មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានក្នុងរបាយការណ៍ថ្មីមួយថា ការមិនធ្វើសមាហរណកម្មជាមួយគ្នានៃសេដ្ឋកិច្ចពិភពលោកអាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចពិភពលោកដល់ទៅ ៧ ភាគរយ។ ប៉ុន្តែផលប៉ះពាល់នាំនឹងអាចកើនដល់ ៨-១២ ភាគរយ សម្រាប់ប្រទេសមួយចំនួនប្រសិនបើប្រទេសនីមួយៗប្រកាន់បក្ខពួកលើវិស័យបច្ចេកវិទ្យាទៀតនោះ។
សព្វថ្ងៃនេះប្រទេសលើពិភពលោកមានទំនោរគាំទ្រលើមហាអំណាចផ្សេងៗគ្នា។ ប្រទេសជាច្រើនគាំទ្រអាមេរិកដើរតាមអាមេរិកនិងចូលរួមសម្ព័ន្ធភាពសេដ្ឋកិច្ចនយោបាយជាមួយអាមេរិក។ប្រទេសកាន់របបប្រជាធិបតេយ្យនៅតំបន់អ៊ឺរ៉ុបមាននិន្នាកាអ៊ឺរ៉ុបក្រោមឆត្រសហគមន៍អ៊ឺរ៉ុប។ ប្រទេសមួយចំនួនផ្សេងទៀតដែលស្ថិតនៅក្រោមឥទ្ធិរុស្ស៊ីគាំទ្ររុស្ស៊ីនិងមានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ចនយោបាយជាមួយរុស្ស៊ី ។ ចំណែកប្រទេសមួយចំនួនទៀតគាំទ្រនយោបាយចិននៅរកស៊ីជាមួយចិន។ ទោះយ៉ាងណាប្រទេសឬតំបន់ទាំងអស់ មិនបានផ្ដាច់ទំនាក់ទំនងគ្នាទាំងស្រុងដូចសម័យសង្គ្រាមត្រជាក់ឡើយ វៀរលែងតែទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើងដែលស្ថិតក្រោមទណ្ឌកម្មរបស់ UN។
IMF ថា សូម្បីតែការទំហំនៃការមិនធ្វើសមាហរណកម្មជាមួយគ្នា តូចមួយ ក៏អាចកាត់បន្ថយផលិតផលក្នុងសរុប (GDP) របស់សកលចំនួន ០,២ភាគរយផងដែរ។ របាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុដ៏ធំ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យនេះ បាននិយាយថារំ ហូរទំនិញនិងមូលធនសកលបានធ្លាក់ចុះបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩និងការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្មក្នុងឆ្នាំបន្តបន្ទាប់ទៀត។ របាយការណ៍បន្តថា៖ «ជំងឺរាតត្បាតកូវីដ-១៩និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កជាឧបសគ្គដល់ទំនាក់ទំនងអន្តរជាតិហើយបង្កើនការសង្ស័យអំពីអត្ថប្រយោជន៍នៃសកលភាវូបនីយកម្ម»។
របាយការណ៍បានកត់សម្គាល់ថាការបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ បានបន្ថយភាពក្រីក្រពិភពលោកអស់រយៈពេលជាច្រើនឆ្នាំហើយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដែលមានប្រាក់ចំណូលទាប។ ប៉ុន្តែការផ្តាច់ចំណងទំនាក់ទំនងពាណិជ្ជកម្ម៖ «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងអ្នកប្រើប្រាស់ដែលមិនសូវធូរធារនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន»។
IMF បានព្រមានផងដែរថា ការរឹតត្បឹតលើការធ្វើចំណាកស្រុកឆ្លងដែន នឹងកាត់បន្ថយធនធានមនុស្សមានជំនាញសម្រាប់ប្រទេសដែលទទួលអ្នកធ្វើចំណាកស្រុក ហើយកាត់បន្ថយការផ្ទេរប្រាក់ទៅក្នុងប្រទេសកំណើតរបស់ជនចំណាកស្រុក។ការកាត់បន្ថយរំ ហូរមូលធន នឹងបន្ថយការវិនិយោគផ្ទាល់ពីបរទេសពេលដែលកិច្ចសហប្រតិបត្តិការអន្តរជាតិបានធ្លាក់ចុះផងនោះ នឹងបង្កហានិភ័យដល់ការផ្គត់ផ្គង់ទំនិញជាសកល។
IMF បានលើកឡើងថាប្រទេសដែលមានប្រាក់ចំណូលទាប ទំនងជាមានហានិភ័យបំផុត នៅពេលសេដ្ឋកិច្ចពិភពលោកប្រកាន់យកប្រព័ន្ធ «ហិរញ្ញវត្ថុបែបតំបន់និយម» និងប្រព័ន្ធទូទាត់សកលបែបបក្ខ ពួករៀងៗខ្លួននោះ។
IMF និយាយថា នៅពេលការចែករំលែកហានិភ័យរួមជាអន្តរជាតិតិចជាងមុនការមិនធ្វើសមាហរណកម្មជាមួយគ្នា ក្នុងសេដ្ឋកិច្ចសកលអាចនាំឱ្យមានការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ចខ្ពស់ វិបត្តិកាន់តែធ្ងន់ធ្ងរ និងសម្ពាធកាន់តែខ្លាំងនៅថ្នាក់ជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចធ្វើឱ្យសមត្ថភាពរបស់សហគមន៍ពិភពលោកចុះខ្សោយ ពិសេសការកៀរគរជំនួយជួយប្រទេសដែលមានវិបត្តិ និងធ្វើឱ្យមានភាពស្មុគស្មាញដល់ការដោះស្រាយវិបត្តិបំណុលនាពេលអនាគត៕