ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានជិត ៥៣២ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ ២០២២ ថយជាង ១២ ភាគរយបើធៀបឆ្នាំ ២០២១។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករាដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២២ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅក្រៅប្រទេសមានទឹកប្រាក់សរុប ៥៣១,៨៦៣ លានដុល្លារ ធ្លាក់ចុះ ១២,៨៤៥ ភាគរយធៀបឆ្នាំ ២០២១ ដែលមាន ៦១០,២៨៨ លានដុល្លារ។
ផ្អែកលើទិន្ន័យខាងលើ ការនាំចេញជ័រកៅស៊ូ សម្រេចបាន ៣៧២ ៩០០ តោន កើនឡើង ៦ ៦០០ តោន ស្មើនឹង ២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ និងការលក់ឈើកៅស៊ូ សម្រេចបានចំនួន ២៦ ៤៨៩ ម៉ែត្រគុបក្នុងឆ្នាំ ២០២២។ ចំណែកប្រាក់ទទួលបាន គឺចំណូលពីការនាំចេញជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងឈើកៅស៊ូចំនួន ៤ ០៨៩ ២៧៣ ដុល្លារ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៥ ខែមករា ថា ទោះបីបរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងឆ្នាំ ២០២២ កើនឡើងបន្តិចបន្តួចធៀបនឹងឆ្នាំ ២០២១ ប៉ុន្តែសម្រាប់ចំនួនទឹកប្រាក់ទទួលបានគឺថយចុះជាង ១០ ភាគរយ។ មូលហេតុនាំឱ្យទឹកប្រាក់នាំចេញធ្លាក់ចុះ គឺដោយសារការធ្លាក់ចុះតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា បច្ចុប្បន្នផលិតផលពីកៅស៊ូស្ទើរទាំងស្រុង គឺត្រូវបាននាំទៅទីផ្សារអន្តរជាតិ។
សម្រាប់តម្លៃកៅស៊ូ ក្នុងឆ្នាំ ២០២៣ នេះ លោក ហ៊ឹម អូន ប្រាប់ថា៖ «ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ល្អ ជាពិសេសវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដូច្នេះតម្លៃជ័រកៅស៊ូ ក្នុងឆ្នាំ ២០២៣ នេះ អាចនឹងមានស្ថានភាពប្រហាក់ប្រហែលឆ្នាំ ២០២២»។
បើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ តម្លៃជ័រកៅស៊ូ ជាមធ្យមក្នុងឆ្នាំ ២០២២ គឺ ១ ៤១៥ ដុល្លារក្នុង ១ តោន ថយចុះ ២២៥ ដុល្លារ ស្មើនឹង ១៤ ភាគរយបើធៀបឆ្នាំ ២០២១ ចំណែកឈើកៅស៊ូ មានតម្លៃមធ្យមក្នុងខែធ្នូ គឺ ១៥០ ដុល្លារក្នុង ១ ម៉ែត្រគុប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូគ្រួសារ (ចម្ការផ្ទាល់) ក្នុងខែធ្នូ គឺ ទឹកជ័រ (DRC ១០០ ភាគរយ)មានតម្លៃចន្លោះ ៤ ៣២៥៤ ៩២៥ រៀលក្នុង ១ គីឡូក្រាម និងជ័រកក (DRC ៥០ភាគ-រយ) តម្លៃ ១ ៩៧៥-២ ៥០០រៀល។
ម្ចាស់ចម្ការកៅស៊ូទំហំ ១០ ហិកតានៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមករា ថា តម្លៃកៅស៊ូបានធ្លាក់ចុះជាបន្តបន្ទាប់នារយៈពេល ៣-៤ ឆ្នាំមកហើយ ដោយនៅពេលនេះឈ្មួញនៅតំបន់លោករស់នៅ ប្រមូលទិញក្នុងតម្លៃជាមធ្យម ១ ៦០០ រៀលក្នុង ១ គីឡូក្រាម (កៅស៊ូបង្កក)។ តម្លៃនេះ កើនពី ១ ៣០០រៀលកាលពី ២-៣ ខែមុន។ ទោះយ៉ាងណា តម្លៃពេលនេះ គឺទាបជាងឆ្នាំមុនដែលអាចលក់បានចន្លោះពី ២ ២០០-២ ៣០០ រៀល។
លោកបន្ថែមថា តម្លៃជ័រកៅស៊ូទាប គឺដោយសារតែផលប្រមូលបាន គឺមានតែនាំចេញទៅវៀតណាមប៉ុណ្ណោះ ដែលធ្វើឱ្យកសិករគ្មានជម្រើស។
លោកនិយាយថា៖ «ខ្ញុំឮគេនិយាយថា មានរោងចក្រផលិតកង់ឡាននៅកម្ពុជា ប៉ុន្តែជាក់សែ្ដងផលកៅស៊ូគឺនៅតែនាំចេញទៅវៀតណាមទាំងអស់»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗនេះបាននិយាយថា បញ្ហាទីផ្សារ និងតម្លៃ បានធ្វើឱ្យការដាំដុះដំណាំកៅស៊ូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនមានវឌ្ឍនភាពអ្វីគួរឱ្យកត់សម្គាល់ទេ។
ទោះយ៉ាងណា កំណើននៃការបើកដំណើរការរោងចក្រផលិតកៅស៊ូកង់រថយន្ត និងដំឡើងរថយន្តនៅកម្ពុជានាពេលថ្មីៗនេះនឹងអាចជួយឱ្យការដាំដុះ និងទីផ្សារកៅស៊ូ មានភាពល្អប្រសើរឡើងវិញ៕