ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ១១,៥ លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិជាង ២៨ ម៉ឺននាក់ដែលទិញសំបុត្រចូលទស្សនាក្នុងតំបន់អង្គរកាលពីឆ្នាំ ២០២២ ដែលចំនួននេះគឺកើនជាង ២ ០០០ ភាគរយបើធៀបទៅឆ្នាំ ២០២១ ដោយសារតែភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលបានអនុញ្ញាតឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តបានទូលំទូលាយជាងមុន។
គ្រឹះស្ថានអង្គរ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងទេសចរណ៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មាន ២៨៧ ៤៥៤នាក់ កើនឡើង ២ ១៣៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំណែកប្រាក់ទទួលបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើន ២ ០៨២,៨៦ ភាគរយ។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ ២០២២ ភ្ញៀវចូលទស្សនាតំបន់អង្គរ មាន ៦២ ២៦៣ នាក់កើន ១ ៧៣៩,៣៨ ភាគរយ និងបានប្រាក់ ២ ៥១៥ ៣០៦ ដុល្លារ កើន ១ ៦៦៦,០៦ ដុល្លារ។
បើយោងតាមគ្រឹះស្ថានអង្គរ ក្រៅពីរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបានប្រមាណ ២៥៥ ៧៥៨ដុល្លារផងដែរពីការទិញសំបុត្រចូលទស្សនាប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការគ្រប់គ្រងការឆ្លងរាលដាលកូវីដ ១៩ ដោយប្រសិទ្ធភាពបានជួយទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សាន្តកម្ពុជាកាន់តែច្រើន ដែលសកម្មភាពទាំងនេះកំពុងផ្តល់នូវក្តីសង្ឃឹមជាថ្មីដល់អ្នកក្នុងវិស័យទេសចរណ៍កម្ពុជា បន្ទាប់ពីធ្លាក់ចុះស្ទើរដល់សូន្យក្នុងរយៈពេលជិត ៣ ឆ្នាំ។ ចំនួនជើងហោះហើរអន្តរជាតិចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានចំនួនកាន់តែច្រើនផងដែរ។
លោកថ្លែងថា៖ «ភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរបានកើនឡើងវិញគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភ្ញៀវបរទេសមានចម្រុះជាតិសាសន៍ ទាំងពីប្រទេសជិតខាង តំបន់អាស៊ី អឺរ៉ុប និងអាមេរិក ជាដើម»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ហើយកំណើននេះនឹងកាន់តែប្រសើរថែមទៀតប្រសិនបើវិបត្តិដែលកំពុងកើតមានក្នុងពេលនេះ (កូវីដ ១៩ សង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែន... និងវិបត្តិសេដ្ឋកិច្ចពិភពលោក) កាន់តែមានភាពធូរស្រាល។ ការប្រកាសបើកចំហរបស់កម្ពុជាក្នុងការទទួលភ្ញៀវគ្រប់ជាតិសាសន៍ដោយមិនរើសអើង ក៏ជាចំណុចទាក់ទាញដ៏ខ្លាំងផងដែរ។
លោកស្រីថ្លែងថា៖ «ប្រាកដណាស់ថា ក្នុងឆ្នាំ ២០២៣ នេះកម្ពុជានឹងទទួលបាននូវកំណើនភ្ញៀវទេសចរបរទេសច្រើនជាងឆ្នាំ ២០២២ ខណៈសញ្ញានេះត្រូវបានគេឃើញមានតាំងពីចុងឆ្នាំ ២០២២ មក»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី ២ ខែមករា បានប្រកាសថា កម្ពុជានឹងបើកទទួលភ្ញៀវបរទេសពីគ្រប់តំបន់ដោយមិនរើសអើង។ លោកបន្ថែមថា នេះជាឱកាសល្អរបស់កម្ពុជា និងប្រទេសក្នុងតំបន់ក្នុងការស្រូបទាញភ្ញៀវដ៏ច្រើនពីប្រទេសចិន។
លោកបញ្ជាក់ថា៖ «ក្នុងប៉ុន្មានថ្ងៃមកនេះយើងបានឃើញការឃោសនាអកុសល្យពីបញ្ហាការឆ្លងរាលដាលកូវីដ ១៩ នៅក្នុងប្រទេសចិន ដែលជាការបំភ័យ ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយប្រទេសចិន ក៏សូមតឹងតែងទៅចុះ ព្រោះវានឹងផ្តល់ផលចំណេញឱ្យកម្ពុជា។ ឧបមាថាគេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះគេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិនត្រូវធ្វើនេះ ត្រូវធ្វើនោះក្នុងពេលកម្ពុជាអត់មានតម្រូវឱ្យប្រជាជនចិនត្រូវធ្វើអ្វីទេ មកទេសចរណ៍ធម្មតា ដូច្នេះអ្នកណាចង់ធ្វើអីជាសិទ្ធិរបស់ប្រទេសនោះ ប៉ុន្តែកម្ពុជា គឺសូមអញ្ជើញប្រជាជនចិន អ្នកទេសចរចិនមកកម្ពុជា»។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១ ៩១៤ ០៥៥ នាក់ កើនឡើង ១ ០៧១,៦ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១៦៣ ៣៦៦ នាក់៕