ភ្នំពេញៈ កម្ពុជារំពឹងថាទំនាក់ទំនងពាណិជ្ជកម្ម ពិសេសវិស័យទេសចរណ៍ជាមួយម៉ាល់ឌីវ នឹងកាន់តែល្អ ខណៈក្រុមអ្នកជំនួញកម្ពុជានឹងរៀបចំជំនួបជាមួយវិនិយោគិនម៉ាល់ឌីវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ។
លោក ហ៊ុន សែន ពីថ្ងៃទី ១៥ ដល់ ១៧ ខែមករា ឆ្នាំ ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ដែលក្នុងនោះក៏មានថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីថ្ងៃទី ១៥ ខែមករា ឱ្យដឹងថា ក្នុងបេសកកម្មអមដំណើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច សាធារណរដ្ឋម៉ាល់ឌីវ នឹងរៀបចំវេទិកាធុរកិច្ច កម្ពុជា-ម៉ាល់ឌីវ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមករា នៅក្រោមអធិបតីភាព លោក Fayyaz Ismail រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសាធារណរដ្ឋម៉ាល់ឌីវ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា វេទិកាធុរកិច្ចនេះ នឹងផ្តោតទៅលើការជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំង២ និងមានការពិភាក្សាផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាព បរិយាកាសវិនិយោគ និងវិស័យសក្តានុពលផងដែរ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចម៉ាល់ឌីវ ធុរជនម៉ាល់ឌីវ និងកម្ពុជា។ តាមរយៈជំនួបនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសម៉ាល់ឌីវ។
សេចក្តីប្រកាសព័ត៌មានរបស់ CCC បានបញ្ជាក់ថា៖ «អនុស្សរណៈនេះ គឺមានគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ធុរកិច្ច និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ»។
អគ្គនាយក CCC លោក ងួន ម៉េងតិច បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែមករាថា វេទិកាធុរកិច្ច កម្ពុជា-ម៉ាល់ឌីវ អំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ពិសេសវិស័យទេសចរណ៍។ ជារៀងរាល់ឆ្នាំប្រទេសដែនកោះ មួយនេះតែងតែទាក់ទាញអ្នកទេសចរអន្តរជាតិបានជាច្រើន ដូច្នេះកម្ពុជាដែលជាប្រទេសមានសក្តានុពលទេសចរណ៍ ក៏អាចបង្កើនការផ្សព្វផ្សាយនឹងទាក់ទាញភ្ញៀវទេសចរជាមួយនឹងប្រទេសម៉ាល់ឌីវ ផងដែរ។
លោកបញ្ជាក់ថា៖ «តាមរយៈទំនាក់ទំនងនេះ យើងក៏អាចទាក់ទាញភ្ញៀវពីម៉ាល់ឌីវ ឱ្យធ្វើដំណើរបន្តមកទស្សនាតំបន់ប្រាសាទ និងធម្មជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ»។
លោកបន្ថែមថា ម្យ៉ាងដោយសារម៉ាល់ឌីវ គឺជាកន្លែងទទួលបានទេសចរអន្តរជាតិច្រើនជារៀងរាល់ឆ្នាំ ដូច្នេះក៏ជាឱកាសសម្រាប់កម្ពុជានៅក្នុងការនាំចេញកសិផលដូចជាអង្ករ ផ្លែឈើ ឬម្ហូបអាហារមួយចំនួនទៅផ្គត់ផ្គង់នៅទីនោះផងដែរ។
កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Abdulla Shahid រដ្ឋមន្ដ្រីការបរទេសម៉ាល់ឌីវ គឺ ភាគីទាំង ២ បានប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហ ប្រតិបត្តិការសំខាន់ៗមួយចំនួនដូចជា ការបង្កើតជើងហោះហើរត្រង់ ការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំ-ចេញ រួមទាំងនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងខែមេសា ឆ្នាំ ២០២២ ធ្លាប់លើកឡើងថា កម្ពុជា និងកោះម៉ាល់ឌីវ កំពុងមានផែនការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក។
ម៉ាល់ឌីវ ស្ថិតនៅភាគនិរតីឧបទ្វីបឥណ្ឌា ដោយមានផ្ទៃដី ៣០០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនសរុប ៥៧៩ ៣៣០ នាក់ក្នុងឆ្នាំ ២០២២៕