
លោក គួច ម៉េងលី ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ Aii Language Centers (Aii) និង American Intercon Schools (AIS)។ សហការី
ភ្នំពេញៈ ក្រុមហ៊ុន Mengly J. Quach Education PLC (MJQE) ដែលគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំង (AIS) របស់វិនិយោគិននៅក្នុងស្រុកគ្រោងនឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) នាខែមករានេះ ដើម្បីប្រមូលមូលនិធិបន្ថែមសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន និងបំពេញតាមគោលដៅក្នុងការបង្កើតសាខាឱ្យបានចំនួន ១៦០ នៅទូទាំងប្រទេស។ ការឡើងផ្សារហ៊ុននេះនឹងធ្វើឱ្យក្លាយជាក្រុមហ៊ុនដំបូងគេមកពីវិស័យអប់រំ។
លោក គួច ម៉េងលី ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Aii Language Centers(Aii) និង American Intercon Schools (AIS) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានផែនការក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ ១៩ ទើបក្រុមហ៊ុនសម្រេចពន្យារពេលរហូតដល់ពេលនេះ។
លោកថ្លែងថា៖ «ឆ្នាំ ២០១៩ យើងសម្រេចចិត្តបោះផ្សាយ IPO ប៉ុន្តែពេលឆ្នាំ ២០១៩ មកដល់សេដ្ឋកិច្ច គឺមិនល្អ។ ដូច្នេះ យើងគិតថាគួរតែពន្យារពេល ហើយយើងរង់ចាំរហូតដល់ជំងឺកូវីដ ១៩ ថមថយ។ កម្ពុជាពិតជាមានសំណាង ដោយសារតែយើងបើកសេដ្ឋកិច្ចពេញលេញមុនគេក្នុងចំណោមប្រទេសទាំងអស់ ហើយយើងអាចស្វាគមន៍ភ្ញៀវបរទេសមកវិញបាន ដោយយើងបន្ធូរបន្ថយការរឹតបន្តឹង»។
បើទោះឆ្នាំ ២០២៣ គឺជាឆ្នាំបោះឆ្នោតដែលជាធម្មតាអាជីវកម្មជាច្រើននឹងពន្យារផែនការរបស់ពួកគេ ក៏លោក ម៉េងលី គិតថា ជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់រូបលោកក្នុងការឡើងផ្សារហ៊ុន។
លោកបញ្ជាក់ថា៖ «ឆ្នាំ ២០២៣ យើងគិតថាវាជាពេលវេលាដ៏សមស្របមុនការបោះឆ្នោតជាតិ ហើយយើងជឿជាក់លើកំណើន និងការគាំទ្ររបស់យើងពីអតិថិជន ឪពុកម្តាយ (សិស្ស) និងវិនិយោគិន។ យើងចង់បង្ហាញការគាំទ្រជាមួយរដ្ឋាភិបាលថា កម្ពុជាមានស្ថិរភាព មិនថាការបោះឆ្នោត ឬអត់នោះទេ យើងនៅតែធ្វើអាជីវកម្មដូចធម្មតា។ ក្រុមហ៊ុនរបស់យើងត្រូវបានអនុវត្តតាមតម្រូវការទាំងអស់របស់និយតករ ហើយយើងមានអនុលោមភាពយ៉ាងល្អក្នុងការចុះបញ្ជីអស់រយៈពេលជាង ៧ ឆ្នាំរួចមកហើយ»។
លោកបន្តថា គោលបំណងឡើងផ្សារហ៊ុននេះ គឺដើម្បីផ្សព្វផ្សាយពីសាលារបស់លោក និងអនុញ្ញាតឱ្យវិនិយោគិនចូលជាផ្នែកមួយនៃក្រុមហ៊ុន។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថាវិនិយោគិនភាគច្រើនដែលនឹងក្លាយជាឪពុកម្តាយរបស់សិស្ស និងប្រជាជនដែលនៅប្រទេសកម្ពុជាមានកូនរៀននៅសាលានៅទីនេះ»។
លោកលើកឡើងថា៖ «គោលបំណងសំខាន់គឺការប្រមូលមូលនិធិដើម្បីពង្រីកសាលារៀនបន្ថែមទៅតំបន់ដែលប្រជាជនចង់ឱ្យយើងទៅ ហើយយើងមានផែនការបង្កើតសាលាចំនួនជាង ១០០ ខណៈពេលនេះយើងមាន ១៥សាខារួចទៅហើយ។ យើងមានផែនការឱ្យមាន ១៦០ សាខាដែលត្រូវទៅជាមូលដ្ឋាន ២៥ ខេត្ត-ក្រុង»។
លោក ហុង សុហួរ អគ្គនាយក CSX បាននិយាយថា ការចូលផ្សារហ៊ុនរបស់ក្រុមហ៊ុនគឺដើម្បីបង្ហាញដល់វិនិយោគិនសាធារណៈថា ទីផ្សារមូលធនគឺជាប្រភពមូលនិធិថ្មីសម្រាប់ពួកគេដើម្បីពង្រីកអាជីវកម្ម។
លោកបន្តថា មកដល់ពេលនេះ លោកមិនទាន់ទទួលបានសិទ្ធិចុះបញ្ជីផ្លូវការពីក្រុមហ៊ុននៅឡើយទេ។ លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនគ្រោងដាក់ឯកសារពិនិត្យលទ្ធភាពចុះបញ្ជីទៅ CSX ក្នុងខែនេះ។ នៅពេលនេះ យើងមិនទាន់មានឯកសារពិនិត្យលទ្ធភាពចុះបញ្ជីទាំងនោះនៅឡើយទេ»។
លោកបញ្ជាក់ថា៖ «ការចូលរួមរបស់ក្រុមហ៊ុននឹងបង្ហាញទៅកាន់ក្រុមហ៊ុនផ្សេងទៀតថាពួកគេអាចប្រមូលមូលនិធិពីទីផ្សារមូលធនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេទៅកម្រិតបន្ទាប់ ហេតុអ្វីបានជាអ្នកផ្សេងទៀតមិនជ្រើសរើស? ខ្ញុំក៏អាចមើលឃើញថា មានការចាប់អារម្មណ៍ច្រើនពីសាធារណជនជុំវិញការចុះបញ្ជីរបស់សាលាមួយនេះ»។
ជាមួយនឹង IPO នេះ លោក ម៉េងលី បានឱ្យដឹងថា លោកគ្រោងនឹងចេញលក់ភាគហ៊ុនជុំទី២ និង ៣ ហើយសម្រាប់ជុំទី១ លោកគ្រោងនឹងចេញលក់ភាគហ៊ុនចន្លោះពី ៦ ទៅ ១០ ភាគរយនៃជុំទី១ ប៉ុណ្ណោះ និងច្រើនបំផុត ២០ ភាគរយនៃភាគហ៊ុនក្រុមហ៊ុនទាំងមូល៕