ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ២២,៥ ពាន់លានដុល្លារពីការនាំទំនិញទៅលក់នៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ កើនឡើងជាង ១៦ ភាគរយបើធៀបឆ្នាំ ២០២១ ខណៈទំហំពាណិជ្ជកម្មអន្តរជាតិបានកើនដល់ជាង ៥២,៤ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ បង្ហាញថា ក្នុងឆ្នាំ ២០២២ ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានសរុប ៥២ ៤២៤,៥៣៩ លានដុល្លារកើន ៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៤៨ ០១១,៨ លានដុល្លារ។
បើតាមទិន្នន័យខាងលើ គឺទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំទំនិញទៅទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២២ គឺមានចំនួន ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយពីចំនួន ១៩ ៣០៨,៩១ លានដុល្លារកាលពីឆ្នាំ២០២១ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិ មានទឹកប្រាក់ ២៩ ៩៤១,៦០២ លានដុល្លារ កើនឡើង ៤,៣ ភាគរយ។
ទោះយ៉ាងណា យោងតាមទិន្នន័យខាងលើ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៧ ៤៥៨,៦៦៤ លានដុល្លារ ដោយទឹកប្រាក់នាំចេញរបស់កម្ពុជាស្មើនឹងប្រមាណជាង ៤២,៨៨ ភាគរយនៃការនាំចេញនាំចូលសរុប។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១០ ខែមករា ថា ចំនួនទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិសម្រាប់ឆ្នាំ ២០២៣ នេះនឹងបន្តកើនឡើងថែមទៀត ពីព្រោះការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកន្លងមកដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP),ព្រមទាំងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅសហគមន៍អឺរ៉ុប (EBA) និងអាមេរិក GSP នឹងបន្តដើរតួនាទីក្នុងការនាំយកផលិតផលកម្ពុជាទៅដាក់លក់នៅទីផ្សារប្រទេសកាន់តែច្រើន។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិ លោក លឹម ហេង បានប្រាប់ថា មិនមែនជាក្តីបារម្ភទេ ព្រោះផលិតផលដែលកម្ពុជានាំចូល គឺមានមួយចំនួនជាវត្ថុធាតុដើម ឬគ្រឿងបង្គុំសម្រាប់ដំណើរការផលិតកម្មនាំចេញ និងមួយចំនួនប្រើសម្រាប់ទៅកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញការវិនិយោគថ្មីៗ។
លោកថ្លែងថា៖ «ខ្ញុំជឿថាចំនួនទឹកប្រាក់បានពីការនាំចេញរបស់កម្ពុជានឹងបន្តកើនថែមទៀតក្នុងឆ្នាំ ២០២៣ នេះ។ ចំនួនការវិនិយោគថ្មីៗក៏នឹងបន្តកើនឡើងផងដែរ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា ២ ខ្ទង់ កាលពីឆ្នាំ ២០២២ បង្ហាញថា ចន្ទល់សេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំល្អ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅបន្តជាប់គាំងដែលបណ្តាលមកពីវិបត្តិជាច្រើនដូចជា ជំងឺកូវីដ ១៩ ការកើនឡើងតម្លៃប្រេងឥន្ធនៈ សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប័រ បានឱ្យដឹងថា ទោះបីចង្វាក់ផលិតកម្មនៅក្នុងប្រទេសមួយចំនួនបន្តទទួលរងផលអវិជ្ជមានពីវិបត្តិជំងឺកូវីដ ១៩ និងជម្លោះភូមិសាស្ត្រនយោបាយ ប៉ុន្តែសម្រាប់សកម្មភាពផលិតកម្មនៅកម្ពុជា គឺមានដំណើរការទៅមុខដោយរលូនតាំងពីដើមឆ្នាំ ២០២២ មក។ ការរំដោះខ្លួនបានឆាប់រហ័សពីវិបត្តិអន្តរជាតិនានាធ្វើឱ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់ សម្គាល់។
លោកអះអាងថា៖ «ភាពរឹងមាំនៃចង្វាក់ផលិតកម្មក្នុងស្រុក ពិសេសការនាំចេញរបស់កម្ពុជានឹងបន្តភាពវិជ្ជមានបន្ថែមទៀតក្នុងឆ្នាំ ២០២៣ នេះ»។
ទោះយ៉ាងណា លោកលើកឡើងថា បើសិនតម្លៃប្រេងឥន្ធនៈ និងថាមពលអគ្គិសនី អាចមានកម្រិតទាបជាងពេលបច្ចុប្បន្ន វានឹងក្លាយជាកម្លាំងចលករក្នុងការជំរុញផលិតកម្ម និងទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីអបអរសាទរខួប ៤៤ ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងរង្វង់ ៥,៥ភាគរយក្នុងឆ្នាំ ២០២២ និងរំពឹងសម្រេចបាន ៦,៦ ភាគរយនៅក្នុងឆ្នាំ ២០២៣ នេះ។ លោកបន្ថែមថា ថ្វីដ្បិតជំងឺកូវីដ ១៩ មិនទាន់ផុតរលត់ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមវិលទៅរកភាពល្អឡើងវិញ។
យោងតាមការព្យាកររបស់រដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០២៣ នេះផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងឡើងដល់ ១ ៩២៤ ដុល្លារ ធៀបនឹង ១៧៨៥ ដុល្លារ ក្នុងឆ្នាំ ២០២២។
ចំណែកធនាគារពិភពលោក កាលពីថ្ងៃទី ៧ ខែធ្នូ បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤,៨ភាគរយក្នុងឆ្នាំ ២០២២ ហើយនៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនដល់ ៥,២ ភាគរយ ដោយសារការកើនឡើងនៃការជួយគាំទ្រដល់ការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក និងអតិផរណាធ្លាក់ចុះ។
ពាណិជ្ជកម្មអន្តរជាតិកម្ពុជា កាលពីឆ្នាំ ២០២១ មានទឹកប្រាក់ ៤៨,០១១ ពាន់លានដុល្លារ កើន ២៨,២ ភាគរយធៀបនឹងឆ្នាំ ២០២០ ក្នុងនោះការនាំចេញមាន ១៩,៣០ ពាន់លានដុល្លារ កើន ៥,៣ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៧០ ពាន់លានដុល្លារ កើនឡើង ៥០,៣ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕