ភ្នំពេញៈ ព័ត៌មានស្តីពីការចរចាបើកទីផ្សារនាំចេញសម្បុកត្រចៀកកាំកម្ពុជាទៅប្រទេសចិន បានធ្វើឱ្យប្រជាកសិករ និងអ្នកវិនិយោគជាច្រើនបញ្ចេញទុនវិនិយោគលើផ្ទះអភិរក្សត្រចៀកកាំ ពិសេសក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណាចំនួនផ្ទះអភិរក្សត្រចៀកកាំដែលបានចុះបញ្ជីតាមផ្លូវច្បាប់ គឺនៅមានកម្រិតតិចតួចនៅឡើយដែលបញ្ហានេះនឹងអាចធ្វើឱ្យកម្ពុជាពិបាកគ្រប់គ្រង និងអាចបាត់បង់ឱកាសនាំចេញច្រើនទៅទីផ្សារប្រទេសចិននាពេលអនាគត។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ ដែលបច្ចុប្បន្នមានម្ចាស់ផ្ទះអភិរក្សត្រចៀកាំជាង ១ ០០០នាក់ ជាសមាជិក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៦ ខែមករាថា សម្ទុះនៃការវិនិយោគលើផ្ទះអភិរក្សត្រចៀកកាំនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ដោយតាមការប៉ាន់ស្មានអាចមានចំនួនជាង ៥ ០០០ខ្នង។
ទីផ្សារនាំចេញទៅប្រទេសចិន គឺជាមូលហេតុចម្បងដែលជំរុញឱ្យមានការវិនិយោគលើផ្ទះអភិរក្សត្រចៀកកាំ ព្រោះក្រៅពីមានប្រជាជនច្រើននិយមទទួលទានផលិតផលពីសម្បុកត្រចៀកកាំ ទីនោះក៏ទទួលបានតម្លៃខ្ពស់ផងដែរ។
លោកថ្លែងថា៖«ក្នុងនាមសមាគម យើងពិតជារីករាយបើរដ្ឋាភិបាលចិនអនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំចេញសម្បុកត្រចៀកកាំ ព្រោះផលិតផលសម្បុកត្រចៀកកាំ គឺមានការពេញនិយម និងមានតម្លៃខ្ពស់នៅប្រទេសចិន»។
ទោះយ៉ាងណា លោក កុកធាន អះអាងថា បើអាជ្ញាធរចិនអនុញ្ញាតឱ្យកម្ពុជានាំចេញសម្បុកត្រចៀកកាំទៅទីផ្សាររបស់ខ្លួននៅពេលនេះ ក៏កម្ពុជាក៏មិនទាន់អាចនាំចេញបានបរិមាណច្រើនដែរ ព្រោះដើម្បីអាចនាំចេញ គឺគេតម្រូវឱ្យកន្លែងចិញ្ចឹមនីមួយៗត្រូវចុះបញ្ជី ដើម្បីអនុវត្តតាមស្តង់ដា និងច្បាប់ស្តីពីភូតគាមអនាម័យ ជាដើម។ បច្ចុប្បន្ន គឺអាចមានផ្ទះអភិរក្សត្រចៀកកាំប្រហែល ១០ភាគរយប៉ុណ្ណោះដែលបានចុះបញ្ជីនៅអាជ្ញាធរ។
ទាក់ទងនឹងការចុះបញ្ជីនេះ លោក កុកធាន លើកឡើងថា ម្ចាស់ផ្ទះអភិរក្សត្រចៀកកាំភាគច្រើនគេចវេះពីការចុះបញ្ជី ដោយសារពួកគេបារម្ភអាជ្ញាធរនឹងយកពន្ធលើអាជីវកម្មរបស់ពួកគេ។
លោកនិយាយថា៖«ប្រសិនបើរដ្ឋាភិបាលអាចចេញគោលការណ៍លើកលែងយកពន្ធពីអាជីវកម្មផ្នែកនេះ ខ្ញុំគិតថានឹងមានម្ចាស់ផ្ទះអភិរក្សត្រចៀកកាំជាច្រើនទៅចុះបញ្ជី។
ការចុះបញ្ជីតាមផ្លូវច្បាប់ មិនត្រឹមតែធ្វើឱ្យម្ចាស់អាជីវកម្មមានទំនុកចិត្តលើអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចចូលរួមចំណែកជំរុញការនាំចេញទៅទីផ្សារអន្តរជាតិផងដែរ ព្រោះផលិតផលនាំចេញ គឺគេទាមទារឱ្យមានប្រភពច្បាស់លាស់»។
បច្ចុប្បន្នសម្បុកត្រចៀកកាំមិនទាន់សម្អាតអាចមានតម្លៃចន្លោះពី ៦០០ ទៅ ៦៥០ ដុល្លារ ក្នុង ១ គីឡូក្រាម និងសម្បុកត្រចៀកកាំសម្អាតរួច មានតម្លៃចន្លោះពី ១ ៥០០-២ ០០០ ដុល្លារ។ តម្លៃនេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺកើនឡើងប្រមាណ ៥ភាគរយ។ នេះបើតាមលោក កុកធាន។
ម្ចាស់ផ្ទះអភិរក្សត្រចៀកកាំ ចំនួន ៣ ខ្នង នៅខេត្តពោធិ៍សាត់ លោក វ៉ាន់ សុវត្ថា បានប្រាប់ថា ទោះបីតម្លៃមិនកើនឡើង ប៉ុន្តែតម្រូវការទីផ្សារគឺកើនឡើងច្រើនក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។ ក្រៅពីប្រើប្រាស់ក្នុងស្រុក សម្បុកត្រចៀកាំត្រូវបាននាំចេញទៅប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ហើយតាមរយៈនេះ ក៏មានមួយចំនួនត្រូវបាននាំបន្តទៅកាន់ប្រទេសចិនផងដែរ។
បើតាមលោក សុវត្ថា ផ្ទះអភិរក្សត្រចៀកកាំទាំង ៣ខ្នងរបស់លោក គឺអាចផ្តល់ផលចន្លោះពី ៥-៧គីឡូក្រាមក្នុង១ខែ។
លោកបញ្ជាក់ថា ៖«ខ្ញុំមិនដឹងថា ការចរចាបើកទីផ្សារនាំចេញទៅប្រទេសចិនឈានដល់ដំណាក់កាលណាហើយទេពេលនេះ ប៉ុន្តែបើអាចនាំចេញជាផ្លូវការបាន វានឹងធ្វើឱ្យតម្លៃសម្បុកត្រចៀកកាំរបស់យើងបានកាន់តែខ្ពស់ជាងពេលនេះ»។
យោងតាមលោក ស៊ុយ កុកធាន កន្លងមកអាជ្ញាធរចិន(រដ្ឋបាលគយចិន)ធ្លាប់បានផ្ញើកម្រងសំណួរមួយចំនួនឱ្យភាគីកម្ពុជាបំពេញ និងផ្ញើទៅវិញអស់ហើយ ដោយនៅពេលនេះកម្ពុជាកំពុងរង់ចាំបន្តកិច្ចការនេះជាមួយអាជ្ញាធរចិន។
ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា លោក Wang Wentianបានលើកឡើងថា បច្ចុប្បន្នកម្ពុជា-ចិន កំពុងខិតខំជំរុញការងារនាំចេញផលិតផលមួយចំនួន ដូចជា ម្រេច ផលិតផលវារីវប្បកម្មសត្វព្រៃ សត្វក្នុងទឹក ដែលអាចបរិភោគបាន សម្បុកត្រចៀកកាំ និងដូង ជាដើមទៅកាន់ប្រទេសចិន៕