ភ្នំពេញៈ កម្ពុជា និងថៃ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចពិភាក្សាលើការអភិវឌ្ឍរួមគ្នាមួយ (JDA) ក្នុងតំបន់ត្រួតស៊ីគ្នា (OCA) ទំហំ ២៦ ០០០ គីឡូម៉ែត្រការ៉េ ដែលប៉ាន់ប្រមាណថា អាចផ្ទុកប្រេង និងឧស្ម័ន ៥០០ លានបារ៉ែល នៅក្រោមបាតសមុទ្រក្នុងគោលបំណងទាញយកធនធានប្រេង និងឧស្ម័នធម្មជាតិនេះ ដើម្បីធានានិរន្តរភាពថាមពល ខណៈពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពល។
កាសែត The Nation ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃទី ៤ ខែមករា ដោយដកស្រង់ប្រភពពីវិមានរដ្ឋាភិបាលប្រទេសថៃថា ការពិភាក្សាលើសំណើ JDA ត្រូវបានលើកឡើងដោយលោកឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ ដែលបានជួបលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា កាលពីខែមុនដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍រួមគ្នាសម្រាប់ការរុករកប្រេង និងឧស្ម័នក្នុងតំបន់ដែលត្រួតស៊ីគ្នានេះ។
លោក Prawit បានប្រាប់គណៈរដ្ឋមន្ដ្រីថា៖ «លោក ស៊ុយ សែម មានឆន្ទៈក្នុងការអនុវត្ត JDA ជាមួយប្រទេសថៃក្រោមលក្ខខណ្ឌដែលប្រទេសទាំង ២ មិនរាប់បញ្ចូលការពិភាក្សាពីព្រំដែនទឹកដី JDA ណាមួយដែលពួកគេយល់ព្រមទេ»។
លោក Prawit បន្តថា លោក ស៊ុយ សែម ត្រូវបានបញ្ចុះបញ្ចូលឱ្យបន្តការអនុវត្តតាម JDA នៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ដោយសារតែតម្លៃប្រេងពិភពលោកកំពុងកើនឡើង។
លោក Prawit បានប្រាប់លោក ស៊ុយ សែម ថា៖ «ប្រេង និងឧស្ម័នណាមួយដែលទាញយកចេញពី JDA នឹងអនុញ្ញាតឱ្យប្រទេសជិតខាងទាំង ២ ពឹងផ្អែកលើធនធានថាមពលរបស់ពួកគេផ្ទាល់។ ការរុករកប្រេង និងឧស្ម័ននៅក្នុង JDA នឹងជំរុញឱ្យមានការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធជាច្រើនទៀតផងដែរ»។
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីលោក Khomgrich Tantravanich អគ្គលេខាធិការគណៈកម្មការនិយតកម្មថាមពលរបស់ប្រទេសថៃដែលបានស្នើអ្នកបង្កើតគោលនយោបាយរបស់ប្រទេសទាំង ២ ឱ្យបញ្ចេញយោបល់ និងបង្កើតទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍរួមគ្នាក្នុង OCA ដែលមានជម្លោះជាយូរមកហើយនៅឈូងសមុទ្រថៃ។
តំបន់ OCA ត្រួតស៊ីគ្នានៅលើព្រំដែនកម្ពុជា និងថៃក្នុងឈូងសមុទ្រ ហើយជាចំណុចនៃជម្លោះរវាងប្រទេសទាំង ២ដែលបានទាមទារយកតំបន់នេះតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ។
អនុស្សរណៈនៃការយោគយល់គ្នាដើម្បីរួមគ្នារុករកនៅតំបន់ OCA ត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ ២០០១ ប៉ុន្តែក្រោយមកត្រូវបានផ្អាកដោយរដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០៩។ ការអំពាវនាវឱ្យចាប់ផ្តើមការចរចាឡើងវិញអំពីការអភិវឌ្ឍប្រេង និងឧស្ម័នក្នុងតំបន់នេះបានលេចចេញឡើងជាថ្មីម្តងទៀតជាមួយនឹងកម្រិតនៃភាពជោគជ័យផ្សេងៗគ្នា។
លោក Khomgrich ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា៖ «យើងមានទំនុកចិត្តថា តំបន់ OCA នឹងជួយឱ្យថៃទទួលបានការផ្គត់ផ្គង់ឧស្ម័ន និងរក្សាតម្លៃថាមពលទាបរយៈពេលវែង»។
លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល កាលពីដើមខែសីហាឆ្នាំមុន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការពិចារណាផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយសារការពាក់ព័ន្ធនឹងធនធានប្រេង និងធនធានធម្មជាតិផ្សេងៗទៀត ធ្វើឱ្យការចរចាតំបន់ OCA មានភាពស្មុគស្មាញខ្លាំង។
លោកទទួលស្គាល់ថា ទោះមេដឹកនាំនៃប្រទេសទាំង ២ បានអំពាវនាវឱ្យមានដំណោះស្រាយលឿនមួយក៏ដោយ ប៉ុន្តែការចរចាមានការវិវឌ្ឍតិចតួច៕