ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva លើកឡើងថា ស្ថាប័នផ្ដល់ប្រាក់កម្ចីដ៏ធំមួយនេះមិនរំពឹងថា នឹងបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួន នៅអត្រា ២,៧ ភាគរយសម្រាប់ឆ្នាំ ២០២៣ នោះទេ ដោយលោកស្រីកត់សម្គាល់ពីការធ្លាក់ចុះមកវិញនៃតម្លៃប្រេង និងទីផ្សារការងាររឹងមាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទោះបីជាបែបនេះក៏ដោយលោកស្រី Georgieva បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ IMF នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រថា ឆ្នាំ២០២៣ នឹងនៅតែជាឆ្នាំដ៏លំបាកមួយទៀត សម្រាប់សេដ្ឋកិច្ចពិភពលោកខណៈអតិផរណានៅតែស្ថិតក្នុងអត្រាខ្ពស់។ យ៉ាងណាមិញលោកស្រីមិនរំពឹងថា វានឹងក្លាយជាឆ្នាំនៃការធ្លាក់ចុះជាបន្តបន្ទាប់ ដូចអ្វីដែលកើតមានក្នុងឆ្នាំ ២០២២ នោះទេ។
លោកស្រី Georgieva បានថ្លែងយ៉ាងដូច្នេះថា៖ «កំណើនសេដ្ឋកិច្ច នៅតែបន្តថយចុះនៅឆ្នាំ ២០២៣។ រូបភាពវិជ្ជមានជាងនេះ នោះគឺ ភាពមាំផ្នែកទីផ្សារការងារ។ ឱ្យតែមនុស្សមានការងារធ្វើ ទោះតម្លៃខ្ពស់ក៏មនុស្សចំណាយហើយវាជួយដល់ដំណើរការរបស់សេដ្ឋកិច្ច»។
ប្រធាន IMF ដដែលថា IMF មិនរំពឹងថា នឹងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ណាមួយឡើយ ហើយនោះ គឺជាដំណឹងល្អ។យ៉ាងណាមិញលោកស្រីថា ការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាប ប៉ុន្តែឡើងទៅវិញនៅចុងឆ្នាំ ២០២៣ និងឈានចូលឆ្នាំ ២០២៤។
លោកស្រី Georgieva ក៏បានលើកឡើងផងដែរថា មានក្តីសង្ឃឹមជាច្រើនថា ចិនដែលធ្លាប់រួមចំណែកប្រហែល ៣៥-៤៥ ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោក នឹងរួមចំណែកជាថ្មីម្តងទៀតលើកំណើននេះ ចាប់ពីពាក់កណ្តាល ឆ្នាំ ២០២៣ ទៅ។
ប៉ុន្តែលោកស្រីបន្តថា លទ្ធផលបែបនោះកើតឡើងលុះត្រាតែទីក្រុងប៉េកាំងមិនផ្លាស់ប្តូរទិសដៅដោយនៅតែបន្តបោះបង់ចោលនូវគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹង ដែលខ្លួនទម្លាក់ចោល កាលពីដើមខែធ្នូ។ បន្ថែមពីលើនេះលោកស្រី Georgieva បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក នឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចធន់ស្រាល។
ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រី Georgieva បានលើកឡើងផងដែរថា ភាពមិនប្រាកដប្រជាដ៏សំខាន់ៗ នៅតែបន្តកើនឡើង ដោយរួមមានទាំងព្រឹត្តិការណ៍ធំៗ ដូចជាបញ្ហាអាកាសធាតុ ការវាយប្រហារតាមអ៊ីនធឺណិត ឬការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ឧទាហរណ៍ តាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីបានលើកឡើងពីការព្រួយបារម្ភអំពីភាពចលាចលសង្គម ដែលកំពុងកើនឡើងនៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងប្រទេសដទៃទៀត ហើយបន្ថែមផងដែរថា ផលប៉ះពាល់នៃការរឹតបន្តឹងនយោបាយហិរញ្ញវត្ថុនៅតែមិនច្បាស់លាស់។
គួរគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនការលើកឡើងរបស់លោកស្រី Georgieva ធនាគារពិភពលោក បានព្រមានថា ពិភពលោកអាចនឹងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ដោយសារតែការដំឡើងអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាល ដើម្បីទប់ទល់នឹងអតិផរណា ការបន្តអូសបន្លាយនៃសង្គ្រាម នៅអ៊ុយក្រែន និងការថយចុះរបស់ប្រទេសមានសេដ្ឋកិច្ចធំៗជាដើម។ ធនាគារបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៣ របស់ខ្លួនពី ៣,០ ភាគរយកាលពីលើកមុនមកត្រឹម ១,៧ ភាគរយ នៅលើកនេះ៕