ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជាបានរាយការណ៍ថា ឆ្នាំ ២០២២ គឺជាឆ្នាំដ៏សំខាន់សម្រាប់ផ្សារមូលបត្រកម្ពុជា (CSX) ខណៈផ្សារមួយនេះសម្រេចការចុះបញ្ជីសរុបចំនួន ៧ កើនឡើង ២,៥ ដងលើទិន្នន័យក្នុងឆ្នាំ២ ០២១ ដែលមានត្រឹមតែ ២ ប៉ុណ្ណោះ។
ផ្សារមូលបត្រកម្ពុជាឱ្យដឹងថា មូលបត្រដែលបានចុះបញ្ជីថ្មីក្នុងឆ្នាំ ២០២២ រួមមានភាគហ៊ុនទីផ្សារកំណើនដែលបានកំណត់ថា «CSX: JSL» ការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មចំនួន ៣ ពីក្រុមហ៊ុន Royal Railway និងការចុះបញ្ជីសញ្ញាប័ណ្ណរដ្ឋាភិបាលចំនួន ៣ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាការចុះបញ្ជីព័ត៌មានមូលបត្របំណុលរដ្ឋដំបូងបំផុតនៅកម្ពុជា។ នេះបើយោងតាមសមិទ្ធផលចក្ខុវិស័យ និងផែនការ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាសម្រាប់ឆ្នាំ ២០២៣។
CSX បង្ហាញថា ឆ្នាំ២០២២ គឺជាឆ្នាំពោរពេញដោយព្រឹត្តិការណ៍ពិភពលោកធំៗដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ការរីករាលដាលជាថ្មីនៃជំងឺកូវីដ ១៩ បូករួមនឹងការផ្ទុះសង្គ្រាមរុស្ស៊ី អ៊ុយក្រែនបានបណ្តាលឱ្យសេដ្ឋកិច្ចប្រទេសនានាទទួលរងវិបត្តិអតិផរណា និងកំណើនថ្លៃប្រេងសាំងយ៉ាងខ្លាំង។ CSX បានឱ្យដឹងទៀតថា ជាមួយនឹងប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ ១៩ គឺអាចចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើន។
CSX បានបន្តថា មូលធនសរុបដែលប្រមូលបានក្នុងឆ្នាំ ២០២២ មានជាង ២២២ ពាន់លានរៀល កើនឡើង១៣៣ភាគរយបើធៀបនឹងឆ្នាំ២០២១ ដែលកំណើនភាគច្រើនលើសលប់បានពីការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣ ភាគរយ និងមូលបត្ររដ្ឋស្មើ ៣២ ភាគរយ នៃមូលធនសរុប។ គួរកត់សម្គាល់ដែរថា ទោះបីជាទំហំជួញដូរជាមធ្យមប្រចាំឆ្នាំ ២០២២ បានថយចុះបន្តិចក្តី ប៉ុន្តែតម្លៃជួញដូរជាមធ្យមបានកើនឡើងទ្វេដងគឺឈានដល់ជាង ២ ពាន់លានរៀលក្នុង ១ ថ្ងៃ ធ្វើឱ្យ ឆ្នាំ ២០២២ គឺជាឆ្នាំទី ២ ជាប់គ្នាដែល CSX បំបែកកំណត់ត្រាកំណើនជួញដូរខ្ពស់បំផុតសាជាថ្មីជាមួយនឹងកំណើន ១ ទ្វេជា ២។
CSX បន្តទៀតថា លើសពីនេះចំនួនគណនីជួញដូរបើកថ្មីនៅក្នុងឆ្នាំ ២០២២ បានកើនជាង ៥ ពាន់គណនី ស្មើ ៣១ ភាគរយបើធៀបនឹងឆ្នាំមុន។ សន្ទស្សន៍ CSX នៅចុងឆ្នាំ ២០២២ ក៏បានងើបឡើងបន្តិចផងដែរគឺប្រមាណ ២ ភាគរយធៀបនឹងឆ្នាំ ២០២១ ខណៈមូលធននីយកម្មទីផ្សារសរុបកើនពី ៧,២ ពាន់ពាន់លានរៀលដល់ ៧,៥ ពាន់ពាន់លានរៀល។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ បានឱ្យដឹងថា CSX ក៏បានបោះជំហានយ៉ាងខ្លាំងឆ្ពោះទៅរកការធ្វើឌីជីថលូបនីយកម្មនៃវេទិកាជួញដូរ ដើម្បីតាមទាន់និន្នាការទំនើបនៃរបៀបរស់នៅបែបឌីជីថល។
លោកស្រីថ្លែងថា៖ «ជំហានដែលយើងបានឆ្ពោះទៅរកការធ្វើឌីជីថលូបនីយកម្មទីផ្សាររបស់យើងក្នុងឆ្នាំ ២០២២ រួមមានការដាក់ឱ្យប្រើប្រាស់កម្មវិធីជួញដូរតាមទូរស័ព្ទចល័ត CSX Trade ការធ្វើបច្ចុប្បន្នភាពចំពោះការណែនាំពីការវិនិយោគលើកម្មវិធី Phsar Hun និងការដាក់ឱ្យប្រើប្រាស់ការបើកគណនីអនឡាញ»។
CSX បានកំណត់គោលដៅសម្រាប់ឆ្នាំ ២០២៣ ដោយបង្កើនតម្លៃជួញដូរប្រចាំថ្ងៃទ្វេដងដល់ ១ លានដុល្លារ ចំនួនមូលបត្រដែលបានចុះបញ្ជីថ្មីដល់ ១៤ និងបង្កើន ៣ ដងនៃចំនួនគណនីជួញដូរដែលបានចុះបញ្ជីថ្មីក្នុង ១ ឆ្នាំ។
លោកស្រី សុផានីតា បានបន្ថែមថា៖ «CSX ជឿថា កំណើនទីផ្សារមូលធននឹងកើនឡើងយ៉ាងខ្លាំង ហើយគោលដៅដែលយើងបានកំណត់ គឺអាចធ្វើទៅបានក្នុងឆ្នាំខាងមុខនេះ ប្រសិនបើទីផ្សារមួយនេះទទួលបានការគាំទ្រពីអ្នកចូលរួមទីផ្សារទាំងអស់»៕