ប្រទេសស្រីលង្កា នឹងចាប់ផ្តើមការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ចិន និងថៃ បន្ទាប់ពីផ្អាករយៈពេល ៤ ឆ្នាំ និងនៅចំពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងក្នុងកម្មវត្ថុកសាងសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមមន្ត្រីស្រីលង្កាម្នាក់និយាយនាថ្ងៃព្រហស្បតិ៍ ទី ៥ មករា ឆ្នាំ ២០២៣។
ស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៧ ទសវត្សរ៍ដែលបង្កឡើងដោយកង្វះខាតយ៉ាងខ្លាំងនៃការដោះដូររូបិយប័ណ្ណបរទេស និងដែលបានធ្វើឱ្យប្រទេសកោះដែលមានប្រជាជន ២២ លាននាក់នេះ ជួបទុក្ខលំបាកក្នុងការចំណាយលើថ្លៃប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ។
ប្រធានទទួលបន្ទុកផ្នែកចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ស្រីលង្កាលោក ខេ.ជេ វៀរេស៊ីង (K.J. Weerasinghe) បាននិយាយថា មន្ត្រីរបស់ថៃគ្រោងនឹងធ្វើដំណើរទៅដល់ប្រទេសស្រីលង្កានៅថ្ងៃចន្ទដើម្បីផ្តើមកិច្ចចរចាជុំទី ៣ បន្ទាប់ពីកិច្ចចរចាត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០១៨។
ចំណែកការចរចាជាមួយឥណ្ឌា និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ស្រីលង្កាវិញត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងខែមីនាខាងមុខ។«កិច្ចចរចាផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគដែលជាកត្តាសំខាន់សម្រាប់ស្រីលង្កាដើម្បីអាចងើបដើរចេញពីវិបត្តិសេដ្ឋកិច្ច»។
នេះគឺជាការលើកឡើងរបស់លោក វៀរេស៊ីង។ «គោលដៅចម្បងរបស់ខ្ញុំ គឺធ្វើឱ្យកិច្ចព្រមព្រៀងទាំងអស់នេះអាចបញ្ចប់បាននៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤»។
លោក អូរ៉ាម៉ុន ស៊ុបថាវីធុំ (Auramon Supthaweethum) អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ បាននិយាយថា ការពិភាក្សាត្រូវបានពន្យារពេលដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កា និងជំងឺរាតត្បាតកូវីដ ១៩។ លោកបន្ថែមថា រូបលោក និងមន្ត្រីពាក់ព័ន្ធថៃផ្សេងទៀត នឹងទៅប្រទេសស្រីលង្កាដើម្បីបន្តកិច្ចពិភាក្សាឡើងវិញ។
គួរជ្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងស្រីលង្កាមានទំហំសរុបប្រមាណ ៤៦០ លានដុល្លារក្នុងឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា។ ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងស្រីលង្កាជាមួយឥណ្ឌា និងចិនវិញមានតម្លៃប្រហាក់ប្រហែលគ្នា ពោលគឺស្មើនឹងប្រមាណ ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១៕