សៀមរាបៈ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្រុងសៀមរាប ដោយយុទ្ធនាការនេះ នឹងរួមចំណែកធ្វើឱ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់ ពីផលិតផលខ្មែរ និងគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាព។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបនាខែក្រោយ។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។
លោកស្រី កែវ មុំ ម្ចាស់សិប្បកម្មផលិតនំស្រួយលីលី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ ខែមករា ថា ផលិតផលនំស្រួយលីលីរបស់ក្រុមហ៊ុនលោកស្រី មិនដែលរំលងសូម្បីម្តង ក្នុងការចូលរួមយុទ្ធនាការទិញផលិតផលខ្មែរនេះ ទោះជាព្រឹត្តការណ៍នេះ រៀបចំនៅទីតាំងណាក៏ដោយ គឺតែងតែមានវត្តមានផលិតផលនំស្រួយលីលីក្នុងយុទ្ធនាការនោះជានិច្ច។
លោកស្រីបន្ថែមថា ការចូលរួមក្នុងយុទ្ធនាការ បានរួមចំណែកយ៉ាងច្រើន ដល់ការលើកស្ទួយផលិតខ្មែរ ព្រោះបច្ចុប្បន្ននេះ ផលិតផលនំស្រួយលីលី អាចនាំចេញទៅក្រៅប្រទេសបាន ដោយសារតែការដាក់តាំងបង្ហាញនៅតាមយុទ្ធនាការទាំងនោះដែរ។
លោកស្រីកែវ មុំបញ្ជាក់ថា៖ «នំស្រួយលីលី បានមានវត្តមាននៅលើទីផ្សារកម្ពុជា តាំងពីឆ្នាំ ២០០២ ហើយសព្វថ្ងៃនេះ យើងបាននាំចេញផលិតផលដែលមានគុណភាពរបស់យើងនេះ ទៅដល់ប្រទេសចំនួន១៣នៅលើពិភពលោក ដែលនេះក៏ដោយសារគុណភាព កេរ្តិ៍ឈ្មោះ នៃផលិតផលរបស់យើង ដែលគេស្គាល់តាមរយៈព្រឹត្តការណ៍ទាំងនេះដែរ។ ដូច្នេះ ខ្ញុំចង់លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលកែច្នៃក្នុងស្រុកទាំងអស់ ឱ្យចូលរួមយុទ្ធនាការមួយនេះ»។
អ្នកនាង ប៊ុន សៀង តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ក៏បានឱ្យដឹងដែរថា ក្នុងនាមជាអ្នកផលិតបន្លែផ្លែឈើនៅក្នុងស្រុក ដែលមានការទទួលស្គាល់គុណភាព និងស្តង់ដា ពីក្រសួងស្ថាប័នពាក់ព័ន្ធ ការចូលរួមយុទ្ធនាការនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែច្បាស់ពីរបៀបក្នុងការមើលបន្លែផ្លែឈើដែលមានគុណភាព និងសុវត្ថិភាពពិតប្រាកដ។
អ្នកនាងបានបន្ថែមថា យុទ្ធនាការនេះ ជាឱកាសរបស់អ្នកផលិត ក្នុងការជួបជាមួយអ្នកទិញដោយផ្ទាល់ ដោយអ្នកអាចពន្យល់ ណែនាំដល់អ្នកបរិភោគឱ្យបានកាន់តែច្បាស់លាស់ បង្កើនជំនឿទុកចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់ចូលរួមគាំទ្រផលិតផលខ្មែរ កាន់តែច្រើន។
តំណាងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិរូបនេះ បានអះអាងថា៖«កសិដ្ឋានដាំបន្លែផ្លែឈើរបស់យើង មានបំណងចូលរួមយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ នាខែកុម្ភៈខាងមុខនេះ ដើម្បីបង្ហាញពីផលិតផលរបស់យើង ដែលជាផលិតផលមានស្តង់ដា មានការបញ្ជាក់គុណភាព ពីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលធានាដល់ការបរិភោគមិនប៉ះពាល់សុខភាព»។
សូមរំឭកថា កាលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ» លើកទី១៥ និង «យុទ្ធនាការទិញផលិតផលខ្មែរ» រដូវកាលទី៧ នៅខេត្តសៀមរាបផងដែរ។
ការរៀបចំនេះ ដើម្បីរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅតាមមូលដ្ឋាន ដោយបានផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ឱ្យផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ជាពិសេស គឺអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជា កំពុងអនុវត្តនូវរបបទីផ្សារសេរី ៕