងធ្វើការនាំចូលដែលតម្លៃដឹកជញ្ជូន និងឡូជីស្ទិកអាចមានតម្លៃថ្លៃ»។
បើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំកៅស៊ូសរុប ៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីកំពុងចៀរជ័រ ចំនួន ៣១០ ១៩៣ ហិកតា និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ ហិកតា៕
វីដេអូ៖