ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាដែលតំណាងឱ្យវិស័យឯកជនកម្ពុជា ជំរុញឱ្យគយវៀតណាមអនុវត្តឱ្យបានពេញលេញលើការត្រួតពិនិត្យបញ្ជរតែ ១ និងទីលានត្រួតពិនិត្យ (SSI & CCA) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំង ២ ឱ្យកាន់តែទូលំទូលាយ។
លោក ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១១ ខែមករា បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា កម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវ SSI & CCA ក្រោមក្របខ័ណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គ ប៉ុន្តែមានបញ្ហាប្រឈមមួយចំនួនដែលរដ្ឋជាសមាជិកមួយចំនួនមិនទាន់បានអនុវត្តពេញលេញ ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់។
លោកនិយាយថា៖ «យើងសូមកោតសរសើរចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានធ្វើសកម្មភាពយ៉ាងសកម្មជួយសម្រួលដល់វិស័យឯកជនលើការធ្វើពាណិជ្ជកម្មឆ្លងដែន។ យើងមើលឃើញថា ខាងភាគីថៃ ក៏សហការលើបញ្ហានេះដែរ ប៉ុន្តែយើងមានការលំបាកខ្លះជាមួយគយវៀតណាម ដោយសារពួកគេមិនបានអនុវត្តពេញលេញ ដែលក្លាយជាឧបសគ្គសម្រាប់ការជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំង២»។
លោកឱ្យដឹងទៀតថា ស្ថាប័នរបស់លោកបានពិភាក្សា ២-៣ ដងរួចហើយជាមួយវិស័យឯកជនវៀតណាម ដើម្បីជំរុញឱ្យរដ្ឋាភិបាលពួកគេអនុវត្តឱ្យបានពេញលេញនូវ SSI & CCA ស្របតាមក្របខ័ណ្ឌអាស៊ានក្នុងការលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកធ្លាប់បានដឹកនាំក្រុមប្រតិភូពីក្រុមហ៊ុនដឹកជញ្ជូនចំនួន ៥០ ទៅចូលរួមក្នុងមហាសន្និបាតសហព័ន្ធអ្នកបញ្ជូនទំនិញអាស៊ាន នៅប្រទេសឡាវ កាលពីខែវិច្ឆិកា ឆ្នាំមុន និងបានលើកឡើងពីបញ្ហា SSI & CCA នៅប្រទេសវៀតណាម ដែលមិនទាន់បានផ្តល់ការឆ្លើយតបជាវិជ្ជមានលើការអនុវត្ត។
លោកលើកឡើងថា៖ «យើងបានបើកចំហសម្រាប់សមាជិកទាំងអស់រួចហើយ។ ប៉ុន្តែយើងម្នាក់ឯង វាមិនអាចដំណើរការបានទេ ដូច្នេះយើងត្រូវការប្រទេសជាសមាជិកចូលរួម ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន និងថ្លៃហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀតដែលប្រទេសជាសមាជិកនៅតែយក ដែលបង្កឱ្យមានឧបសគ្គមួយចំនួនលើការនាំចេញពាណិជ្ជកម្មពីវៀតណាមមកកម្ពុជា»។
យោងតាមលោក ចន្ធី រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធលើ SSI និងCCA បានជជែកគ្នាតាំងពីឆ្នាំ ២០០៥ នៅក្នុងចំណោមសមាជិក ជាពិសេសជាមួយប្រទេសជិតខាងចំនួន ៣ គឺឡាវ វៀតណាម និងថៃ។
លោកថ្លែងថា៖ «នៅពេលយើងនិយាយអំពី SSI គឺវាទាមទារឱ្យគយកម្ពុជា និងវៀតណាម ប្រចាំការនៅកន្លែងកំណត់តែមួយ ដើម្បីត្រួតពិនិត្យទំនិញឆ្លងព្រំដែន ជាមួយគ្នាក្នុងពេលតែមួយ ប៉ុន្តែឥឡូវនេះយើងមិនទាន់ដោះស្រាយបញ្ហានេះបានទេ»។
កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នារួចហើយនៅក្នុងការសាងសង់ផ្សារចំនួន៣ នៅព្រំដែន គឺផ្សារដា ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឱ្យដំណើរការរួចហើយកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ និងកំពុងស្ថិតក្នុងផែនការនឹងសាងសង់ ១ ទៀតនៅខេត្តស្វាយរៀង និងកំពត ដើម្បីទុកជាកន្លែងស្តុកទំនិញ។
លោក ម៉េង តិច បានឱ្យដឹងថា ផ្សារព្រំដែននឹងក្លាយជាតំបន់សម្រាប់ទាំងគយកម្ពុជា និងគយវៀតណាម ធ្វើការរួមគ្នា ដើម្បីអនុវត្ត SSI និង CCA ប្រកបដោយជោគជ័យ។
លោកលើកឡើងថា៖ «បើសិនទីផ្សារព្រំដែនដំណើរការល្អ ខ្ញុំជឿថា គយភាគីទាំង ២ [កម្ពុជា-វៀតណាម] នឹងងាយស្រួលធ្វើការរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសជិតខាងអាស៊ានទាំង ២ នេះ»។
ពាណិជ្ជកម្មទំនិញទ្វេភាគីរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ ២០២២ មានចំនួន ៦ ១៣៥,៧៦ លានដុល្លារ កើនឡើង ១៩,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕