ព្រះសីហនុៈ នាវា​ទេសចរណ៍​ខ្នាត​ធំ​ ១​ គ្រឿង មានឈ្មោះ SEABOURN ENCORE សញ្ជាតិ ​Bahamas​ មាន​បណ្ដោយ​ប្រវែង ​២១០​ ម៉ែត្រ ទទឹង​ ២៨​ ម៉ែត្រ និង​ជម្រៅ​ទឹក ​៦,៧០​ ម៉ែត្រ ផ្ទុក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៤២៩​ នាក់ ​និង​នាវិក​៤៣០​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមករា ​ឆ្នាំ​២០២៣ ​ដើម្បី​ដាក់​ភ្ញៀវទេសចរ​ចុះ​ទស្សនកិច្ច​ពី​តំបន់​មាន​សក្តានុពល​ធំៗ នៅ​ខេត្ត​ព្រះសីហនុ ​ក្នុង​រយៈពេល​១​ថ្ងៃ​។​

មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​ក្រុងព្រះសីហនុ ​ឱ្យដឹងថា ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត ​ពេលធ្វើ​ទេសចរណ៍​នៅ ​តាម​តំបន់​រមណីយដ្ឋាន​ និង​ទីប្រជុំជន​សំខាន់ៗ​ក្នុង​ខេត្ត មុន​ចាក​ចេញទៅ​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃ​ដដែល​នេះ​។ នៅលើ​នាវា​ខ្នាត​យក្ស​នេះ ​ភ្ញៀវទេសចរ​ដែលមាន​សញ្ជាតិ​ច្រើន​ជាងគេ ​គឺ​ជនជាតិ​អាមេរិក​ចំនួន​២៥០​នាក់ ​អង់គ្លេស​ចំនួន​៥០​នាក់​ និង​អូស្ត្រាលី​ចំនួន​៥៤​នាក់។​

លោក​តាំង ​សុចិត្រ​គ្រឹះស្នា ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឱ្យដឹងថា​ ភ្ញៀវទេសចរ ​ដែល​មក​តាមរយៈ​នាវា​ទេសចរណ៍​ខ្នាត​ធំ​SEABOURN ENCORE ​បានធ្វើ​ដំណើរ​ទៅដល់​កន្លែង​កម្សាន្ត​មួយចំនួន ​ដូចជា ​នៅតាម​តំបន់ឆ្នេរ​ ក្នុង​ទីក្រុង​ព្រះសីហនុ ​នៅតាម​ផ្សារ វត្ត​អារាម ​សាលារៀន ​និង​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយចំនួន​ទៀត​។​

លោក​ថ្លែងថា​៖«ដោយសារតែ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​មាន​រយៈពេល​ខ្លី​ពេក ​ដូចនេះ​ប្រយោជន៍ ដែល​ពលរដ្ឋ ​និង​អាជីវករ​ទទួលបាន​ពី​ដំណើរ​កម្សាន្ត ​គឺ​មិនបាន​ច្រើន​នោះទេ ​តែ​យ៉ាងណា​ក៏ដោយ ​នេះ​ក៏​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​យើង​ដែរ​។ ហេតុ​ដូចនេះ​ហើយ ​ទើប​មន្ទីរ​ទេសចរណ៍ ​សហការ​ជាមួយ​អាជ្ញាធរខេត្ត ​ធ្វើយ៉ាងណា​រៀបចំ​ផលិតផល​ទេសចរណ៍​ថ្មី ​ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​តាម​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ទាំងនោះ​ ឱ្យមក​កម្សាន្ត​បានយូរ​ជាង​នេះ»។​

លោក​ហូ​ វណ្ឌី ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​ឱ្យដឹង​ដែរ​ថា ​ការចូល​ចត​នៃ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ​បានបង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​មួយ ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ​ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្ទាល់​។ ម្យ៉ាងវិញ​ទៀត ​គោលការណ៍​ក្នុង​ការទាក់ទាញ​ទេសចរ​ រាជរដ្ឋាភិបាល ​បាននិង​កំពុង​ពិចារណា​ទៅលើ​ទេសចរណ៍​រយៈពេល​ខ្លី ​ដែល​មានន័យថា ​ទេសចរ​ដែល​មក​កម្សាន្ត ​មិន​ស្នាក់​នៅទេ ​ប៉ុន្តែ​ចូល​ក្នុង​ចំនួន​រាប់​ពាន់​នាក់ ​ឬ​ឈាន​ដល់​រាប់ម៉ឺន​នាក់ ​ក្នុង​នាវា​យក្ស​នីមួយៗ។​

លោក​បន្ថែមថា​ក្នុង​ករណី​ដែល​មាន​ការលើកលែង​ណាមួយ ​ឬ​ការលើក​ទឹកចិត្ត​នោះ ​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​ដែរ ​ដើម្បីឱ្យ​ទេសចរ​ទាំងនោះ​មាន​ឱកាស​បានមក​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្រើន​។ ជាពិសេស​ខេត្ត​ព្រះសីហនុ ​តាមរយៈ​ការចុះ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ​ការភ្លក្ស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ​ហើយ​ដែល​រដ្ឋាភិបាល ​នឹង​ទទួលបាន​ប្រាក់ចំណូល​ផ្សេងៗ​ខ្លះ​ដែរ ​ពី​ការចូល​ចត​របស់​នាវា​ទាំងនោះ​។​

លោក​ហូ ​វណ្ឌី ​បញ្ជាក់ថា​៖«យើង​ឃើញថា ​កូវីដ​នៅមាន​ដដែល ​ប៉ុន្តែ​មិនមាន​ភាព​ធ្ងន់ធ្ងរ ​ដូច​កាល​[ពី​មិនទាន់​មាន]​វ៉ាក់សាំង​នោះទេ​ ហើយ​គួបផ្សំ​នឹង​ការជំរុញ​ឱ្យមាន​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ដូ​ស​ទៀត​នោះ​ បាន​ជំរុញ​ដំណើរការ​នៃ​ការបើកទទួល​ទេសចរ​បរទេស​ឡើងវិញ ​ហាក់​មាន​ភាព​រលូន ​ដែល​អាច​នឹង​ឈានដល់​ការកើន​ឡើង​នៃ​ភ្ញៀវទេសចរ​បរទេស​ក្នុង​ឆ្នាំ​២០២៣​នេះ​ផងដែរ»។​

​សូម​បញ្ជាក់ថា ​នាវា​ទេសចរណ៍​ខ្នាត​យក្ស ​SEABOURN ENCORE ​គឺជា​នាវា​ទី​៣ ​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត ​ក្រុងព្រះសីហនុ​។ កាលពី​លើក​ទី​១ ​គឺ​នាវា​ទេសចរណ៍​ខ្នាត​យក្ស ​Westerdam ​ផ្ទុក​អ្នកទេសចរ​ចំនួន​៤១​ជាតិ​សាសន៍ ​ក្នុងនោះ​ជនជាតិ​អាមេរិក​ច្រើន​ជាងគេ ​និង​លើក​ទី​២ ​គឺ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ ឈ្មោះ ​NORWEGIAN SPIRIT ៕