ភ្នំពេញៈ ផលិតផលផ្លែស្វាយស្រស់ និងតំណាប់ស្វាយកម្ពុជា ប្រមាណជិត ១៧ ម៉ឺនតោន ត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ ធ្លាក់ចុះជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍នាំចេញផលិតផលកសិកម្ម រយៈពេល ១១ ខែ ឆ្នាំ ២០២២ បង្ហាញថា ចាប់ពីខែមករាខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញផលិតផលពីផ្លែស្វាយសរុប ១៦៩ ៦៥៨ តោន ធ្លាក់ចុះ ៣០,២៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ២៤៣ ៣៥៥ តោន។ សម្រាប់រយៈពេល ១១ ខែ ឆ្នាំ ២០២២ ការនាំចេញផ្លែស្វាយស្រស់ មានចំនួន ១៥២ ៩៩៥ តោន ធ្លាក់ចុះ ៣២,៤៧ភាគរយពីចំនួន ២២៦ ៥៧៧,៧១ តោន នារយៈពេលដូចគ្នាឆ្នាំ ២០២១ និងការនាំចេញតំណាប់ស្វាយ សម្រេចបាន ១៦ ៦៦៣,៥ តោនធ្លាក់ចុះ ០,៦៨ ភាគរយពីចំនួន ១៦ ៧៧៧,៨២ តោន។
យោងតាមក្រសួងកសិកម្ម ប្រទេស/ដែនដី ដែលទទួលទិញផ្លែស្វាយស្រស់ពីកម្ពុជា រួមមាន វៀតណាម ថៃ ចិន កូរ៉េ ហុងកុង និងអូទ្រីស។ ចំណែកប្រទេសទិញតំណាប់ស្វាយ មានដូចជា ចិន ថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី អ៊ីតាលី អង់គ្លេស កូរ៉េ អាមេរិក និងអូស្ត្រាលី។
អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញផ្លែស្វាយ លោក ហ៊ុន ឡាក់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បរិមាណនៃការនាំចេញផ្លែស្វាយស្រស់ទៅទីផ្សារអន្តរជាតិធ្លាក់ចុះច្រើនក្នុងឆ្នាំ ២០២២ គឺដោយសារការនាំចេញទៅប្រទេសចិនជួបឧបសគ្គច្រើន ដែលបណ្តាលមកពីវិធានការទាក់ទងនឹងជំងឺកូវីដ ១៩។ កន្លងមកក្រៅពីការនាំចេញដោយផ្ទាល់ទៅប្រទេសចិន ផ្លែស្វាយស្រស់កម្ពុជាមួយចំនួនក៏បានចេញតាមច្រកប្រទេសវៀតណាម និងបន្តទៅប្រទេសចិនផងដែរ ប៉ុន្តែនៅពេលប្រទេសចិនរឹតបន្តឹងលើចរាចរណ៍ទំនិញ តាមព្រំដែនជាមួយវៀតណាម លំហូរតាមរយៈច្រកមួយនេះក៏ជាប់គាំងដែរ។
លោកលើកឡើងថា ក្រៅពីកត្តាទីផ្សារនាំចេញ ទិន្នផលផ្លែស្វាយឆ្នាំ ២០២២ ក៏ជួបបញ្ហាដោយសារការធ្លាក់ភ្លៀងច្រើនផងដែរ។ លោកបានបន្ថែមថា៖ «ឧបសគ្គទីផ្សារនាំចេញ (ប្រទេសចិន) គឺជាមូលហេតុធំជាងគេដែលធ្វើឱ្យបរិមាណនាំចេញផ្លែស្វាយស្រស់ធ្លាក់ចុះច្រើនក្នុងឆ្នាំ ២០២២»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារផលិតផលកសិកម្មមួយចំនួនដូចជា ផ្លែស្វាយ និងចេក ពឹងផ្អែកលើទីផ្សារប្រទេសចិនខ្លាំង ដូច្នេះនៅពេលប្រទេសចិនរឹតបន្តឹងលើការនាំចូលទំនិញ វាប្រាកដជាធ្វើឱ្យការនាំចេញធ្លាក់ចុះ។ ទោះយ៉ាងណា នៅពេលស្ថានភាពទីផ្សារចិនល្អប្រសើរ ការនាំចេញអាចនឹងហក់ឡើងកាន់តែខ្ពស់ ព្រោះចិនគឺជាទីផ្សារធំ ហើយនៅជិតដែលងាយស្រួលសម្រាប់ការដឹកជញ្ជូន។
លោកនិយាយថា៖ «ការចូលជាធរមានជាបន្តបន្ទាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងលក្ខណៈទ្វេភាគី និងពហុភាគី នឹងជួយធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែច្រើននាពេលខាងមុខ»។
ទោះយ៉ាងណា ដោយសាររដ្ឋាភិបាលចិនប្រកាសដកចេញនូវវិធានការរឹតត្បឹតទាក់ទងនឹងជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ការនាំចេញផ្លែស្វាយស្រស់ ព្រមទាំងផលិតផលកសិកម្មជាច្រើនទៀតទៅប្រទេសចិន នឹងមានសម្ទុះឡើងវិញក្នុងឆ្នាំ ២០២៣ នេះ៕