ភ្នំពេញៈ ក្រុមពាណិជ្ជករខ្មែររំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ អាចនឹងល្អប្រសើរ បន្ទាប់ពីប្រទេសចិនបើកព្រំដែនឡើងវិញ ដែលការរំពឹងនេះ កើតមានឡើងបន្ទាប់ពីមានព័ត៌មានថា ចិនសម្រេចបើកព្រំដែនឡើងវិញចាប់ពីថ្ងៃទី ៨ ខែមករា។
ក្រុមពាណិជ្ជករខ្មែរដែលធ្លាប់រកស៊ីជាមួយចិនបានអះអាងថា ការវិនិយោគនានានៅកម្ពុជាបានថយចុះដោយសារតែអវត្តមាននៃអ្នកវិនិយោគជនជាតិចិន និងថា ការដែលប្រទេសចិនសម្រេចបើកប្រទេសឡើងវិញនេះ គឺជាឱកាសល្អមួយ ដែលអាចជំរុញឱ្យសេដ្ឋកិច្ចនៅកម្ពុជាអាចមានភាពល្អប្រសើរឡើងវិញ ទាំងវិស័យសំណង់ អចលនទ្រព្យ និងវិស័យទេសចរណ៍។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកលឹម ហេង បានឱ្យដឹងថា កន្លងមកចិនមានចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាច្រើន តាមរយៈទេសចរ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនានា ម្លោះហើយវាជារឿងមួយគួរឱ្យត្រេកអរ នៅពេលដែលចិនបើកប្រទេសឡើងវិញបែបនេះ។
លោកលឹម ហេង សង្កត់ធ្ងន់ថា៖ «ដូចយើងដឹងស្រាប់ កម្ពុជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយចិន តែដោយសារបញ្ហាកូវីដ យើងមិនទាន់បាននាំផលិតផលទៅចិនពេញលេញនៅឡើយទេ ដូច្នេះហើយខ្ញុំយល់ថា ឆ្នាំនេះយើងអាចនាំចេញដោយទូលាយជាងឆ្នាំមុនៗ»។
អ្នកជំនួញ រូបនេះបន្តទៀតថា៖ «ការវិនិយោគលើវិស័យផ្សេងៗដូចជា ការកសាងព្រលានយន្ដហោះ សម្ភារបរិក្ខារសំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាគឺច្រើនតែមកពីប្រទេសចិន ដូច្នេះរាល់ការបិទខ្ទប់ផ្សេងៗ ចង់មិនចង់គឺបានប៉ះពាល់ដល់កម្ពុជាដែរ»។
កម្ពុជាទទួលបានភ្ញៀវទេសចរចិនរហូតដល់ ២ លាននាក់កាលពីឆ្នាំ ២០១៩ គឺនៅមុនពេលផ្ទុះជំងឺកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បង្ហាញក្ដីរំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ២ លាននាក់ នៅពេលដែលរដ្ឋាភិបាលចិន បើកប្រទេសឡើងវិញនៅឆ្នាំ ២០២៣ នេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា អ្នកបម្រើការលើវិស័យទេសចរណ៍ទាំងមូលមានការសប្បាយចិត្តនៅពេលទទួលដំណឹងថា ភ្ញៀវទេសចរចិននឹងអាចត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។
លោកស្រីបានបន្ថែមថា៖ «សប្បាយចិត្តក៏ដោយសារថា កន្លងមក អ្នកទេសចរចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា បើធៀបទៅនឹងអ្នកទេសចរអន្តរជាតិផ្សេងៗទៀត។ ម្យ៉ាងទៀត អ្នកទេសចរចិនគឺជាប្រភេទទេសចរដែលចាយប្រាក់ច្រើន ដែលផ្ដល់ផលចំណេញដល់សេវាករទេសចរណ៍»។
លោកស្រីបន្តថា៖ «នៅពេលខាងមុខនេះទៀតសោតពិធីបុណ្យប្រពៃណីចិននឹងចូលមកដល់ ហើយបើតាមទម្លាប់ ពេលសែនរួច ជនជាតិចិននឹងធ្វើដំណើរទៅកម្សាន្ដទៅតាមប្រទេសនានាលើពិភពលោក ហើយក្នុងនោះច្បាស់ជាមានមកកម្ពុជាដែរ»។
យោងតាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានវាយតម្លៃថា កាលពីមុនពេលមានជំងឺកូវីដ ១៩ ប្រទេសចិន គឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំជាងគេ នៅលើពិភពលោក ដោយ ភ្ញៀវទេសចរចិន បានចេញទៅកម្សាន្តនៅក្រៅប្រទេសរហូតដល់ជាង ២០០ លាននាក់ ខណៈកម្ពុជាមានគោលដៅទាក់ទាញឱ្យបាន ២ លាននាក់។
កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលចិនប្រកាសមិនឱ្យភ្ញៀវទេសចរចេញចូលប្រទេសរបស់ខ្លួន តាមរយៈគោលនយោបាយ Zero Covid-19 ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេស និងដើម្បីការពារសុខុមាលភាពប្រជាជនរបស់ខ្លួន ហើយដែលទើបនឹងប្រកាសឱ្យបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣៕