កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ នេះ បានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បីអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង ១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។
លោកបន្តថា បច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។ ដើម្បីបន្តជំរុញដល់កំណើនកសិពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោកបន្ថែមថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ត្រូវបានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះ កែច្នៃ អ្នកនាំចេញ និងសិក្ខាសាលាពិគ្រោះយោបល់ ព្រមទាំងការផ្តល់ធាតុចូលពី បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ច និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។
លោកបញ្ជាក់ទៀតថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោកបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ រួមមាន លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផល ស្វាយចន្ទី ឱ្យសម្រេចបាន ២៥ភាគរយ នៅឆ្នាំ ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ និងជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។
បើតាម លោក ផៃ ស៊ីផាន គោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុកនិងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គោលនយោបាយខាងលើនេះ គឺល្អ និងពិតជាមានសារៈសំខាន់ ខណៈលោកថា ក្រៅតែពីគោលនយោបាយជាតិស្វាយចន្ទីនេះ គួរតែមានគោលនយោបាយជាតិដំណំាកសិកម្ម ដើម្បីជំរុញការនាំចេញឱ្យបានច្រើន។
លោកបន្តថា ក្នុងគោលនយោបាយស្វាយចន្ទីនេះ គឺជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញទីផ្សារ និងជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយពង្រីកការកែច្នៃស្វាយចន្ទីឱ្យមានលទ្ធភាពនាំចេញបានកាន់តែច្រើនថែមមួយកម្រិតទៀត និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយបង្កើតកម្លាំងពលកម្មជូនប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «វាជាចំណែកថ្មីមួយសម្រាប់កម្ពុជា ជាពិសេស គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងជំរុញឱ្យមានកំណើនប្រកបដោយនិរន្តរភាព ក្នុងផលិតកម្ម និងសេដ្ឋកិច្ចផងដែរ»៕