ភ្នំពេញៈ សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ គ្រោង​នឹង​នាំចូល​អង្ករ ព្រមទាំង​ផលិតផលកសិកម្ម​ផ្សេងៗ ពី​ប្រទេស​កម្ពុជា ខណៈដែល​កម្ពុជា​មានបំណងនាំចូល​ត្រីខកំប៉ុង​ធូ​ណា និង​ផលិតផល​ត្រី​ដទៃទៀត ដើម្បី​បំពេញតម្រូវការ​ដល់​ប្រជាជន និង​ភ្ញៀវទេសចរ ដែល​មក​កម្សាន្តត​នៅ​កម្ពុជា​។​

​យោងតាមការផ្សាយ​ផ្ទា​ល់ពី​ទូរទស្សន៍​ជាតិ​កម្ពុជា អំពី​សន្និសីទ​សារព័ត៌មាន​រួម ពី​វិមាន​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ រវាង​លោក អុីប្រាហ៊ីម ម៉ូ​ហា​មេ​ដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ លោក អុីប្រាហ៊ីម បាន​ថ្លែងថា ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ម៉ា​ល់​ឌី​វ មាន​គោលបំណង​កែលម្អ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ដោយសារតែ​ប្រទេស​កម្ពុជា ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​ធំ​មួយ និង​ឈានមុខ​គេ ក្នុងនាម​អង្ករ​ដែល​គុណភាព​កម្រិត​ពិភពលោក និង​ផលិតផល​កសិកម្ម​ផ្សេងទៀត ដូចជា​ពោត ម្រេច ដំឡូង​មី ផ្លែឈើ​ផ្សេងៗ​ផងដែរ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖«​ដោយសារ​ប្រទេស​ម៉ាល់ឌី​វ​ជា​ប្រទេស​នាំចូល​ច្រើន​ដែរ យើង​ក៏​ពិភាក្សា​អំពី​ការ​នាំចូល​ផលិតផល​ផ្សេងទៀត​ដូចជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ឈើ ហើយ​ជាងនេះទៀត កម្ពុជា​បាន​ពិចារណា​នាំ​ត្រីខ​ធូ​ណា​កំប៉ុង និង​ផលិតផល​ត្រី​ផ្សេងទៀត​ពី​ប្រទេស​ម៉ា​ល់​ឌី​វ​។ ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំ​ចូល​របស់​យើង​ដើម្បី​ធ្វើឱ្យ​ទំហំ​ទីផ្សារ​កើនឡើង មិន​ត្រឹមតែ​ធ្វើឱ្យ​ថ្លៃទំនិញ​សំខាន់ៗ ថយចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពង្រឹង​នូវ​សន្តិសុខ​ស្បៀង​របស់​យើង ព្រមទាំង​ផ្តល់នូវ​ជម្រើស​បន្ថែមទៀត​ដល់​អ្នកប្រើប្រាស់​របស់​យើង​»​។​

​លោក​បាន​បន្ថែមថា ជាមួយ​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ដើម្បី​កែលម្អ​ផ្នែក​ធុរកិច្ច នៃ​សភាពាណិជ្ជកម្ម​របស់​ម៉ា​ល់​ឌី​វ និង​កម្ពុជា និង​សហគមន៍​ធុរកិច្ច នឹងចូលរួម​វេទិការ​ធុរកិច្ច ដែល​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ខ្ញុំ​សង្ឃឹមថា វេទិការ​ធុរកិច្ច នឹង​បើក​ច្រក​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង២ឱ្យ​កាន់តែ​កើនឡើង​នា​ថ្ងៃ​អនាគត​។​

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា កម្ពុជា​ពិតជា​មានលទ្ធភាព ដើម្បី​នឹង​ពង្រីក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ ដោយសារតែ​កម្ពុ​ជាមាន​ទំនិញ​ដែល​អាច​នាំ​ចូលមក​ម៉ា​ល់​ឌី​វ ដូចជា​អង្ករ និង​ផលិតផល​កសិកម្ម​ដទៃទៀត ដែល​មិនមែន​គ្រាន់តែ​សម្រាប់​ប្រជាជន​ម៉ា​ល់​ឌី​វ​ទេ ប៉ុន្តែ​សម្រាប់​វិស័យ​ទេសចរណ៍​ដែល​មក​ទស្សនកិច្ច​នៅ​ម៉ា​ល់​ឌី​វ ដោយសារ​អង្ករ​កម្ពុជា ស្ថិតនៅក្នុង​ប្រភេទ​ជា​អង្ករ​ដែលជា​ប់​លេខ​១ ចំនួន​៥ ។​

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សង្ឃឹមថា អង្ករ​នេះ ទទួលបាន​ការពេញនិយម​សម្រាប់​ប្រជាជន​ម៉ា​ល់​ឌី​វ​ផង និង​សម្រាប់អ្នកទេសចរ​ដែល​មក​កម្សាន្តត​នៅ​ម៉ា​ល់​ឌី​វ​ផង​។​យើង​គ្រាប់ស្វាយចន្ទី ស្វាយ ចេក អាច​បម្រើឱ្យ​វិស័យ​ទេសចរណ៍​របស់​ម៉ា​ល់​ឌី​វ ដូច្នេះ​ផលិតផល​ទាំងនេះ អាច​នាំ​ចេញពី​កម្ពុជា​បាន​។ ក្រៅពីនេះ​នៅមាន​សម្លៀកបំពាក់ ដោយសារ​យើង​ជា​ប្រទេស​ផលិត​សម្លៀកបំពាក់​យើង​សង្ឃឹមថា ម៉ា​ល់​ឌី​វ​អាច​បញ្ជា​ទិញ​បាន​ពី​កម្ពុជា​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បន្តទៀតថា ថ្វីដ្បិតតែ​ជា​ប្រទេស​ដែលមាន​ត្រី​ទឹកសាប និង​ត្រី​សមុទ្រ ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​នោះទេ ដូចនេះ​ផលិតផល​ត្រីខកំប៉ុង ជា​ផលិតផល ដែល​អាចមាន​លទ្ធភាព​នាំ​ចេញទៅ​កម្ពុជា​ច្រើនជាងគេ ព្រោះ​ក្នុង​១ឆ្នាំៗ កម្ពុជា​ប្រើប្រាស់​ត្រីខកំប៉ុង​ច្រើនណាស់​។ លោក​ថា រាជរដ្ឋាភិបាល​ល​បាន​ប្រើប្រាស់​ត្រីខកំប៉ុង​ប្រមាណ​ជា​១០​ម៉ឺន​កេស ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ ដែលមាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។ ដូចនេះ​គោលដៅ​នៃ​ទំនិញ​ដំបូង គឺ​ប្រហែលជា​ចាប់ផ្តើម​ពី​ត្រីខកំប៉ុង ដែល​ផលិត​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ​។

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ម៉ា​ល់​ឌី​វ កាលពី​ថ្ងៃទី​១៥ ខែមករា ប្រទេស​ទាំង២ បាន​ពិភាក្សាគ្នា​យ៉ាងច្រើន លើ​កិច្ចសហការ​លើ​វិស័យ​ជាច្រើន ជាពិសេស​ទេសចរណ៍ និង​កសិកម្ម​។​បាន​បន្ថែមថា ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​ដី ដែលមាន​ជីជាតិ​ច្រើន​សម្រាប់​កសិកម្ម​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​វិនិយោគិន​ម៉ា​ល់​ឌី​វ​ក្នុង​ការដាំដុះ​ដំណាំ និង​ដំណើរការ ឬ​នាំចេញ​ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ និង​ពិភពលោក​ផ្សេងទៀត​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖«កម្ពុជា​ត្រូវការ​នាំចូល​ផលិតផល​ជលផល​ជាក់លាក់​ពី​ប្រទេស​ម៉ា​ល់​ឌី​វ ដើម្បី​ផ្គត់ផ្គង់​ឧស្សាហកម្ម​ភោជនីយដ្ឋាន​ដែល​កំពុង​រីកចម្រើន និង​ទីផ្សារ​លំដាប់​ខ្ពស់​របស់​យើង​។ ផលិតផល​ដែល​ផលិត​ក្នុងប្រទេស​កម្ពុជា​អាច​នាំចេញ​ដោយមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម EBA និង GSP ទៅកាន់​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។​​ការចូល​ទៅកាន់​ទីផ្សារ​ក​ម្ពុ​ជាមាន​លក្ខណៈ​ទូលំទូលាយ ដូចនេះ​ខ្ញុំ​បាន​អញ្ជើញ​ពាណិជ្ជករ និង​អ្នកវិនិយោគ​មកពី​ប្រទេស​ម៉ា​ល់​ឌី​វ មក​ទស្សនា និង​ស្វែងយល់​ពី​ឱកាស​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដើម្បី​ពិភាក្សា​ជាមួយ​អ្នក​លម្អិត​បន្ថែម​អំពី​ផ្នែក​នៃ​កិច្ចសហប្រតិបត្តិការ និង​វិស័យ​សក្តានុពល​»​។​

​ក្រៅពី​កិច្ចពិភាក្សា​រវាង​កម្ពុជា និង​ប្រទេស​ម៉ា​ល់​ឌី​វហើយ ភាគី​ទាំង២ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៦ ដោយ​រំពឹងថា កិច្ចព្រមព្រៀង ក៏ដូចជា​កិច្ចពិភាក្សា​ដែល​បាន​រៀបចំឡើង​នាពេលនេះ​នឹង​រួមចំណែក​ដល់​ការកសាង​ទំនាក់ទំនង​ប្រទេស​ទាំង២​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕