ភ្នំពេញៈ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា តម្លៃជ្រូករស់ក្នុងស្រុកនៅពេលនេះ បានធ្លាក់ចុះពី ៨ ០០០ រៀល មកនៅត្រឹមតែ ៧ ០០០ រៀល នៅក្នុង ១ គីឡូក្រាម បើទោះបីជាជិតដល់ពេលវេលាសែនចូលឆ្នាំចិនក៏ដោយ ដោយសារតែមានការវាយលុកខ្លាំងពីសាច់ជ្រូកបង្កកដែលនាំចូលមកពីប្រទេសជិតខាង។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ បើទោះបីជាតម្លៃសាច់ជ្រូក និងតម្រូវការធ្លាក់ចុះនៅពេលណាក៏ដោយ ប៉ុន្តែតែងតែឡើងមកវិញនៅពេលរដូវបុណ្យទាន ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំចិន ទាំងតម្លៃនិងបរិមាណនៃការលក់តែងមានកំណើនជានិច្ច។
លោកបានបន្ថែមថា នៅក្នុងឆ្នាំនេះ កសិករជួបបញ្ហាកាន់តែខ្លាំង ដោយសារការវាយលុកពីសាច់ជ្រូកបង្កក ដែលបានលួចនាំចូលពីប្រទេសជិតខាង បានដាក់លក់យ៉ាងគគ្រឹកគ្រេងនៅលើទីផ្សារអនឡាញ ដែលការណ៍នេះ បានបណ្តាលឱ្យអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកជួបបញ្ហាលក់ជ្រូកមិនចេញ ថែមទាំងជ្រូកធ្លាក់ថ្លៃទៀត។
លោកបានបញ្ជាក់ដូច្នេះថា៖ «នៅលើទីផ្សារមិនមែនថមថយតម្រូវការសាច់ជ្រូកនោះទេ ប៉ុន្តែការលក់សាច់ជ្រូកក្នុងស្រុកធ្លាក់ចុះព្រោះតែសាច់ជ្រូកបង្កក។ រាល់ឆ្នាំធ្លាប់តែលក់ជ្រូកដាច់ខ្លាំង ហើយបានតម្លៃថ្លៃ តែឆ្នាំនេះ ផ្ទុយស្រឡះ គឺលក់មិនចេញហើយថែមទាំងលក់បានថោកទៀត។ ឈ្មួញដែលនាំចូលសាច់បង្កកទាំងនោះ បានដាក់លក់តាមអនឡាញ យ៉ាងគគ្រឹកគ្រេង ដែលសុទ្ធសឹងតែជាសាច់ដែលគ្មានគុណភាព និងត្រូវបានប្រទេសគេបោះចោល យកមកលក់ឱ្យពលរដ្ឋធ្វើជាម្ហូបលក់នៅតាមហាង ភោជនីយដ្ឋាន និងកម្មវីធីផ្សេងៗ»។
លោកបានបន្ថែមថា ចំពោះបញ្ហានេះ សមាគមបានស្នើដល់ក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយរួចហើយ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានចំណាត់ការ ដែលមានប្រសិទ្ធភាពណាមួយនៅឡើយទេ។
ទោះជាបែបនេះក្តី លោកអះអាងថា លោកនឹងសមាជិក ជាកសិករចិញ្ចឹមជ្រូក នឹងស្វែងរកដំណោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។
អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ឱ្យដឹងដែរថា សាច់ជ្រូកបង្កកបានវាយលុកទីផ្សារយ៉ាងខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ។
អាជីវកររូបនេះបានបន្ថែមទៀតថា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ ការលក់ជ្រូក បានថយចុះប្រមាណពី ៥០ ទៅ ៦០ ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ដោយបច្ចុប្បន្ន ហាងជ្រូកខ្វៃរបស់លោកលក់តែជ្រូកខ្វៃដែលភ្ញៀវបានបញ្ជារទិញតែប៉ុណ្ណោះ គឺមិនបានខ្វៃទុកសម្រាប់លក់នោះទេ ព្រោះខ្លាចមានការខាតបង់កាន់តែច្រើន។
អាជីវកររូបនេះបញ្ជាក់ទៀតថា៖ «មូលហេតុដែលការលក់ជ្រូកខ្វៃនៅឆ្នាំនេះ មានការថយចុះច្រើន ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន នៅក្នុងដំណាក់កាលនេះ មិនទាន់បានប្រសើរឡើងវិញនៅឡើយ បន្ទាប់ពីការរីករាលដាលកូវីដ ១៩។ យើងគួរតែដឹងហើយថា នៅពេលដែលប្រជាជនរកចំណូលមិនសូវបាន ការចំណាយរបស់ពួកគេ ក៏មានកម្រិតទៅតាមនោះដែរ»។
ចំពោះប្រភេទជ្រូកដែលបានយកមកខ្វៃវិញ អាជីវកររូបនេះបានអះអាងថា សុទ្ធតែជាជ្រូកក្នុងស្រុក ដែលមានការពិនិត្យ យ៉ាងច្បាស់លាស់ និងត្រឹមត្រូវពីមន្រ្តីជំនាញ មុននឹងយកមកចម្អិន ដោយមិនអាចប្រើប្រាស់ជ្រូកបង្កកដែលលួចនាំចូលបាននោះទេ ព្រោះថា វាធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋខ្លួនឯង៕