ភ្នំពេញៈ យោង​តាម​របាយ​ការណ៍​ពីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​​ថា ចាប់​ពី​ខែមករា ដល់​ខែវិច្ឆកា ឆ្នាំ​ ២០២២ ការ​នាំចេញ​ចំណិត​ដំឡូង​មីក្រៀម​មាន​ចំនួន ១ ៨១៧ ១៦៨,៤៧​ តោន កើន​ឡើង​ជាង​២៦ ​ភាគ​រយ​ បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា ក្នុង​ឆ្នាំ​ ២០២១។

នៅ​ក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ថា ដំឡូង​មី​ស្រស់​ត្រូវ​បាន​​នាំចេ​ញ​ចំនួ​ន ១ ៣៣១ ៨៥០ តោន កើន​ឡើង​ជាង​៥០​ភាគ​រយ,ម៉្សៅ​ដំឡូង​មី​មាន​ចំនួន​៥៧ ០៦៧ តោន កើន​ឡើង​ជាង​៨៧​ភាគរយ និង​កាក​សំណល់​ដំឡូងមី​មាន​ចំនួន​២៤ ១​០​០​,៣៩ តោន កើន​ឡើង​ជាង​១៩៤​ភាគ​រយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​២០២១​។

ផលិត​ផល​ដំឡូង​មីភាគ​ច្រើន​នាំចេញ​ទៅកាន់​ប្រទេស​វៀត​ណាម ថៃ និង​ចិន ក្រៅពី​នេះនាំ​ចេញទៅ​កាន់ប្រទេស​អ៊ីតាលី បែល​ហ្ស៊ិក សហ​រដ្ឋអា​មេរិក​ និង​ណេដឺ​ឡែន។ នេះ​បើតាម​ការ​បញ្ជាក់​ពី​​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ ។

អ្នក​ស្រីអេម សោភ័​ណ្ឌ ម្ចាស់​សៃឡូ ហ៊ីង សោ​ភ័ណ្ឌ នៅខេត្ត​បាត់​ដំបង បាន​ប្រាប់​ឱ្យ​ដឹង​ថា រដូវ​ប្រមូល​ផល​ឆ្នាំ​មុន​(ខែវិច្ឆកាឆ្នាំ​២០២១-ខែ​មេសា ឆ្នាំ​២០២២)​សៃ​ឡូ របស់​អ្នក​ស្រី ប្រមូល​ទិញ​​ដំឡូង​មី​ពី​កសិករ​បាន​ប្រហែល​ជាង១ម៉ឺន​តោន ដោយ​សារ​តែមាន​ក​សិករ​ដាំដុះ​បាន​ច្រើន ខណៈ​ឈ្មួញ​ក៏បាន​ចុះ​កុង​ត្រាទិញ​ពីសៃ​ឡូច្រើន​ដែរ ព្រោះ​មាន​តម្រូវ​ការ​ពីខាង​ប្រទេស​ចិន​។

អ្នក​ស្រី​បាន​បន្ថែម​ថា ដោយ​ឡែករ​ដូវ​ប្រមូល​ផល​នៅឆ្នាំ​នេះ​វិញ (ខែវិច្ឆកា​ឆ្នាំ២០២​២-ខែមេ​សា ឆ្នាំ​២០២៣) ការ​ប្រមូល​ទិញ​​អាច​នឹង​បាន​តិច​ជាង​រដូវ​មុន ដោយ​សារ​តែការ​ចុះ​កុង​ត្រាទិញ​ពីខាង​ថៃមាន​ចំនួន​តិច រីឯកសិករ​ នៅ​ក្នុង​ខេត្ត​បាត់​ដំបងភា​គច្រើន បាន​ងាក​ទៅ​ដាំដំណាំពោត​វិញ​។

អ្នក​ស្រី បា​ន​បញ្ជាក់​ដូច្នេះ​ថា​៖«ខាង​ឈ្មួញ​ថៃ គេចុះកុង​ត្រាជា​មួយ​យើង​តិច​ឆ្នាំ​នេះ ដោយ​សារ​មាន​បញ្ហាពី​ខាង​ចិន កាត់បន្ថ​យ​ការ​បញ្ជា​ទិញ​ដែរ ទើប​ថៃ​គេបន្ថយ​ជាមួយ​យើង​ដែរ។​ ម្យ៉ាង​វិញ​ទៀត កសិករ​យើង​គាត់​ងាក​ទៅដាំ​ពោតច្រើន​ជាង​ដំឡូង​ឆ្នាំ​នេះ ដោយ​សារ​ពោត​បាន​ថ្លៃជា​ង»​។

ចំពោះកា​រ​នាំចេញ​ដំឡូង​មី​ទៅ​កាន់​ប្រទេស​ចិន​នេះ​ដែរ នាព្រឹក​ថ្ងៃទី៦ ខែម​ករា ឆ្នាំ២​០២៣ នៅក្នុង​ពិធីបើក​វេទិកា​ស្តីពី «ការ​ជំរុ​ញ​ពាណិជ្ជ​កម្ម និង​វិនិយោគ​កម្ពុជា-ចិន (ខេត្តក្វាង​ស៊ី)» លោក​ កៅ កោសល អគ្គនាយក​ជំរុញ​ពាណិជ្ជក​ម្ម ​នៃក្រសួង​ពាណិជ្ជ​កម្មក​ម្ពុជា បាន​មាន​ប្រសាស​ន៍ថា ថ្មីៗ​កន្លង​ទៅនេះ កម្ពុជា​-ចិន បានចុះ​ហត្ថលេ​ខា លើអនុស្ស​រណៈ​យោគ​យល់​គ្នា ​ស្តីពីកា​រពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការជំរុ​ញពា​ណិជ្ជ​កម្ម។

ការចុះ​អនុស្ស​រណៈ​យោគ​យល់គ្នា​នេះ ធ្វើឡើង​រវាង​អគ្គនាយក​ដ្ឋាន​ជំរុ​ញពា​ណិជ្ជ​កម្ម នៃ​ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា និង​មន្ទីរ​ពាណិជ្ជ​កម្ម នៃតំ​បន់​ស្វយ័​តជ​ន​ជាតិជាំ​ង​ក្វាង​ស៊ី ប្រទេស​ចិន​ ក្នុ​ង​គោល​ដៅជំរុ​ញផ​លិត​ផល​សក្តានុពល​កម្ពុជា ទៅកា​ន់ទីផ្សារ​ចិន ក្នុង​នោះ​នឹង​ជំរុញ​ការ​នាំចេញ​ដំឡូង​មីស្ងួត​កម្ពុជា ៤០​ម៉ឺន​តោន ទៅ​កាន់​ប្រទេស​ចិន ក្នុង​ឆ្នាំ២​០២២​-២០២៣​នេះ។

លោក​បាន​បញ្ជាក់​ថា ៖«កម្ពុជា បាន​បន្ត​ធ្វើកិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​ប្រទេស​ចិន លើកិច្ច​ការជាច្រើន​ទាក់ទង​នឹងពាណិ​ជ្ជ​កម្ម មាន​ដូច​ជា បាន​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្មឯក​ជន​កម្ពុជា ចំនួន​៩​ទីតាំង នៅ​តាម​ទីក្រុងធំៗ​មួយ​ចំនួន នៃ​ប្រទេស​ចិន ដើម្បី​ផ្សព្វ​ផ្សាយ​ពីផលិត​ផល​សក្តានុ​ពលក​ម្ពុជា ផ្សព្វ​ផ្សាយ​ពីវ​ប្បធម៌ ទេ​ស​ចរណ៍ និង​គោល​នយោបាយ​ពាណិជ្ជ​កម្ម និ​ងវិ​និយោគ​របស់​កម្ពុជា ព្រម​ទាំង​ជំរុញ​ការ​នាំចេញ​ទៅទីផ្សារ​ចិន​»។

ទិន្ន​ន័យ​ពីអគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា បាន​បង្ហាញ​ថា​ ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន មាន​តម្លៃទឹក​ប្រាក់​សរុប ១ ១០៩​លាន​ដុល្លារ​អាមេ​រិក ថយ​ចុះជាង​១៩​ភាគ​រយ បើធៀប​​រយៈ​ពេល​ដូច​គ្នា កាលពី​​ឆ្នាំ២​០២​១​៕