ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្ដារអាជីវកម្ម (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃកញ្ចប់ប្រាក់ធានាកម្ចីចំនួន ២០០ ដុល្លារ ដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគ, និងការពង្រីកអាជីវកម្ម។
យោងតាមការប្រកាសពី CGCC ការប្រកាសបន្តដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ តទៅ រហូតដល់គម្រោងនេះត្រូវបានប្រើប្រាស់អស់។ «CGCC បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានភាពប្រសើរឡើងដូចជា សុពលភាពនៃគម្រោង, ការកំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ, និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ។ CGCC ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការ-រីកចម្រើននៃអាជីវកម្មជាមួយ BRGS»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក តូច ចៅចេក នាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី ដែលជា PFI ស្វាគមន៍ចំពោះការបន្តគម្រោងនេះ ដោយសារវាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យមអាចទទួលបានប្រាក់កម្ចីកាន់តែ ច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចូលរួមក្នុងគម្រោងនេះ។
លោកបានថ្លែងបន្តទៀតថា៖ «គម្រោងនេះកំពុងជួយយ៉ាង ច្រើនសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រឈមនឹងការខ្វះខាតមូលនិធិ និងមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដោយប្រើគម្រោងនេះដើម្បីទទួលបានកម្ចីសម្រាប់ការរស់រាន ឬការពង្រីកអាជីវកម្ម»។
លោកបន្ថែមថា ធនាគាររបស់ លោកបានបញ្ចេញប្រាក់កម្ចីជាច្រើនដែលមានតម្លៃប្រហែល ១ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលី ដា ដែលជា PFIs មួយក្នុង ចំណោម PFIs ជាច្រើន ថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា គម្រោងនេះគឺជាជំហានឆ្ពោះ ទៅមុខក្នុងការបង្កើនការផ្គត់ផ្គង់ប្រាក់កម្ចីដល់ SME។
លោកថ្លែងថា៖ «ការធានាឥណទានមានសារៈសំខាន់ជាពិសេសសម្រាប់អតិថិជនទាំងនោះដែលមានផែនការអាជីវកម្ម ដែលមិនមានវត្ថុបញ្ចាំគ្រប់គ្រាន់សម្រាប់ទទួលបានប្រាក់កម្ចីពេញលេញដែលពួកគេអាចត្រូវការ»។
គម្រោង BRGS ដែលមានទំហំគម្រោងចំនួន ២០០ លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ប្រាក់កម្ចីសរុបមានចំនួនប្រមាណ ៨៩ លានដុល្លារអាមេរិក ដែលក្នុងនោះកម្ចីភាគច្រើនមិនមានវត្ថុបញ្ចាំ ត្រូវបានធានាដោយ CGCC ស្ថិតក្រោម BRGS។
ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០ ភាគរយដល់ ៨០ ភាគរយ នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី៕