ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy លើកឡើងថា ផលិតផលកសិកម្មកម្ពុជា ៣ មុខរួមមាន ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងម្រេចកំពត មានគុណភាពខ្ពស់រសជាតិឆ្ងាញ់ ដែលអាចទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទិញនៅសហរដ្ឋអាមេរិក។ឆ្លើយតបការលើកឡើងនេះរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីវិនិយោគិនអាមេរិកមកកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃ ទី ១០ ខែមករាថា ជំនួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជានៅក្នុងវិស័យកសិកម្ម រវាងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះធ្វើឡើង កាលពីថ្ងៃចន្ទ ទី ៩ ខែមករា ឆ្នាំ ២០២៣។
កញ្ញាបានឱ្យដឹងថា ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W.Patrick Murphy បានលើកឡើងពីផលិតផលកសិកម្មកម្ពុជាមួយចំនួនដែលលោកមើលឃើញថា ទំនងជាមានការពេញនិយមនៅសហរដ្ឋអាមេរិក ប្រសិនបើកម្ពុជា និងអាមេរិកអាចបើកទីផ្សារនាំយកផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាមេរិកបាន។ ផលិតផលទាំងនោះមានដូចជា ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងម្រេចកំពត។
កញ្ញាបានថ្លែងថា៖ «សម្រាប់លោកទូត គឺថា ផលិតផលកសិកម្មរបស់ខ្មែរនេះគឺមានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ ហើយបើសិនជាបានឈានចូលទីផ្សាររបស់អាមេរិកលោក មានសុទិដ្ឋិនិយមថា នឹងអាចទទួលបានការគាំទ្រ និងទទួលបានការពេញនិយមពីសំណាក់អ្នកទិញនៅសហរដ្ឋអាមេរិក»។
កញ្ញាបន្តថា ជាការឆ្លើយតបការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ឌិត ទីណា បានលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីសំណាក់វិនិយោគិនអាមេរិក មានន័យថា វិនិយោគិនអាមេរិកអាចចូលមកប្រទេសកម្ពុជា ហើយពិនិត្យមើលកសិផលរបស់កម្ពុជា ដោយផ្ទាល់បើសិនជាមើលឃើញថា ផលិតផលមួយណាដែលមានសក្តានុពលខ្ពស់អាចទទួលបានការពេញនិយមនៅលើទីផ្សារអាមេរិក គឺវិនិយោគិនអាមេរិក អាចធ្វើការនាំចេញដោយផ្ទាល់បាន។
កញ្ញា រចនា បានបញ្ជាក់ថា៖ «សម្រាប់ឯកឧត្តមឌិត ទីណា លោកយល់ឃើញថា ការនាំចេញតាមរយៈវិធីសាស្ត្របែបនេះវាល្អប្រសើរ ហើយវាអាចធានានូវអត្រាជោគជ័យ បានខ្ពស់ជាងការដែលវិនិយោគិនខ្មែរប្រឹងប្រែងនាំកសិផលខ្មែរទៅកាន់ទីផ្សារអាមេរិក»។
អ្នកនាំពាក្យក្រសួងកសិកម្មបានគូសបញ្ជាក់បន្ថែមថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ជុំវិញការលើកទឹកចិត្តឱ្យវិនិយោគិនអាមេរិកជាអ្នកវិនិយោគដោយផ្ទាល់លើផលិតផលកសិកម្មរបស់កម្ពុជាចូលទៅកាន់ទីផ្សារអាមេរិកនេះ ត្រូវបានលោកទូតអាមេរិក W.Patrick Murphy យល់ស្របផងដែរ។
កញ្ញាថ្លែងថា៖ «ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លោកយល់ឃើញថា កសិកម្មវាផ្សារភ្ជាប់ទៅនឹងវប្បធម៌ មានតែអាមេរិកខ្លួនឯងទេ ដែលដឹងថា ជនជាតិខ្លួនចូលចិត្តបរិភោគអី ទទួលទានអី អ៊ីចឹងបើសិនជាវិនិយោគិន គាត់គឺជាអ្នកមកពិនិត្យមើលទីផ្សារ មកមើលពីកសិផលខ្មែរគាត់នឹងដឹងថា កសិផលខ្មែរមួយណាដែលចូលទីផ្សារអាមេរិកទៅ អ្នកនៅអាមេរិកនោះគេចូលចិត្តញ៉ាំ»។
លោក ឌិត ទីណា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី ១០ ខែមករា នេះថា នៅក្នុងជំនួបនោះលោកបានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជា ក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធី USDA/USAID ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផងដែរ។
លោកបញ្ជាក់ថា៖ «តាមរយៈកិច្ចសន្ទនារយៈពេលជាង ១ ម៉ោងកន្លះប្រកបដោយលក្ខណៈស្ថាបនា និងត្រង់ទៅត្រង់មក ខ្ញុំសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសសនៅក្នុងវិស័យកសិកម្ម នឹងបន្តមានភាពរលូន ឬអាចឈានទៅកាន់ភាពល្អប្រសើរថែម ១ កម្រិតទៀតនាពេលអនាគត»៕