ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើដល់បណ្តាក្រុមហ៊ុន និងវិនិយោគិនមកពីខេត្តគួងស៊ី របស់ចិនធ្វើការនាំចេញផលិតផលកសិកម្មដែលមានសក្តានុពលនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលបានកំពុងតែអនុវត្ត។
ការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក គិត ម៉េង និងគណៈប្រតិភូនៃខេត្តគួងស៊ី ដែលដឹកនាំដោយលោក ហ្វ៊ូ ជីនមីង អគ្គនាយករងពាណិជ្ជកម្មនៃតំបន់ស្វយ័តជាំងក្វាងស៊ី ដែលបានជួបប្រជុំគ្នានៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជាកាលពីសប្តាហ៍មុន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំផងដែរនោះ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៩ ខែមករា នេះថា ភាគីទាំង២បានធ្វើការពិភាក្សាសំដៅធ្វើយ៉ាងណាលើកកម្ពស់និងជំរុញការដោះដូរពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ឱ្យកាន់តែមានកំណើនបន្ថែមទៀត ស្របពេលដែលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងដំណើរការដោយរលូន។
លោកបានថ្លែងថា៖«ការមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូនៃខេត្តនេះគឺដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគនៃខេត្តជាមួយនឹងប្រទេសកម្ពុជាយើង ជាពិសេសគឺដើម្បីចូលរួមតាំងពិព័រណ៍។ ជាមួយគ្នានេះដែរ ពួកគាត់ក៏បានដឹកនាំក្រុមហ៊ុនធំៗជាច្រើនមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាយើង ជាពិសេសគឺវិស័យកសិកម្ម ហេតុដូច្នេះហើយបានប្រធានសភាពាណិជ្ជកម្មរបស់យើងលើកទឹកចិត្តឱ្យមានការនាំចេញនូវកសិផលកសិកម្មឱ្យកាន់តែច្រើន ជាពិសេសស្នើសុំឱ្យបន្ធូរបន្ថយនិងបែបបទនៃឯកសារដែលពាក់ព័ន្ធនឹងកម្រិតស្តង់ដា និងការនាំចេញឱ្យកាន់តែងាយស្រួល»។
បើយោងតាមលោក លឹម ហេង លោកគិត ម៉េងនឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សានៅខេត្តគួងស៊ីនៅក្នុងខែមេសា ដើម្បីធ្វើការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន។ លុះដល់ខែកញ្ញា លោកគិត ម៉េង ក៏នឹងដឹកនាំវិស័យឯកជនចូលរួមសហការរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-ចិន ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មនិងវិនិយោគ នៃប្រទេសទាំង២។
កម្ពុជា-ចិនបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាំងពីដើមឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យប្រទេសទាំង២ធ្វើការដោះដូរទំនិញរាប់ពាន់មុខដោយរួចពន្ធ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រយៈពេល ១១ខែឆ្នាំ២០២២ មានទឹកប្រាក់ជាង ១០,៥ពាន់លានដុល្លារ កើនជាង ៦ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដោយក្នុងនោះទឹកប្រាក់ដែលកម្ពុជានាំទំនិញមកពីប្រទេសចិន មានជិត ៩០ភាគរយនៃចំនួនទឹកប្រាក់សរុប។
ទឹកប្រាក់នៃការនាំចូលរបស់ចិន បានកើនឡើង ៣,២៩ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១០ ៥៧៩,១៩៦លានដុល្លារ កើនឡើង ៦,៣ភាគរយពីចំនួន ៩ ៩៥១,៧៣៤លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ២០២១។
ក្នុងចំនួនទឹកប្រាក់ខាងលើ គឺការនាំទំនិញពីប្រទេសចិនមកកម្ពុជា មាន ៨ ៣៦០,២៩លានដុល្លារ កើនឡើង ១០,៤ភាគរយពីចំនួន ៨ ៥៨០,៩៤លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅចិន មានទឹកប្រាក់ ១ ១០៩,៤៥៣លានដុល្លារ ធ្លាក់ចុះ -១៩,១ភាគរយ ពីចំនួន ១ ៣៧០,៧៩៥លានដុល្លារ៕