រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល របស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដើម្បីគាំទ្រដល់ការវិនិយោគឱ្យមាននិរន្តរភាព និងគាំពារដល់ កម្មករ-កម្មការិនី ខណៈអ្នកបម្រើការនៅក្នុងផ្នែកនេះសម្តែងការគាំទ្រ ដោយចាត់ទុកជាវិធានមួយជួយសម្រួលដល់ការចំណាយរបស់រោងចក្រ។
សេចក្តីប្រកាសស្តីពីការបន្តព្យួរទុកបង់ប្រាក់រំដោះពន្ធ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចុះថ្ងៃទី៦ ខែមករា បានលើកឡើងថា ការសម្រេចនេះ មានបំណងព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលទទួលបានលក្ខណសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យមាននិរន្តរភាព និងជាការគាំពារដល់កម្មករកម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍អំពីវិស័យនេះ។
យោងតាមប្រកាសនេះ គឺមានវិសាលភាពអនុវត្តចំពោះសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដែលទទួលបានលក្ខណសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមមានសហគ្រាសវាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាស ផលិតកាបូបយួរនិងកាបូបដៃ និងសហគ្រាសផលិតមួក សម្រាប់ធ្វើការនាំចេញ។ ការអនុគ្រោះ ឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ត្រូវចាប់ផ្តើមពីថ្ងៃចុះហត្ថលេខាលើប្រកាសនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៥។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ឱ្យដឹងថា ការអនុគ្រោះ ឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ សម្រាប់ឧស្សាហកម្មកាត់ដេរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់រោងចក្រជាច្រើន នៅអំឡុងពេលនេះ។
លោកបានបន្ថែមថា មានរោងចក្រជាច្រើននៅទូទាំងពិភពលោក មិនត្រឹមតែកម្ពុជានោះទេ ដែលទទួលការខាតបង់នៅក្នុងរយៈពេល ៣ ឆ្នាំមកនេះ ដោយសារតែវិបត្តិសកល ដោយបានធ្វើឱ្យអ្នកបញ្ជាទិញកាត់បន្ថយការបញ្ជាទិញពីរោងចក្រ។
លោកបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចយើងដឹងស្រាប់ហើយ ក្នុងរយៈពេល ៣ ឆ្នាំមក ពិភពលោក កើតមានវិបត្តិជាបន្តបន្ទាប់ ដូចជា វិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចសកល ដែលកើតមកពីសង្រ្គាមនៅ អ៊ុយក្រែន ជាដើម ដែលបានធ្វើឱ្យការបញ្ជាទិញពីសហគមន៍អឺរ៉ុប មានការធ្លាក់ចុះយ៉ាងខ្លាំង។ ដូចនេះ ការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុគ្រោះ លើព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ក៏ដូចជា ពន្ធផ្សេងៗទៀតនេះ ពិតជាជួយបានច្រើនណាស់»។
បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនេះ ចំពោះការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ត្រូវផ្សារភ្ជាប់ ជាមួយនឹងអនុលោមភាពសារពើពន្ធស្របតាមច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ដូចជា ទី១ កាន់បញ្ចិកាគណនេយ្យឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណនេយ្យជាធរមាន ទី២ ប្រកាសបង់ពន្ធអាករដទៃទៀតជាធរមានទៅតាមកាលកំណត់ និងទី៣ ផ្តល់របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំជូនរដ្ឋបាលសារពើពន្ធ។
ក្នុងករណីសហគ្រាសមិនគោរពតាមលក្ខខណ្ឌទាំង ៣ ខាងលើ ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែដូចមានចែងក្នុងប្រការ ៣ នៃប្រកាសនេះ អាចត្រូវបានដកហូត ហើយសហគ្រាសត្រូវទទួលរងទោសទណ្ឌផ្សេងៗតាមច្បាប់ជាធរមាន៕