ភ្នំពេញៈ អ្នកតំណាងវិស័យទេសចរណ៍ និងមន្ត្រីអាកាសចរស៊ីវិល បានលើកឡើងថា ការសម្រេចបានការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ឬភ្នំពេញថ្មី ចំនួនជាង ៤៣ ភាគរយគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២២ នឹងចប់តាមផែនការ និងដាក់ឱ្យដំណើរការនាពេលខាងមុខ គឺជាការឆ្លើយតបនឹងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិដូចមុនវិបត្តិកូវីដ ១៩។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន (ដំណាក់កាលទី១) គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ គឺជាង ៤៣ភាគរយនៃការងារសរុបដោយចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៦១៧ លានដុល្លារ។
លោកបន្តថា ចាប់ដំណើរការសាងសង់ឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ (ដំណាក់កាលទី១) (យោងទៅលើកម្មវិធីការងារមេ Updated Master Schedule) ដែលធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ។
លោកប្រាប់ថា៖ «តាមការសិក្សា និងស្រាវជ្រាវ ឯកសារអន្តរជាតិ បង្ហាញឱ្យឃើញថាការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាសសម្រាប់ប្រទេសកម្ពុជា នឹងអាចកើតឡើងស្មើនឹងឆ្នាំ ២០១៩ គឺនៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ស្របតាមនិន្នាការការស្ទុះងើបឡើងវិញរបស់ពិភពលោក»។
លោកបន្តទៀតថា ការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ប្រកបដោយគុណភាព គឺជាការចាំបាច់។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសាទរចំពោះវឌ្ឍនភាពនៃការសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលលោករំពឹងថា នឹងដើរតួនាទីសំខាន់ក្នុងការបើកទីផ្សារហោះហើរថ្មីថែមទៀត។
លោកឱ្យដឹងថា៖ «ការដែលយើងមានព្រលានថ្មី និងទំនើបវាឆ្លុះបញ្ចាំងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យអាកាសចរណ៍កម្ពុជាទាំងការដឹកអ្នកដំណើរនិងការដឹកទំនិញ។ ខ្ញុំសង្ឃឹមថាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកទីផ្សារកាន់តែទូលំទូលាយថែមទៀតសម្រាប់ប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំខាងមុខ»។
បើតាមលោក ចាន់សិរីវុត្ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ២៧ បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើជិត ៦០ ភាគរយធៀបឆ្នាំ ២០១៩ ដែលមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤៤ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលក្រុមហ៊ុនអាកាសចរណ៍លក្ខណៈ Charter)។
ដោយឡែកបើគិតពីខែមករាដល់ខែធ្នូ ឆ្នាំ ២០២២ កម្ពុជាបានទទួលអ្នកដំណើរ ជាង ២ លាននាក់ (២,៣៨២,០០០), កើនឡើងជិត ៩០០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១, បើធៀបទៅរយៈពេល ១២ ខែដូចគ្នាឆ្នាំ ២០១៩ គឺអ្នកដំណើរ មានចំនួនប្រមាណ ២៥ ភាគរយប៉ុណ្ណោះនៃឆ្នាំ ២០១៩។
ចំនួនជើងហោះហើរមានជិត ៣ ម៉ឺនជើង (២៨,៩០០) កើនជាង ២៦០ ភាគរយបើធៀបនឹងរយៈពេល ១២ ខែដូចគ្នា(មករា-ធ្នូ) នៅឆ្នាំ ២០២១, បើធៀបនឹងរយៈពេល ១២ ខែដូចគ្នានៅ ឆ្នាំ ២០១៩ គឺចំនួនជើងហោះហើរ មានប្រមាណ ២៨ ភាគរយ ប៉ុណ្ណោះនៃឆ្នាំ ២០១៩ និងការដឹកទំនិញតាមផ្លូវអាកាសមានជាង ៥៥០ តោន ថយចុះជាង ២២ ភាគរយបើធៀបនឹងរយៈពេល ១២ ខែដូចគ្នា (មករា-ធ្នូ) នៅឆ្នាំ ២០២១, បើធៀបនឹងរយៈពេល ១២ ខែដូចគ្នាឆ្នាំ ២០១៩ គឺមានការកើនឡើង ៥ ភាគរយនៃឆ្នាំ ២០១៩។
លោកបានបន្ថែមថា នៅក្នុងឆ្នាំ ២០២៣ នេះ កម្ពុជារំពឹងថា ចំនួនអ្នកដំណើរ នឹងកើនឡើងដល់ប្រមាណ ៤,៦ លាននាក់, ចំនួនជើងហោះហើរ នឹងកើនឡើងទៅដល់ជាង ៤៥ ០០០ ជើង។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៧ បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើជិត ៦០ ភាគរយនៃឆ្នាំ ២០១៩ ដែលកំពុងហោះហើរចេញចូល កម្ពុជា»៕