ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធទៅលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មកាត់ដេររហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីជួយសម្រាលបន្ទុកវិស័យដែលកំពុងប្រឈមនឹងការធ្លាក់ចុះការបញ្ជាទិញ។
ការសម្រេចនេះបានធ្វើឡើងក្រោយពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)បានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តពន្យារពេលការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ កាលពីខែតុលា ឆ្នាំ ២០២២។
យោងតាមសេចក្តីប្រកាសពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីថ្ងៃទី ៦ ខែមករា ប្រកាសនេះនឹងអនុវត្តចំពោះសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដែលមានលក្ខណសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលរួមមានសហគ្រាសវាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាសផលិតកាបូបយួរ កាបូបដៃ និងសហគ្រាសផលិតមួកសម្រាប់ការនាំចេញ។
ក្រសួងបានលើកឡើងថា៖ «ប្រកាសនេះមានគោលបំណងព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលទទួលបានលក្ខណសម្បត្តិជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យមាននិរន្តរភាព និងការគាំទ្រដល់កម្មករកម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ពីវិស័យនេះ»។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែមករាថា ការសម្រេចព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនេះគឺជាការរួមចំណែកលើកទឹកចិត្តពន្ធពីសំណាក់រដ្ឋាភិបាលក្នុងការសម្រាលបន្ទុកដល់វិស័យនេះដែលកំពុងប្រឈមនឹងការធ្លាក់ចុះ។
លោកនិយាយថា៖ «ខ្ញុំយល់ឃើញថា ការសម្រេចនេះគឺជាការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យនេះ ក្នុងការសម្រួលបន្ទុករបស់ពួកគេ ដោយសារតែពេលនេះវិស័យនេះកំពុងមានការធ្លាក់ចុះខ្លាំង ដូច្នេះការផ្តល់ភាពអនុគ្រោះពន្ធនេះ បើទោះបីមិនច្រើន ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល»។
បើតាមលោក ឃុនថៃ ការអនុគ្រោះពន្ធនេះ គឺមានអត្រា ១ ភាគរយដែលម្ចាស់រោងចក្រសហគ្រាសត្រូវបង់ ខណៈពេលដែលវិស័យនេះកំពុងប្រឈមនឹងការធ្លាក់ចុះការបញ្ជាទិញពី ៣០-៤០ ភាគរយ ដែលធ្វើឱ្យរោងចក្រមួយចំនួនប្រឈមនឹងការកាត់បន្ថយបុគ្គលិក។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ការបន្តអូសបន្លាយពេលសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី និងការបន្តរីករាលដាលជំងឺកូវីដ ១៩ កំពុងធ្វើឱ្យថមថយកំណើនសេដ្ឋកិច្ចសកល ជាពិសេសគឺការឡើងថ្លៃតម្លៃប្រេង និងទំនិញ ធ្វើឱ្យប្រជាពលរដ្ឋនៅអឺរ៉ុប និងអាមេរិកធ្លាក់ចុះប្រាក់ចំណូល។
យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២២ ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងមានចំនួនជាង ៨,៦ ពាន់លានដុល្លារកើន ២៣,៧៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១៕