ភ្នំពេញៈ ក្រុមហ៊ុនឯកជនមួយនឹងធ្វើការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមលើផ្ទៃដី ១០០ ហិកតា ដោយគ្រោងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ។ នេះបើតាមអភិបាលខេត្តកំពង់ចាម។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកម្មវិធីគម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ ៧ នៅព្រឹកថ្ងៃទី៩ ខែមករា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តរួចរាល់ហើយ ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សាលម្អិតទៅលើផែនការអភិវឌ្ឍន៍។
លោកថ្លែងថា៖ «ខ្ញុំបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ ដែលតំបន់សេដ្ឋកិច្ចពិសេសនេះនឹងត្រូវសាងសង់លើផ្ទៃដី ១០០ ហិកតា នាពេលខាងមុខនេះ ដោយសារតែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគនេះរួចរាល់ហើយ»។
បើតាមលោក ចាន់ដា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងស្រូបទាញការវិនិយោគលើវិស័យរោងចក្រ វាយនភណ្ឌមកកាន់ខេត្តកំពង់ចាមកាន់តែច្រើនថែមទៀត។
លោកបញ្ជាក់ថា៖ «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះគឺមិនត្រឹមតែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងទាំងមូលនោះទេ ប៉ុន្តែវាថែមទាំងបង្កើនសេដ្ឋកិច្ចខេត្ត ពិសេសសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋ»។
ទោះយ៉ាងណា លោកពុំបានបង្ហាញថាតើក្រុមហ៊ុនណាជាអ្នកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងត្រូវចំណាយទុនវិនិយោគប៉ុន្មាននោះទេ។
លោកបន្ថែមថា៖ «ក្នុងនាមអាជ្ញាធរខេត្តយើងស្វាគមន៍រាល់ការវិនិយោគទាំងអស់មកកាន់ខេត្ត។ យើងនឹងជួយសម្របសម្រួលនីតិវិធីនានាដើម្បីឱ្យរាល់ការវិនិយោគទទួលបានជោគជ័យ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្គន់នេះ គឺជាទីតាំងល្អមួយសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម។
លោកនិយាយថា៖ «ខ្ញុំយល់ថាតំបន់សេដ្ឋកិច្ចពិសេសនេះនឹងប្រមូលផ្តុំនូវបណ្តារោងចក្រដែលមានស្រាប់នៅទីនោះឱ្យមកស្ថិតក្នុងតំបន់តែមួយដែលងាយស្រួលក្នុងការគ្រប់គ្រង ការសម្រួលនិងការកាត់បន្ថយថ្លៃដើមដល់ម្ចាស់រោងចក្រ។ ចំណុចនេះគឺបង្ហាញអំពីការផ្តល់ឱកាស និងការជំរុញឱ្យមានការវិនិយោគបន្ថែមទៅក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងកម្មន្តសាលដូចជាវិស័យកាត់ដេរនៅខេត្តកំពង់ចាម»។
បើយោងតាមរដ្ឋបាលខេត្តកំពង់ចាម ក្នុងឆ្នាំ ២០១៩ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានប្រមាណ ១ ៨៧១,៥០លានដុល្លារស្មើ ៧,១ ភាគរយនៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់ ១ ៦៧៩ ដុល្លា។
កំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្ម ៣៨ ភាគរយ សិប្បកម្ម ១៩ ភាគរយ និងសេវាកម្ម ៤៣ ភាគរយ។
ខេត្តមានរោងចក្រ និងសិប្បកម្មចំនួន ១ ៣៤២ មូលដ្ឋានក្នុងនោះ រោងចក្រធុនធំ (វិនិយោគ) ចំនួន ១៧ មូលដ្ឋាន (រោងចក្រកាត់ដេរកែច្នៃជ័រកៅស៊ូ), រោងចក្រធុនតូច-មធ្យម ១៣៥មូ លដ្ឋាន (ផលិតទឹកសុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃជ័រកៅស៊ូ); សិប្បកម្ម ចំនួន ១ ១៩៤ មូលដ្ឋាន (ធ្វើអាជីវកម្មលក្ខណៈគ្រួសារ ផលិតដបទឹកសុទ្ធ ទឹកសុទ្ធ កាត់កញ្ចក់ ផ្សារដែក ជាដើម។ល។)៕